ក្រុមអ្នកចិត្តវិជ្ជាបានព្រមានថា ចំនួនបុរសដែលមានភាពតានតឹងផ្លូវចិត្តបានកើនឡើង ដោយសារតែការផ្លាស់ប្ដូរផ្សេងៗក្នុងសង្គមលោកខាងលិច។
អត្ថបទមួយដែលចេញផ្សាយដោយទស្សនាវដ្ដីចិត្តវិជ្ជារបស់អង់គ្លេស បានសរសេរថា ការផ្លាស់ប្ដូរសេដ្ឋកិច្ច និងសង្គមនឹងធ្វើឲ្យបាត់បង់នូវភាពឲ្យតម្លៃលើខ្លួនឯងរបស់បុរស។
អ្នកនិពន្ធជាច្រើនបាននិយាយថា បុរសនឹងត្រូវតស៊ូជាមួយនឹងការបាត់បង់នូវភាពដើមរបស់ខ្លួន។ វេទិកាសុខភាពបុរស បានឲ្យដឹងថា អត្តសញ្ញាណដើមរបស់បុរស ត្រូវបានបាត់បង់នៅក្នុងកន្លែងការងារ។
លោកវេជ្ជបណ្ឌិត Boadie Dunlop មកពីសាកលវិទ្យាល័យវេជ្ជសាស្រ្ដ អ៊ីម៉ូរី បានថ្លែងថា ស្រ្ដីមានស្ទើរតែពីរដងលើសបុរសក្នុងការទទួលរងនូវសម្ពាធផ្លូវចិត្តនៅក្នុងជីវិត ប៉ុន្ដែឥលូវនេះគាត់ជឿជាក់ថាស្ថានភាពបែបនេះ បានផ្លាស់ប្ដូរហើយ។
គាត់បានលើកឡើងក្នុងន័យអវិជ្ជមានថា ការងារដើមរបស់បុរសដូចជា ការងារសាងសង់ ផលិតកម្ម ជាដើមត្រូវបានបាត់បង់ ដោយសារតែបច្ចេកវិជ្ជាមានការអភិវឌ្ឍ ឬមិនសូវមានការងារធ្វើនៅក្នុងប្រទេស។
ម៉្យាងវិញទៀត អត្ថបទមួយក៏បានបញ្ជាក់ដែរថា ចំនួនស្រ្ដីដែលបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យហាក់ដូចជាមានចំនួនច្រើនជាងបុរស ដែលធ្វើឲ្យចំនួនមេផ្ទះជាបុរសមានការកើនឡើងដែរ។
លោកវេជ្ជបណ្ឌិត Dunlop បាននិយាយទៀតថា បុរសនៅលោកខាងលិចនឹងជួបប្រទះនូវផ្លូវមួយដ៏លំបាកនៅក្នុងសតវត្សទី ២១នេះ ជាពិសេសបុរសដែលមានចំណេះដឹងទាប។ គាត់ជឿជាក់ថា បុរសទាំងនោះនឹងប៉ះពាល់សុខភាពផ្លូវចិត្តខ្លាំង ដោយសារការផ្លាស់ប្ដូរទាំងនេះ។
លោក Peter Baker ដែលជាប្រធាននៃវេទិកាសុខភាពបុរស ក៏បាននិយាយផងដែរថា ការងារគឺសំខាន់ណាស់សម្រាប់បុរស ការបាត់បង់ការងារគឺជាផលប៉ះពាល់ខ្លាំងបំផុតរបស់មនុស្សប្រុស ពីព្រោះតាំងពីដើមរៀងមកពួកគេមានតួនាទីជាអ្នកធ្វើការងារចិញ្ចឹមគ្រួសារ។
ចំណែកឯវេជ្ជបណ្ឌិត Cosmo Hallstrom ដែលជាអ្នកប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្តវិញ បានលើកឧទាហរណ៍ថា ប្រសិនបើបុរសចំណាយពេល ២០ឆ្នាំដើម្បីធ្វើការនៅរោងចក្រដែកថែប ហើយស្រាប់តែពេលមួយ រោងចក្រនោះបិទទ្វារ តើបុរសនោះអាចធ្វើអ្វីផ្សេងបានទៀត។ កាន់តែយ៉ាប់ជាងនេះទៅទៀត គឺនៅពេលដែលប្រពន្ធរបស់ខ្លួនចេញទៅធ្វើការ ហើយខ្លួនឯងដែលជាប្ដីនៅផ្ទះនោះ។
ចុងក្រោយលោក Peter Baker ដដែលប្រាប់ថា បុរសដែលរងផលប៉ះពាល់មានកាន់តែច្រើន ដូច្នេះពួកគេគួរតែត្រូវបានយកចិត្តទុកដាក់បន្ថែម ហើយយកពួកគេត្រលប់ទៅកន្លែងការងារវិញ។