កង្វក់​ខ្យល់​ ធ្វើ​ឲ្យ​ស្រ្ដី​កើត​កូន​មិន​គ្រប់​ខែ​


ស្រ្ដីមាន​ផ្ទៃពោះ​ទាំង​ឡាយ​ ចូរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​ពារ​ខ្លួនឲ្យ​បាន​ខ្លាំង​ក្លា​ ព្រោះ​ការ​សិក្សា​ចុង​ក្រោយ​មួយ​បាន​រក​ឃើញ​ថា កង្វក់​បរិយាកាស​ដោយ​សារ​ខ្យល់​កខ្វក់ អាច​ធ្វើឲ្យ​ស្រ្ដី​ដែល​រស់​នៅ​ទីក្រុង​ កើន​ឡើង​ហានីភ័យ​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ​ដល់​ទៅ ៣០ភាគ​រយ​។
ការស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​ចំពោះ​ទារក​ដែល​ទើប​កើត​ថ្មី​ចំនួន ១០ម៉ឺន​នាក់នេះ បាន​រក​ឃើញ​ថា សារធាតុ​គីមី​ពុល​ក្នុង​ខ្យល់​ ដែល​បង្ក​ឡើង​ដោយ​ផ្សែង​ឡានម៉ូតូក្នុង​តំបន់​ដែល​មាន​ចរាចរ​ច្រើន (ទីក្រុង) បាន​បំផ្លាញ​សុខ​ភាព​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ ក៏​ដូច​ជា​ម្ដាយ​ទារក​ផង​ដែរ​។
ខ្យល់​ដែល​កាន់​តែ​មាន​ជាតិ​ពុល​ច្រើន​បំផុត​នោះ គឺ​ខ្យល់​ក្នុង​ខែ​ត្រជាក់ មិន​មែន​ខែ​ក្ដៅ​នោះ​ទេ ហើយ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្ទ​ គឺ​ជា​តំបន់​ដែលមាន​ជាតិ​ពុល​ច្រើន​។
លោក​វេជ្ជ​បណ្ឌិត Beate Ritz មក​ពី​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា កង្វក់​ខ្យល់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ទំនាក់​ទំនង​នឹង​ការ​កើត​កូន​មុន​កាល​កំណត់ និង​ការ​កើត​កូន​ដែល​មិន​គ្រប់​ទម្ងន់​។ លទ្ធ​ផលនៃការ​សិក្សា​នេះ ​បាន​បង្ហាញ​ថា កង្វក់​ដែល​បណ្ដាល​ពី​ចរាចរ​តាម​ដង​ផ្លូវ គឺ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ ដូច្នេះ​ត្រូវ​តែ​ចេះ​ការ​ពារ​ខ្លួន។
នៅ​ក្នុង​ការ​សិក្សា​​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ព្រឹត្តបត្រ​សុខ​ភាព Environment Health នេះ បាន​ធ្វើ​ឡើង​ក្នុង​ទំហំ​យ៉ាង​ធំ​ ពោល​គឺ​ ទៅ​លើ​ទារក​ដល់​ទៅ ១០ម៉ឺន​នាក់​ នៅ​ឡូស​ អ៊ែន​ជើលែស ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០០៤​មក​។
ក្រោយ​ពី​មាន​ការ​សហការ​ពី​ក្រុម​​មន្រ្ដី​សុខា​ភិបាលក្នុង​តំបន់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ស្រូប​យក​ខ្យល់​កខ្វក់ ដែល​បង្ក​ឡើង​ដោយ​ផ្សែង​រថ​យន្ត​ បាន​បង្កើន​ហានីភ័យ​នៃ​ការ​កើតកូន​មុន​កំណត់ ដល់​ទៅ​៣០ភាគ​រយ​ឯ​ណោះ​។
មិន​ត្រឹម​តែ​ការ​សិក្សា​ដែល​រក​ឃើញ​បែបនេះ អ្វី​ដែល​យើង​គ្រប់​គ្នា​បាន​ដឹង​នោះ​គឺ​ ខ្យល់​កខ្វក់​នៅ​មាន​ផល​អាក្រក់​ជា​ច្រើន​ទៀត ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើគឺ​ត្រូវ​ចេះ​ការ​ពារ​ខ្លួន​។ ប្រសិន​បើ​យើង​ចេញ​ទៅ​ក្រៅ យើង​គួរ​ពាក់​ម៉ាស់ការពារ​ ព្រោះ​វា​អាច​ជួយ​ទប់​ស្កាត់​ខ្យល់​កខ្វក់​ទាំង​នោះ​បាន​ផង​ដែរ​។



Related posts





Share/Bookmark