ការងាកមកទទួលទានអាហារសរីរាង្គ ដូចជាបន្លែ និងផ្លែឈើដែលគ្មានជាតិគីមី អាចជួយលោកអ្នកឲ្យមានសុខភាពល្អ និងមានអាយុវែង។ ក្រុមអ្នកជំនាញ បានអះអាងថា អាហារសរីរាង្គ អាចជួយពន្យារអាយុនៃការរស់នៅបានយូរជាងមុន ពោលគឺ ២៥ថ្ងៃសម្រាប់បុរស និង១៧ថ្ងៃសម្រាប់នារី។ ប៉ុន្ដែអ្នកស្រាវជ្រាវទាំងនោះ ក៏បានលើកឡើងដែរថា មានអ្នកខ្លះអាចបន្ថែមអាយុបានដល់ទៅ ពីរបីឆ្នាំ ឬក៏ដល់៥ឆ្នាំក៏មានដែរ។
ការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យញូវខាសលនៃប្រទេសអង់គ្លេសនេះ ក៏បានរកឃើញផលប្រយោជន៍ដទៃទៀតនៃអាហារសរីរាង្គផងដែរ ដូចជាជួយថែរក្សាសុខភាពទូទៅ ជួយដុតបំផ្លាញកាឡូរីដែលមិនធ្វើឲ្យធាត់ជ្រុលទៀតផង។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញនូវសារធាតុ
មេតាបូលីត និងវីតាមីនសេ នៅក្នុងបន្លែ ផ្លែឈើ ដែលមិនប្រើជីគីមី។ សារធាតុ មេតាបូលីតនេះអាចជួយជម្រុញនូវប្រព័ន្ធភាពស៊ាំ និងការពាររាងកាយរបស់លោកអ្នក ពីរ៉ាឌីកាល់ដែលបំផ្លាញកោសិកាផងដែរ។លើសពីនេះទៀត អាហារសរីរាង្គ មានផ្ទុកនូវសារធាតុដែលអាចប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូងបានទៀតផង ដូចជាសារធាតុ phenolics, tannins, flavanones, carotenoids និងសារធាតុកំចាត់ភាពធាត់គឺ resveratrol។
លោកវេជ្ជបណ្ឌិត Kirsten Brandt ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាសាស្រ្ដាចារ្យសុខភាព និងគុណភាពចំណីរអាហារ បាននិយាយថា របកគំហើញនេះ បានបង្ហាញថា អាហារសរីរាង្គជួយធ្វើឲ្យលោកអ្នកកើនអាយុ រហូតដល់៥ឆ្នាំឯណោះ។
ចំណែកឯលោក Peter Melchett ដែលជាប្រធានសមាគមដំណាំសរីរាង្គ បាននិយាយដែរថា មានហេតុផលច្រើនណាស់ ដែលមនុស្សគួរជ្រើសរើសអាហារសរីរាង្គ ព្រោះវាថែមទាំងអាចជួយបរិស្ថាន សុខុមាលភាពសត្វ បានទៀតផង។