ក្រចកដៃរបស់យើងមានសារៈសំខាន់ណាស់ ប្រសិនបើគ្មានវានោះទេ នោះមនុស្សនឹងរស់នៅយ៉ាងវេទ្ទនា។ បើមនុស្សគ្មានក្រចកដៃទេនោះ យើងប្រហែលជាមិនអាចបកសំបកផ្លែឈើបានទេមើលទៅ ហើយនៅពេលអ្នករមាស់តើអ្នកបានអ្វីសម្រាប់អេះ។ តើអ្នកនឹងយកអ្វីសម្រាប់ហែករបស់ផ្សេងៗដូចជាថង់មីជាដើម? ជាមួយនឹងប្រយោជន៍ដ៏ច្រើនរបស់ក្រចកដៃ តើអ្នកដឹងថាក្រចកដៃរបស់អ្នកកើតមកពីពេលណាទេ?
តើនៅពេលណាដែលក្រចកដៃមាននៅលើម្រាមដៃរបស់មនុស្សយើង?
បើតាមការសិក្សាស្រាវជ្រាវរបស់ សកលវិទ្យាល័យនៅ ហ្វ្លរីដា បានបញ្ជាក់ពីភស្តុតាងដ៏ចំណាស់មួយ នៃក្រចកដៃរបស់សត្វមួយប្រភេទដែលមានអាយុប្រហែលជា ៥៥,៨លានឆ្នាំមកហើយ សត្វនេះគឺជាពូជនៃសត្វ Teilhardina brandti គឺជាសត្វម្យ៉ាងដែលមានរាងដូចសត្វស្វា ហើយវាត្រូវបានផុតពូជបាត់ទៅហើយ ហើយអ្វីដែលអស្ចារ្យនោះ ក្រុមអ្នកស្រាវជ្រាវនោះបានរកឃើញថា សត្វនេះវាប្រើ ក្រចកដៃរបស់វា សម្រាប់តោងពីមែកឈើមួយ ទៅមែកឈើមួយទៀត ហើយក្រចកដៃរបស់វាក៏អាចប្រើសំរាប់បកសំបកផ្លែឈើ និងហែករបស់ផ្សេងៗទៀតផងដែរ។
ចុះការស្រាវជ្រាវនេះមានអ្វីអស្ចារ្យទៅ?
វាអស្ចារ្យត្រង់ថាគេបានរកឃើញក្រចកដៃរបស់សត្វ Teilhardina brandti ដែលមានទំរង់ និងរូបរាងដូចជាក្រចកដៃរបស់មនុស្សយើងនាសម័យបច្ចុប្បន្នដែរ។ នេះបញ្ជាក់ថា ក្រចកដៃដែលយើងមានសព្វថ្ងៃនេះមិនមែនទើបតែមានក្នុងរយៈពេលប៉ុន្មាន ពាន់ឆ្នាំចុងក្រោយនេះទេគឺវាមានតំាងពីយូរណាស់មកហើយ គឺប្រហែល ៥៥,៨លានឆ្នាំមុនឯណោះ។
នៅពេលអ្នកប្រើប្រាស់ក្រចកដៃរបស់អ្នកម្តងៗអ្នកគួរតែគិតពីសត្វ Teilhardina brandti ព្រោះថាវាអាចជាសត្វមួយដែលបានផ្តល់ក្រចកដៃដល់អ្នក។