ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏សំខាន់ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៅព្រះរាជាណាចក្រកម្ពុជាយើង។ ពិធីបុណ្យនេះត្រូវ ប្រារព្ធធ្វើឡើងចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ខែដដែល ពោលគឺមានរយៈពេល១៥ថ្ងៃ។
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" បូកជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំ បាយជាដុំៗដែលយើងហៅថា "បាយបិណ្ឌ") ។ កាលពីដើមឡើយ ភ្ជុំបិណ្ឌត្រូវបានធ្វើឡើងរយៈពេល ៣ខែ ដោយសារតែបីខែនេះជាខែភ្លៀង ដែលធ្វើឲ្យព្រះសង្ឃពិបាកក្នុងការបិណ្ឌបាត្រ។ ប៉ុន្ដែរយៈកាលក្រោយមក ដោយសារតែលក្ខខណ្ឌសង្គមមានការផ្លាស់ប្ដូរ បានធ្វើឲ្យពិធីបុណ្យនេះត្រូវបានកាត់ខ្លីទៅៗពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់១៥ថ្ងៃដូចសព្វថ្ងៃ។
ហេតុអ្វីចាំបាច់ប្រារព្ធពិធីនេះឡើង? បើតាមវីគីភីឌាខ្មែរ បានឲ្យដឹងថា មូលហេតុដែលគេប្រារព្ធពិធីនេះឡើង គឺ៖
១- ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
២- ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
៣- ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំងប្រទេសកម្ពុជា។
ក្រៅពីមូលហេតុទាំងបីនេះ ប្រជាជនខ្មែរទូទៅ បានដឹងថា ពិធីនេះគឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។
ជាចុងក្រោយ ខ្មែរសារិកាសូមបញ្ជាក់ពីប្រវត្តិបុណ្យនេះវិញម្ដង៖
មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ (វីគីភីឌាខ្មែរ)។