ប្រសិនបើអ្នកជួបប្រទះនូវបញ្ហានឿយហត់ញឹកញាប់ មិនឃ្លានចំណីរ ឈឺក្បាល អារម្មណ៍មិននឹងនរ គេងមិនលក់ នោះលោកអ្នកកំពុងតែជួបប្រទះនូវអារម្មណ៍ស្រ្ដេសន៍ (Stress) ហើយ។ ថ្ងៃនេះដែរ ខ្មែរសារិកា សូមនាំមកជូនលោកអ្នកនូវយុទ្ធសាស្រ្ដលឿនបំផុត និងមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងអារម្មណ៍ស្រ្ដេសន៍នេះ។
នេះគឺជាវិធីសាស្រ្ដចំនួន៦ ដែលអាចជួយលោកអ្នករំសាយអារម្មណ៍តានតឹង តប់ប្រមល់នេះបាន ទាំងនៅកន្លែងធ្វើការ ទាំងនៅផ្ទះ ៖
១- ការតាំងសមាធិ៖ ការតាំងសមាធិ បានក្លាយទៅជាវិធីក្នុងសម័យថ្មីនេះ សម្រាប់វាយប្រហារ ស្រ្ដេសន៍។ ការតាំងសមាធិ អាចជួយបន្ធូរបន្ថយនូវអារម្មណ៍លោកអ្នកឲ្យធូរស្រាល និងជួយបេះដូងឲ្យលោតក្នុងអត្រាមួយត្រឹមត្រូវ។
២-បណ្ដែតបណ្ដោយ ឬផ្ដេកផ្តួលតាមវិញ្ញាណ៖ វិធីលឿនបំផុត ដើម្បីលុបបំបាត់អារម្មណ៍ស្រ្ដេសន៍ គឺការបណ្ដែតបណ្ដោយតាមអារម្មណ៍ ដោយប្រើវិញ្ញាណរបស់លោកអ្នក។ វិញ្ញាណដែលលោកអ្នកអាចប្រើបាន អាចមានដូចជាការមើលនឹងភ្នែក ស្ដាប់នឹងត្រចៀក ស្រង់រសជាតិ ស្រង់ក្លិន ចាប់កាន់ ឬក៏ការធ្វើចលនារាងកាយ។ អ្នកអាចអង្គុយសម្រាកញ៉ាំសូកូឡា ឬអង្គុយមើលខ្សែភាពយន្តដែលអ្នកចូលចិត្ត ដែលទាំងនេះអាចជួយឲ្យលោកអ្នកបន្ធូរបន្ថយអារម្មណ៍បាន។
៣- ចែករំលែកជាមួយមិត្តភក្ដិ៖ ការបញ្ចេញនូវអារម្មណ៍ក្នុងបេះដូងរបស់អ្នកចេញមកក្រៅជាមួយនឹងមិត្តភក្ដិដ៏ល្អរបស់លោកអ្នក ក៏អាចជួយកាត់បន្ថយស្រ្ដេសបានដែរ។ ការនិយាយប្រាប់មិត្តភក្ដិដែលពូកែស្ដាប់ ឬមិត្តភក្ដិណាដែលមានឆន្ទៈក្នុងការចំណាយពេលស្ដាប់អ្នកដោយអារម្មណ៍អត់ធ្មត់។
៤- សើច៖ ការសើចចេញពីក្នុងចិត្តចេញមកក្រៅគឺជាឱសថមួយដ៏ល្អបំផុត សម្រាប់បន្ធូរបន្ថយអារម្មណ៍តានតឹង និងការព្រួយបារម្មណ៍។ ស្រ្ដេសន៍អាចនាំទៅដល់ការរឹតតឹងណែនសាច់ដុំ ដែលធ្វើឲ្យកាត់បន្ថយនូវការផ្គត់ផ្គង់អុកស៊ីហ្សែន ដូច្នេះ អ្នកត្រូវសើចដើម្បីឲ្យខួរក្បាលរបស់អ្នក គេចចេញពីភាពស្រ្ដេសន៍។
៥- ដកដង្ហើមវែងៗ មួយៗ (ហាត់ប្រាណដង្ហើម)៖ នេះក៏ជាតិចនិចនៃការគ្រប់គ្រងស្រ្ដេសន៍មួយដ៏ល្អផងដែរ។ ស្រ្ដេសន៍ ប្រសិនបើអ្នកមិនបញ្ឈប់វាភ្លាមៗទេ វាអាចឈានទៅដល់ការស្រេ្ដសន៍រ៉ាំរ៉ៃ ត្រាំត្រែងបាន។ ការដកដង្ហើម ឬហៅម្យ៉ាងថាការហាត់ប្រាណដោយដកដង្ហើម អាចជួយបញ្ឈប់ស្រេ្ដសន៍បាន ហើយនាំឲ្យបេះដូងលោកអ្នក លោតក្នុងល្បឿនមួយធម្មតា និងធ្វើឲ្យអារម្មណ៍អាចសម្រាក ឬស្រាកស្រានបាន។
៦- រៀបចំគម្រោងសកម្មភាព៖ គម្រោងសកម្មភាពនេះ គឺសំដៅទៅលើសកម្មភាពកំសាន្ត លម្ហែរអារម្មណ៍។ នៅចន្លោះពេលទំនេរពីការងារ អ្នកអាចរៀបចំផែនការចេញក្រៅជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារ ដើម្បី បំភ្លេចនូវអារម្មណ៍ភ័យព្រួយ តានតឹង តប់ប្រមល់ ឬហៅដោយខ្លីថា ស្រ្ដេសន៍នោះ។