មានមនុស្សភាគតិចណាស់ដែលអាចក្រោកទ្បើងពីដំណេកភ្លាម មានកំលាំងធ្វើនេះធ្វើនោះភ្លាម។ សំរាប់មនុស្សភាគច្រើន ក្រោកទ្បើយហើយតែងតែដេកទៅវិញ ហើយក្រោកទ្បើងម្តងទៀត ទើបព្រមដើរទៅបន្ទប់ទឹក ទាំងភ្នែករបស់គេបើកមិនអស់នោះទេ គ្មានកំលាំងនៅក្នុងខ្លួន ហើយមិនចង់ធ្វើអ្វីនោះទ្បើយ។
នេះគឺជាទំលាប់អាក្រក់របស់មនុស្សភាគច្រើន ហើយវាធ្វើឲ្យអ្នកក្លាយជាសិស្សខ្ជិល ឬបើអ្នកធ្វើការវិញ មិនមែនជាមនុស្សរហ័សរហួនទេ។
វិធីទាំង ៦ ខាងក្រោមនេះអាចជួយឲ្យអ្នកកែទំលាប់នេះបានប្រសិនបើអ្នកធ្វើវាឲ្យបានខ្ជាប់ខ្ជួន។
វិធីទី ១ ពត់ខ្លួនមុនពេលចូលគេង និង នៅពេលដែលភ្ញាក់ពីដំណេក។ ពត់ខ្លួនធម្មតាទាញខ្លួនអ្នកឲ្យត្រង់ ឬក៏បត់មកឆ្វេង ក៏បាន ស្តាំក៏បាន ឬក៏អ្នកអាចពត់ខ្លួនតាមចង្វាក់ Yoga ក៏បាន។ នៅពេលដែលយើងពត់ខ្លួន វាធ្វើឲ្យយើងស្វាងពីដំណេក ហើយសសៃរបស់យើងក៏មានដំណើរការស្រួលដែរ។
វិធីទី ២ នៅពេលដែលអ្នកក្រោកបានបន្តិច អ្នកគួរធ្វើលំហាត់ប្រាណ ដើម្បីឲ្យឈាមរបស់អ្នករត់បានស្រួល ហើយនៅពេលដែលរាងកាយរបស់អ្នកទ្បើងកំដៅនោះ អារម្មណ៍របស់អ្នកក៏ស្វាងពីដំណេកដែរ។ ការរត់ ដើរយឺតៗ ឬក៏ធាក់កង់ គឺជាវិធីងាយៗសំរាប់អ្នក។ លោកអ្នកអាចលើកដុំដែកក៏បាន ឬក៏ធ្វើអ្វីតាមតែអ្នកចួលចិត្តដូចជា បោសផ្ទះ ឬបោកខោអាវក៏បាន សំខាន់ឲ្យតែរាងកាយអ្នកធ្វើចលនាទៅបានហើយ។
វិធីទី ៣ កាហ្វេ និងខ្លិនរបស់វាអាចធ្វើឲ្យលោកអ្នកស្វាងពីដំណេកដែរ តែកុំពិសារវាច្រើនពេក។ កាហ្វេ មួយកូនពែង គឺល្មមគ្រប់គ្រាន់សំរាប់អ្នកហើយ។
វិធីទី ៤ ផឹកទឹកឲ្យបានមួយកែវ។ ទឹកវាធ្វើឲ្យអ្នកត្រជាក់ចិត្ត ហើយជួយឲ្យអ្នកមានអារម្មណ៍ល្អ បាត់ស្អក ក ហើយវាជួយធ្វើឲ្យប្រព័ន្ធប្រាសាទរបស់អ្នកមានដំណើរការស្រួល។ អ្នកខ្លះគេនិយាយថាផឹកទឹកពីព្រឹកអាចជួយឲ្យក្រពះរបស់អ្នកចាប់ផ្តើមរំលាយអាហារ និងអាចធ្វើឲ្យអ្នកឆាប់ស្គមទៀតផង(មិនពិត ១០០%ទេ)។
វិធីទី ៥ ដាក់ចំរៀងពិរោះៗ នៅពេលអ្នកក្រោកពីដំណេក អ្នកអាចច្រៀងតាមបទដែលអ្នកចួលចិត្ត នោះវារឹតតែធ្វើឲ្យអ្នកស្វាងពីគេង ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងារអ្វីមួយ។
វិធីទី ៦ ងូតទឹក ជាវិធីដែលងាយបំផុត ហើយមានប្រសិទ្ធលឿនទៀតផង។ តែសួមកុំចោលការធ្វើលំហាត់ប្រាណ ព្រោះអ្នកត្រូវកំដៅជាមុនសិន ដូចអ្នកលេងបាល់ គេកំដៅសាច់ដុំអីចឹងដែរ។
ក្រោកពីដំណេកជារឿងមួយដែលលំបាក ហើយបើចង់ក្រោកភ្លាមមានកំលាំងភ្លាម គឺរឹតតែពិបាកជាងនេះទៀត។ បើអ្នកអាចកែរបាន វាជារឿងល្អប្រសើរណាស់។