របាយការណ៍ពីការស្រាវជ្រាវថ្មីមួយបានបង្ហាញកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះថា ការទទួលទានសាច់ច្រើនពេក គឺមិនល្អចំពោះសុខភាពរបស់យើងនោះទេ។
ការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្ដមួយក្រុមមកពីសហរដ្ឋអាមេរិកនេះ បានរកឃើញថា ការទទួលទានសាច់ច្រើនហួសកម្រិត នឹងបង្កជាផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដែលមានទាំងការប្រឈមមុខនឹងហានីភ័យនៃជំងឺបេះដូង និងជំងឺមហារីកមួយចំនួនទៀត។ ដូច្នេះបើយើងកាត់បន្ថយការបរិមាណសាច់ដែលយើងទទួលទានប្រចាំថ្ងៃ នោះគឺដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺដ៏សាហាវទាំងពីរនេះដែរ។
របាយការណ៍នៃការស្រាវជ្រាវនេះ ក៏បានធ្វើឡើងដោយផ្អែកលើការស្រាវជ្រាវមុនៗផងដែរ។ យ៉ាងណាមិញ ការស្រាវជ្រាវនេះក៏បានបញ្ជាក់ពីចំណុចល្អនៃសាច់ផងដែរ ក្នុងនោះសាច់គឺជាប្រភពដ៏សំខាន់នៃប្រូតេអ៊ីន និងវីតាមីន នៅពេលដែលយើងទទួលទានវាក្នុងកម្រិតមួយសមល្មម មិនមែនច្រើនជ្រុលនោះទេ។ ប៉ុន្ដែការឲ្យបន្ថយជាតិសាច់ ឬក៏បរិភោគក្នុងបរិមាណមួយសមស្របនេះ គឺពិបាកណាស់សម្រាប់ជនជាតិអាមេរិក ព្រោះនៅសហរដ្ឋអាមេរិកមានការបរិភោគសាច់ច្រើនជាងគេ ដែលក្នុងនោះច្រើនជាងទ្វីបអ៊ឺរ៉ុបដល់ទៅ ៦០% ច្រើនជាងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជាយើងជាដើមចំនួន ៤០%។
ផលប៉ះពាល់ចំពោះសុខភាពនៃការបរិភោគសាច់ក្រហមច្រើន មានដូចជា កើនឡើងកូឡេស្ទេរ៉ូលដែលធ្វើឲ្យធាត់លើសទម្ងន់ ស្លាប់ដោយសារកើតជំងឺបេះដូង និងជំងឺមហារីក។
លោក McCullough ដែលជាអ្នកចូលរួមក្នុងការស្រាវជ្រាវនេះ បានលើកឡើងថា អ្នកដែលចូលចិត្តញ៉ាំសាច់ច្រើន គួរតែកាត់បន្ថយឲ្យបានពាក់កណ្ដាលនោះជាការល្អ (បរិមាណដែលណែនាំដោយអ្នកជំនាញគឺ ១៨អោន ក្នុងមួយសប្ដាហ៍)។
ក្រុមអ្នកជំនាញដដែលក៏បានណែនាំឲ្យមានការទទួលទានបន្លែ ផ្លែឈើឲ្យច្រើន ដើម្បីអាចកាត់បន្ថយសាច់បានច្រើនផងដែរ។