ជំងឺមហារីកគឺជាឃាតករដ៏កំពូលមួយក្នុងចំណោមឃាតករសាហាវជាច្រើនទៀត ដូចជាជំងឺបេះដូងជាដើម។ ប៉ុន្ដែទោះបីជាសាហាវយ៉ាងណាក៏ដោយ ក៏ជំងឺមួយនេះ អាចត្រូវបានទប់ស្កាត់បាន តាមរយៈវិធីសាស្រ្តសាមញ្ញងាយៗមួយចំនួន។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ដទាំង៥ ដែលអ្នកអាចចាប់ផ្ដើមធ្វើពីឥលូវនេះទៅ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់នៃការកើតជំងឺមហារីក៖
១- ឈប់ជក់បារី
យោងតាម The American Cancer Society បានបញ្ជាក់ឲ្យដឹងថា ច្រើនជាង៣០ភាគរយនៃអ្នកស្លាប់ដោយសារមហារីក គឺជាអ្នកដែលជក់បារី។ មិនត្រឹមតែមហារីកសួតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចកើតនូវមហារីកមាត់, មហារីកក្រលៀន, មហារីកផ្លោកនោម, មហារីកបំពង់អាហារ និងមហារីកដទៃទៀតដែល
ទាក់ទងនឹងការជក់បារី។ ប៉ុន្ដែប្រសិនបើអ្នកតាំងចិត្តព្យាយាមឈប់ជក់បារីចាប់ពីថ្ងៃនេះតទៅ នោះគ្រោះថ្នាក់នៃការកើតជំងឺមហារីករបស់អ្នកនឹងកាត់បន្ថយបាន ពាក់កណ្ដាលក្នុងរយៈពេលក្រោម ១០ឆ្នាំ ។២- រក្សាទម្ងន់ឲ្យស្ថិតនៅកម្រិតស្តង់ដា
អ្នកអាចសាកសួរវេជ្ជបណ្ឌិតអំពីទម្ងន់ដែលត្រូវតាមស្ដង់ដាសុវត្ថិភាព។ ប៉ុន្ដែអ្នកក៏អាចដឹងខ្លួនឯងបានដែរ ពោលគឺសន្ទស្សន៍ម៉ាស់ក្នុងខ្លួនរបស់អ្នក (BMI) ត្រូវស្ថិតនៅកម្រិត ១៨,៥ ទៅ ២៤,៩។ ប្រសិនបើ BMI របស់អ្នកមានលើស ២៤,៩ វាអាចធ្វើឲ្យលោកអ្នកប្រឈមនឹងជំងឺមហារីក។
៣- កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតច្រើនហួសប្រមាណ អាចធ្វើឲ្យលោកអ្នកប្រឈមនឹងការកើតមហារីកសុដន់ និងមហារីកពោះវៀនធំ (ចំពោះស្រ្ដី)។ ព្យាយាមកាត់បន្ថយនូវគ្រឿងស្រវឹងឲ្យបានតិចតាមដែលអាចធ្វើទៅបាន នឹងធ្វើឲ្យលោកអ្នកមានកម្រិតហានីភ័យនៃជំងឺមហារីកទាប។
៤- លំហាត់ប្រាណ
ការហាត់ប្រាណពិតជាសំខាន់ណាស់ ព្រោះរោគមហារីកវាស្អប់នូវការហាត់ប្រាណនេះជាងអ្វីទាំងអស់។ The American Cancer Society បាននិយាយថា ការហាត់ប្រាណតែមួយមុខ អាចកាត់បន្ថយឱកាសនៃការកើតមហារីកពោះវៀនធំ បានរហូតដល់ ៣០ភាគរយ។ ការហាត់ប្រាណដែលល្អបំផុតក្នុងការទប់ស្កាតមហារីក គឺ ៣០នាទីក្នុងមួយថ្ងៃ, ៥ថ្ងៃក្នុងមួយសប្ដាហ៍។
៥- ញ៉ាំអាហារកែឆ្នៃឲ្យតិចតាមដែលអាចធ្វើទៅបាន
សារធាតុគីមីដែលប្រើនៅក្នុងការផលិតអាហារនាពេលបច្ចុប្បន្ននេះ អាចធ្វើឲ្យលោកអ្នកបាត់បង់នូវសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់ក្នុងការធ្វើឲ្យរាងកាយរបស់អ្នកមានសុខភាពល្អ។ អាហារដែលល្អបំផុត គឺអាហារដែលស្រស់ និងអាហារធម្មជាតិ ហើយគួរជៀសវាងអាហារដែលមានជាតិគីមី។