ក្រៅពីបន្ថែមនូវរសជាតិដ៏ឆ្ងាញ់ពិសារ ផ្លែឈើមានផ្ទុកនូវកាឡូរីទាប និងមានផ្ទុកនូវវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមដទៃទៀត ដែលមានប្រយោជន៍ចំពោះសុខភាព។ ក្រៅពីនេះ ផ្លែឈើក៏មានសមត្ថភាព ជួយយើងឲ្យក្មេងជាងវ័យ មានថាមពលខ្លាំងក្លា ការពារជំងឺ និងបង្កើនសម្រស់ទៀតផង។
ថ្ងៃនេះដែរ ខ្មែរសារិកា សូមនាំមកជូនប្រិយមិត្តនូវផ្លែឈើចំនួនប្រាំប្រភេទ ជាមួយនឹងអត្ថប្រយោជន៍រៀងៗខ្លួននៃផ្លែឈើទាំងនោះ៖
១- ផ្លែប៉ោម - ព្យាបាលបញ្ហាសក់
អ្នកប្រហែលជាធ្លាប់បានអាននូវអត្ថបទដែលនិយាយថា ផ្លែប៉ោមអាចការពារជំងឺបេះដូង ដែលខ្មែរសារិកាធ្លាប់បានចុះផ្សាយហើយមែនទេ? ប៉ុន្ដែពេលនេះ មិនត្រឹមតែជួយការពារជំងឺបេះដូងទេ ផ្លែប៉ោមក៏អាចជួយព្យបាលបញ្ហានៅលើសរសៃសក់របស់អ្នកបានផងដែរ។
យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា សារធាតុប៉ូលីផេណុល ឬប្រូស៊ីយ៉ានីឌីន B-2 ដែលមាននៅក្នុងផ្លែប៉ោម អាចជួយជម្រុញឲ្យសក់មានការលូតលាស់ និងព្យាបាលបញ្ហាអង្គែរបានទៀតផង។
២- ស្រ្ដប៊ើរី - ព្យាបាលមុនផ្លែស្រ្ដប៊ើរី ត្រូវបានគេរកឃើញថា អាចព្យាបាលបញ្ហាដែលកើតនៅលើស្បែករបស់យើងបានផងដែរ នោះគឺជំងឺមុន។ ផ្លែនេះមានផ្ទុកទៅសារធាតុ អាស៊ីតអាល់ហ្វា ហ៊ីដ្រូស៊ី ដែលជាធាតុផ្សំដែលអាចកំចាត់កោសិកាស្បែកដែលស្លាប់។ ស្រ្ដប៊ើរី មានសារធាតុប្រឆាំងនឹងជំងឺមុនយ៉ាងខ្លាំងក្លា ដែលអាចកំចាត់ចោលនូវជំងឺមុន (ជាពិសេស គឺមុនដែលកើតនៅលើមុខ) ដែលធ្វើឲ្យស្បែកលោកអ្នករលោងភ្លែថ្លា គួរឲ្យចង់ស្ទាបអង្អែល។
៣- ផ្លែម្នាស់ - ធ្វើឲ្យឆ្អឹងរឹងមាំ
ការបន្ថែមនូវផ្លែម្នាស់ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង អាចជួយឲ្យឆ្អឹងរបស់យើងរឹងមាំ ដោយសារផ្លៃម្នាស់មានផ្ទុកនូវ ម៉ាហ្កាណេស ដែលជាសារធាតុរ៉ែម្យ៉ាងដែលអាចជួយពង្រឹងឆ្អឹងក្នុងខ្លួនរបស់យើងបាន។
ការផឹកទឹកផ្លែម្នាស់ គឺជាវិធីល្អបំផុត ក្នុងការជួយឲ្យឆ្អឹងលូតលាស់បានល្អនៅវ័យក្មេង នឹងជួយឲ្យឆ្អឹងរឹងមាំនៅពេលអ្នកចាស់ទៅ។
៤- ទំពាំងបាយជូរ - ការពារជំងឺភ្នែក
ផ្លែទំពាំងបាយជូរ ត្រូវបានគេចាត់ទុកថាជាម្ចាស់ក្សត្រីនៃផ្លែឈើ ដោយសារតែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឈ្មោះថា proanthocyanidins ដែលជួយដល់ភ្នែក។ ការស្រាវជ្រាវបានបង្ហាញថា ផ្លែទំពាំងបាយជូរ អាចជូយឲ្យភ្នែកមើលឃើញច្បាស់ កាត់បន្ថយការឈឺភ្នែក និងការពារជំងឺភ្នែកឡើងបាយបានទៀតផង។ ទឹកទំពាំងបាយជូរ ក៏អាចជួយបំបាត់ស្នាមរង្វង់ខ្មៅក្រោមភ្នែកបានផងដែរ។
៥- ផ្លែគូលែន - បង្កើនថាមពល
ផ្លែគូលែននេះ បើបកពីភាសាចិនវិញ មានន័យថា អំណោយនៃជីវិតដែលរីករាយ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ វាក៏ផ្លែឈើបង្កើនថាមពលក្នុងរាងកាយយើងផងដែរ។ អ្នកអាចប្រើវា ដើម្បីជំនួសឲ្យភេសជ្ជៈកីឡាបង្កើនថាមពលបាន។ វាជួយឲ្យរាងកាយរបស់យើងរឹងមាំ ជួយបន្សុទឈាម និងការពារជំងឺស្រ្ដូកបានទៀតផង។
សរុបមកវិញ ផ្លែឈើទាំងអស់សុទ្ធតែមានប្រយោជន៍របស់វារៀងៗខ្លួន ដូច្នេះអ្នកអាចចាប់ផ្ដើមញ៉ាំវាចាប់ពីឥលូវនេះ ឬបន្តញ៉ាំវាតទៅទៀត ដើម្បីទទួលបាននូវសុខភាពល្អ!