វីធី​សាស្រ្ដ​ ៦យ៉ាង ​ការ​ពារ​កុំ​ឲ្យ​ងងុយ​គេង​ពេល​ថ្ងៃ​!


ការ​មាន​អារម្មណ៍​ងងុយ​គេង​ពេលថ្ងៃ​ គឺ​ជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​បាន​ជួយប្រទះ​ ជា​ពិសេស​គឺ​សិស្ស​សាលា និង​អ្នក​ធ្វើ​ការ​។ អារម្មណ៍​ងងុយ​គេង​នេះ ធ្វើ​ឲ្យ​យើង​មិន​អាច​ផ្ដោត​អារម្មណ៍​រៀន ឬ​ធ្វើ​ការ​បាន​ល្អ​នោះ​ទេ ដែល​មាន​ពេល​ខ្លះ​គេង​លក់​នៅ​នឹង​តុ​ក៏មាន​នោះ​ដែរ​។ ការ​ងងុយ​គេង​នា​ពេល​ថ្ងៃ​ ឬ​ការ​អស់​កម្លាំង​ល្ហិត​ល្ហៃ​​នេះ គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា​ ការ​គេង​មិន​ទៀង​ម៉ោង មាន​សុខ​ភាព​មិន​ល្អ ញ៉ាំ​អាហារ​មិនទៀង​ពេល និង​ស្រ្ដេសជាដើម​។
តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជៀស​វាង​ការ​ងងុយ​គេង​ពេល​ថ្ងៃ​នេះ​បាន​?
ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​សាស្រ្ដ​​៦យ៉ាង ដែល​អាច​ជួយ​លោក​អ្នក​បាន​៖
១- គេង​ពេល​យប់​ឲ្យ​បាន​គ្រប់​គ្រាន់​ ៖ ការ​គេង​លក់​ស្រួលដោយ​គ្មាន​ការ​រំខាន​នា​ពេល​យប់​ ឲ្យ​បាន​ពី​៧ទៅ​៩ម៉ោង ក្នុង​មួយ​យប់​ គឺ​ពិត​ជា​ល្អ​ប្រពៃ​ណាស់​។ អ្នក​ត្រូវ​ចង​ចាំ​នូវ​ពាក្យ​មួយ​ឃ្លា​ថា " ឆាប់​ចូល​គេង និង​ឆាប់​ភ្ញាក់​ពី​ដំណេក​" ។ ពិត​ណាស់​កា​រគេង​ច្រើន​ពេក ក៏​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​ ឬ​ការ​សិក្សា​បន្ថែម​នៅ​ផ្ទះ​របស់​អ្នក​ផង​ដែរ ប៉ុន្ដែ​បើ​អ្នក​អាច​ធ្វើ​វា​បាន នោះ​គ្មាន​ផ្លូវ​ដែល​អ្នក​ត្រូវ​អង្គុយ​ងោក​នៅក្នុង​ថ្នាក់​រៀន ឬ​នៅ​ការិយាល័យ​នោះ​ទេ​។
២- ឈប់​គេង​លេង​ពេល​ថ្ងៃ​ត្រង់​ ៖ ការ​គេង​ពេល​ថ្ងៃ​ត្រង់​ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គេង​ពេល​យប់​ផង​ដែរ​។ ប្រសិន​បើ​អ្នក​ចង់​គេង​ឲ្យ​បាន​លក់​ស្រួល​នៅ​ពេល​យប់ នោះ​អ្នក​គួរ​តែ​ជៀស​វាង​ការ​គេង​នៅ​ពេល​ថ្ងៃ​ត្រង់​។
៣- ជៀស​វាង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ច្រើន​ជ្រុល​ ៖ ការ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ឆ្អែត​ជ្រុល​ អាច​បង្កើននូវ​ចល​នា​ឈាម​រត់​ទៅ​កាន់ក្រពះ​ ហើយ​បន្ទាប​នូវ​ចលនា​ឈាមដែល​ផ្គត់​ផ្គង់​នៅ​ខួរ​ក្បាល ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ និង​ងងុយ​គេង ដូច្នេះ​អ្នក​គួរ​តែ​កុំញ៉ាំ​ច្រើន​ពេក​អី​​។
មួយ​វិញ​ទៀត ចំពោះ​អ្នក​ដែល​អង្គុយ​រយៈ​ពេល​យូរ គួរ​តែញ៉ាំ​អាហារ​ពេល​ល្ងាច​ឲ្យ​បាន​ ២ទៅ​បីម៉ោង មុន​នឹង​ចូល​គេង ព្រោះ​វា​នឹង​ផ្ដល់​ឲ្យ​រាង​កាយ​របស់​អ្នក​រំលាយ​អាហារ​បាន​ល្អ ហើយនឹង​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។
៤- ធ្វើ​លំហាត់ប្រាណ ៖ ដូច​ដែល​លោក​អ្នក​បាន​ដឹង​ហើយ​ថា ការ​ហាត់ប្រាណ​ពិតជា​សំខាន់​ណាស់​ចំពោះ​រាង​កាយ​របស់​យើង​ម្នាក់​ៗ​។ ចូរ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ ដោយ​ស្ដាប់​នូវ​តន្រ្ដី​ពិរោះ​ៗ ហើយ​ធ្វើ​ការ​រត់​ហាត់​ប្រាណ​ជុំវិញ​ផ្ទះ​របស់​អ្នក​។ ស្ដាប់​ចម្រៀង​បណ្ដើរ​ រត់​តិច​ៗ​បណ្ដើរ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ​ជាក់​ជា​មិន​ខាន​។
៥- រៀប​ចំ​កន្លែង​ធ្វើ​ការ​របស់​អ្នក​ឲ្យ​បាន​ស្អាត​ ៖ ការ​ធ្វើ​ការ​នៅ​កន្លែង​ដែល​គួរ​ឲ្យ​ធុញទ្រាន់ គ្មាន​សណ្ដាប់​ធ្នាក់ ក៏​នឹង​មិន​អាច​ជម្រុញ​ឲ្យ​អ្នក​មាន​ទឹក​ចិត្ត​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ដែរ ដូច្នេះ​អ្នក​គួរ​រៀប​ចំកន្លែង​ធ្វើការ​របស់​អ្នក​ឲ្យ​មាន​របៀប​រៀប​រយ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ជ្រះ​ថ្លា មិន​ស្ពឹក​ស្រពន់​។
៦- លុប​មុខ និង​ទំពារ​ស្ករ​កៅស៊ូ ៖ ប្រសិន​បើ​អ្នក​ទំនេរ​ពី​ការងារ ឬ​ដល់​ម៉ោង​សម្រាក​ពី​សិក្សា សូម​ធ្វើ​ការ​លុប​លាង​មុខ​របស់​អ្នក​ចេញ ជាមួយ​​នឹង​ទឹក​ត្រជាក់ៗ​។ ការ​ធ្វើ​បែបនេះ នឹង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ដែល​ល្ហិត​ល្ហៃ បើ​ក​ភ្នែក​លែង​ចង់​រួច​នោះ ត្រឡប់​មក​ជា​សកម្ម​ឡើង​វិញ​។ បន្ថែម​លើ​នេះ អ្នក​អាច​ទំពារ​ស្ករ​កៅស៊ូ ព្រោះវា​អាច​ជួយ​ឲ្យ​ខួរ​ក្បាលយើង​សកម្ម និង​គិត​បាន​លឿន​។
សរុបមក​វិញ កត្តា​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ងងុយ​គេង​នា​ពេល​ថ្ងៃ គឺ​ដោយ​សារ​តែ​អ្នក​គេង​ពេល​យប់​មិនគ្រប់​គ្រាន់​។ អនុវត្ត​តាម​វិធី​ខាង​លើ​ទាំង​៦ នោះអ្នក​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ហើយ​។ ប្រសិន​បើ​អ្នក​មាន​វិធី​អ្វី​ផ្សេងទៀត​​ សូម​ចែក​ជូន​ជា​បទ​ពិសោធន៍​ដល់​អ្នក​ដទៃ​តាម​រយៈ​ ប្រអប់​ផ្ដល់​យោបល់​ខាង​ក្រោម​!




Related posts





Share/Bookmark