ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសបានរកឃើញថា ស្រ្ដីដែលមានកម្ពស់ខ្ពស់ គឺមានទំនាក់ទំនងនឹងហានីភ័យនៃជំងឺមហារីកចំនួន ១០ប្រភេទ ច្រើនជាងស្រ្ដីដែលមានកម្ពស់ទាប។
ចំពោះអ្នកមានកម្ពស់ចាប់ពី ១,៦២ម៉ែត្រឡើងទៅ មានហានីភ័យនៃការកើតជំងឺមហារីកចំនួន ១៦ភាគរយ ហើយបើអ្នកខ្ពស់ជាងនេះ ១០សង្ទីមែត្រ (១,៧២) នឹងកើន១៦%ទៀត ពោលគឺរាល់ការកើន ១០សង្ទីមែត្រគឺស្មើនឹងការកើនហានីភ័យ ១៦%ដែរ។
ការស្រាវជ្រាវនេះធ្វើឡើងចំពោះស្រ្ដីច្រើនជាងមួយលាននាក់ (១,៣លាននាក់) មុនពេលដែលក្រុមអ្នកស្រាវជ្រាវជំងឺមហារីកនៃចក្រភពអង់គ្លេសរកឃើញបែបនេះ។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី នេះមិនមែនជាព័ត៌មានសម្រាប់បំភ័យស្រ្ដីខ្ពស់ៗនោះទេ គឺគ្រាន់តែជាលទ្ធផលនៃការស្រាវជ្រាវប៉ុណ្ណោះ។
ជំងឺមហារីកដែលទាក់ទងនឹងកម្ពស់របស់ស្រ្ដីនោះមាន ដូចជា មហារីកពោះវៀនធំ មហារីកចុងពោះវៀនធំ មហារីកដោះ មហារីកស្បួន មហារីកក្រលៀន និងមហារីកគ្រាប់ឈាមជាដើម។
យ៉ាងណាមិញ ការស្រាវជ្រាវនេះធ្វើឡើងតែចំពោះមនុស្សស្រីប៉ុណ្ណោះ ខណៈដែលក្រុមអ្នកស្រាវជ្រាវក៏បានអះអាងថា បុរសដែលមានកម្ពស់ខ្ពស់ ក៏មានទំនាក់ទំនងនឹងការកើតមហារីកដែរ។
លោកវេជ្ជបណ្ឌិត Jane Green ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះមកពីសាកលវិទ្យាល័យ Oxford បានប្រាប់សារព័ត៌មានថា ហេតុផលមិនទាន់ត្រូវបានរកឃើញនោះទេ ប៉ុន្ដែកម្ពស់ផ្ទាល់មិនបង្កជាជំងឺមហារីកនោះទេ តែវាប្រហែលជាអ្នកបង្កើតអ្វីមួយផ្សេងទៀត ដែលបណ្ដាលឲ្យកើតជំងឺមហារីក។ មានអ្នកវិទ្យាសាស្រ្ដជាច្រើន បានជឿថាពិតជាមានទំនាក់ទំនងគ្នាមែនរវាងកម្ពស់ និងជំងឺមហារីក ប៉ុន្ដែភស្ដុតាងនៅតែមិនទាន់រកឃើញ។
ទោះជារកឃើញយ៉ាងនេះក្ដី ក្រុមអ្នកស្រាវជ្រាវបាននិយាយថា មនុស្សដែលខ្ពស់ៗ (ជាពិសេសមនុស្សស្រី) មិនចាំបាច់ភ័យខ្លាចនឹងលទ្ធផលនេះទេ។ ហានីភ័យពិតជាមានមែនចំពោះអ្នកមានកម្ពស់លើសកម្ពស់មធ្យម ប៉ុន្ដែវាមិនច្រើននោះទេ។