ធ្វើដូច​ម្តេច​​ទើប​គេង​ឆាប់​លក់

ដំណេកគឺជាតម្រូវការដ៏ចាំបាច់មួយ ហើយក៏ជាទម្លាប់មួយផងដែរសំរាប់មនុស្សសត្វគ្រប់អាត្មា។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចបញ្ជារាងកាយរបស់ខ្លួនអោយគេងលង់លក់តាមចិត្តចង់បាននោះទេ យើងភាគច្រើនទទួលស្គាល់ថា យើងមានការលំបាកនឹងធ្វើអោយខ្លួនយើងគេងឆាប់លក់  ទោះបីយើងខំប្រឹងតាំងចិត្ត សម្រួលអារម្មណ៍ លែងគិតលែងខ្វល់ពីអ្វីៗទាំងអស់ក៏ដោយ ក៏នៅតែមិនអាចធ្វើអោយយើងគេងលក់ឡើយ ហើយការដែលគេងមិនលក់នេះ អាចផ្តល់ផលមិនល្អដល់សុខភាពរបស់យើង។ អត្ថបទខាងក្រោមនេះ ជួយផ្តល់យោបល់ដល់អ្នក អំពីបច្ចេកទេសក្នុងការគេងឆាប់លក់។ ក្នុងករណីអ្នកបានព្យាយាមសាកល្បងនូវបច្ចេកទេសទាំងនេះ ហើយនៅតែមានអាចគេងលក់ទៀត ហើយស្ថានភាពនេះនៅតែបន្តច្រើនថ្ងៃជាប់ៗគ្នា អ្នកគួរតែឆាប់ស្វែងរកជំនួយពីគ្រូពេទ្យជំនាញ។
  1. ពិនិត្យមើលរបបចំណីអាហាររបស់អ្នកឡើងវិញ៖ មានអាហារមួយចំនួនដែលអាចជាជំនួយដល់ការឆាប់ងុយគេងដូចជា ពពួកអាហារដែលមានសារជាតិកាបូនអ៊ីដ្រាតេ ចេក សណ្តែកដី ទឹកដោះគោ និង នំប៉័ងជាដើម។ អាហារទាំងនេះក៏មានផ្ទុកសារជាតិ ទ្រីតូផាន ដែលជាអ្នកបង្កើតជាតិមេឡាតូនីន ដែលជួយអោយយើងងុយគេង។ គួរជៀសវាងអាហារទាំងឡាយណា ដែលមានជាតិប្រូតេអុីនខ្ពស់ មានជាតិហិរ កាហ្វេ តែមុនពេលគេង និងជៀសវាងបរិភោគច្រើនជ្រុលមុនពេលគេង។ កុំចូលគេងទាំងឃ្លាន មិនទាន់បានញ៉ាំអ្វីចូលពោះ ពីព្រោះពេលយើងឃ្លានពិបាកនឹងគេងលក់ណាស់។
  2. ជៀសវាងការហាត់ប្រាណក្នុងរយះពេលបីម៉ោងមុនចូលគេង៖ បើអាចទៅរួចអ្នកគួរហាត់ប្រាណនៅពេលព្រឹកព្រលឹម ព្រោះវាជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយបានពេញមួយថ្ងៃ។ ការហាត់ប្រាណកៀកនឹងម៉ោងចូលគេង អាចធ្វើអោយយើងលែងងងុយគេង។
  3. ជៀសវាងការគេងថ្ងៃច្រើនពេក៖ គួរគេងថ្ងៃយ៉ាងយូរបំផុត ១៥ នាទី។ គេងថ្ងៃយូរពេកអាចធ្វើអោយអ្នកពិបាកគេងលក់នៅពេលយប់។
  4. កាត់បន្ថយស្ត្រេស ការបារម្ភ ភ័យ្រពួយ គិតច្រើន៖ បើអ្នកមានអាការៈទាំងនេះ គួតែជួបគ្រូពេទ្យផ្នែកចិត្តវិទ្យា ឬហាត់ប្រាណបែបយ៉ូហ្កាដើម្បីកាត់បន្ថយស្ត្រេស។
  5. ងូតទឹកក្តៅមុនចូលគេង៖ វិធីនេះក៏អាចជួយបានដែរ វាធ្វើអោយមានអារម្មណ៍ធូរស្បើយ។
  6. បង្កើតអោយមានទម្លាប់ធ្វើអ្វីមួយមុនចូលគេង៖ សាកល្បងទម្លាប់ធ្វើអ្វីមួយដដែល ជាប្រចាំមុនចូលគេងដូចជា អានសៀវភៅ ងូតទឹក សរសេរកំណត់ហេតុជាដើម។
  7. ចូលគេង និងភ្ញាក់ពីគេងអោយទៀងម៉ោង៖ ធ្វើរបៀបនេះជាប្រចាំ យូរទៅនឹងក្លាយជាទម្លាប់ ចង់មិនចង់ដល់ពេលអ្នកត្រូវគេង អ្នកប្រាកដជាមានអារម្មណ៍ថាងុយគេង។
  8. ជ្រើសរើសសំលៀកពាក់ណាដែលស្រួលស្លៀកពាក់៖ គួរស្លៀកពាក់សំលៀកបំពាក់ណាដែលមានលក្ខណៈរលុង ទន់ មិនស្កៀប មិនទើសទែង និងដែលធ្វើអោយអ្នកមានអារម្មណ៍កក់ក្តៅ។
  9. អាកាសធាតុសមល្មម៖ បើបន្ទប់អ្នកមានម៉ាស៊ីនត្រជាក់ គួរកំរិតសីតុណ្ហភាពអោយសមល្មមដែលអ្នកពេញចិត្ត មិនគួរដាក់អោយរងាត្រជាក់ពេកទេ។ ជាទូទៅសីតុណ្ហភាពសមស្របក្នុងការគេងគឺ ២៦អង្សា។ ចំពោះអ្នកដែលគ្មានម៉ាស៊ីនត្រជាក់ ក៏គួរតែមានកង្ហារ (កង្ហារអគ្គីសនីក៏បាន កង្ហារធម្មជាតិក៏បាន)។
  10. ពន្លឺសមល្មម៖ បើអាចបិទអោយល្ងិតបានរឹតតែល្អ តែមានមនុស្សមួយចំនួនចូលចិត្តមានភ្លើងព្រឹមៗទើបគេងលក់ ។






    Related posts





    Share/Bookmark