ខណៈដែលការធាត់ពេក ឬធាត់លើសទម្ងន់មានគ្រោះថ្នាក់ចំពោះសុខភាព ការស្គមពេក ឬហៅថាស្បែកដណ្ដប់ឆ្អឹងនោះ ក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរ។
កាលពីសប្ដាហ៍មុននេះ ក្រុមអ្នកវិទ្យាសាស្រ្ដបានបង្ហាញឲ្យឃើញថា ហ្សែនមួយប្រភេទដែលមានឈ្មោះថា IRSI ដែលជាហ្សែនដែលធ្វើឲ្យមនុស្សមួយចំនួននៅតែស្គមរហូតនោះ គឺមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែមប្រភេទ២ រួមនិងជំងឺបេះដូងទៀតផង។
នេះគ្រាន់តែជាផ្នែកមួយនៃគ្រោះថ្នាក់ប៉ុណ្ណោះ ព្រោះនៅមានបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត ដែលបណ្ដាលមកពីការស្គមពេក ដូចជាការកើនអត្រាគ្រោះថ្នាក់នៃការកើតកូន (ប្រឈមនឹងការរលូតកូន) ជំងឺសួត អសមត្ថភាពផ្លូវភេទ (សម្រាប់បុរស) ជាដើម។
ដូច្នេះ តើធ្វើដូចម្ដេចទើបដឹងថាយើងមានទម្ងន់ក្រោមទម្ងន់ស្ដង់ដា ឬស្គមពេកនោះ?
ជាទូទៅ និងត្រូវបានទទួលស្គាល់ជាផ្លូវការនោះគឺការវាស់ពីកម្រិតសន្ទស្សន៍ម៉ាស់នៃរាងកាយ (BMI)។ ប្រសិនបើ BMI របស់លោកអ្នកទាបជាង ១៨,៥នោះលោកអ្នកស្គមក្រោមទម្ងន់ស្ដង់ដាហើយ (គណនា BMI គឺត្រូវយកទម្ងន់គិតជាគីឡូក្រាមរបស់លោកអ្នក ចែកជាមួយនឹងកម្ពស់គិតជាម៉ែត្រគុណនឹង២ ឧទាហរណ៍៖ ទំងន់៦៥គីឡូក្រាម កំពស់១,៧០ម៉ែត្រ ត្រូវយក ៦៥ចែកនឹង៣,៤០=១៩,១១ (៣,៤០បានមកពី១,៧០គុណនឹងពីរ))
ក្រុមអ្នកវិទ្យាសាស្រ្ដក៏បានរកឃើញដែរថា ការស្គមក្រោមទម្ងន់ ឬស្គមពេក រាងស្ល៊ីមខ្លាំងពេក គឺបានទាក់ទងនឹងការស្លាប់នៅអាមេរិកចំនួន ៣៤០០០នាក់ជារៀងរាល់ឆ្នាំ ខណៈដែលអ្នកស្លាប់ដោយសារការធាត់លើសទម្ងន់ចំនួន ១១២០០០នាក់។
ស្របពេលដែលមនុស្សស្រីដែលស្គម តែងតែត្រូវបានគេសរសើរថាមានសំណាងដោយមានរាងស្វ៊ែលស្អាត តែតាមពិតនេះមិនមែនជាសំណាងទាំងស្រុងនោះទេ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំឲ្យមនុស្សស្គម ជួបនៅបញ្ហាសុខភាពច្រើននោះគឺ អ័រម៉ូន។ មនុស្សស្គម អាចមានអ័រម៉ូនអូស្រ្ដូហ្សែន (Oestrogen) ខ្សោយ ដែលនេះជាអ័រម៉ូនដែលធ្វើឲ្យបុរស និងស្រ្ដីមានសុខភាពល្អ។
ការស្គមពេក ក៏ផ្សារភ្ជាប់ទៅនឹងការខ្វះខាតសារធាតុគីមីសំខាន់ៗ សម្រាប់ទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។
សរុបមកវិញ ការស្គមពេក អាចប្រឈមនឹងបញ្ហាជាច្រើនដូចជា ការបាក់ឆ្អឹង ជំងឺសន្លាក់ដៃជើង ជំងឺបេះដូង ការរលូតកូន ជំងឺសួត លទ្ធភាពបន្តពូជរបស់បុរសចុះខ្សោយ និងថែមទាំងបង្កឲ្យមានអារម្មណ៍តប់ប្រម៉ល់ផងដែរ (ការស្រាវជ្រាវបានរកឃើញថា មនុស្សដែលស្គម មានអត្រាតានតឹងផ្លូវចិត្តជាងអ្នកមានទម្ងន់ធម្មតា ឬអ្នកដែលធាត់)។