កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំបិល​ ដើម្បី​សុខ​ភាព​​!

ក្រុម​អ្នក​វិទ្យាសាស្រ្ដ​របស់​ចក្រភព​អង់​គ្លេស​បាន​រក​ឃើញ​ថា ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំបិល​ចំនួន១៥ភាគ​រយ​ នឹង​អាច​ជួយសង្រ្គោះ​ជីវិត​មនុស្ស​បាន​ ៨,៥លាននាក់​នៅ​ជុំវិញ​ពិភពលោ​ក​នៅ​ទសវត្ស​ក្រោយ​នេះ​។ ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ដដែល​នេះ​បាន​និយាយ​ថា អង្គការ​សហ​ប្រជា​ជាតិ (UN) ត្រូវ​តែធ្វើ​ការ​កាត់​អំបិលជា​អាទិភាព​ ដើម្បី​សុខ​ភាព​សាកល​។
របាយ​ការណ៍​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​​ចុះផ្សាយ​ក្នុង​ព្រឹត្តបត្រ British Medical នេះ បាន​​បញ្ជាក់​ថា​ ត្រូវ​តែ​មានការ​អនុវត្ត​ការ​កាត់​បន្ថយ​ចាប់​ពីពេល​នេះ​តទៅ ដោយ​គ្មាន​ការ​ពន្យា​ពេល​ទៀត​នោះ​ទេ​។ ប្រសិន​បើ​ធ្វើ​បែប​នេះមិន​អាច​ទៅ​រួច​ទេ សហគ្រាស​ផលិ​ត​ចំណីរ​អាហារ​គួរ​តែ​ធ្វើ​ការ​កាត់​បន្ថយ​កម្រិត​នៃ​​ការ​ប្រើ​ប្រាស់​អំបិល​ឲ្យ​បាន​។
អ្នក​វិទ្យាសាស្រ្ដ​ដែល​មក​ពី​សាកលវិទ្យាល័យ Warwick និង Liverpool នេះ​បាន​ថ្លែង​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា ក្រោយ​ពី​មាន​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំជក់ ការ​ណែនាំឲ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំបិល​ គឺ​ជា​អាទិភាព​ ក៏ដូច​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការ​បង្កើន​សុខុមាលភាព​របស់​មនុស្ស​។
ក្រុម​អ្នកស្រាវ​ជ្រាវ​ដដែល​បាន​និយាយ​ទៀត​ថា អំបិល និង​ជំងឺ​សម្ពាធ​ឈាម​ឈាម​ឡើង​ខ្ពស់​ គឺ​មានការ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​។ ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​នេះ គឺ​នឹង​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះ​ដូង ជំងឺដាច់​សរសៃ​ឈាមក្នុង​ខួរ​ក្បាល (ស្រ្ដូក) និង​បង្ក​ឲ្យ​មាន​បញ្ហា​ក្រលៀន​ទៀត​ផង​។ ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់ ពួ​កគេ​បាន​លើក​យក​សហរដ្ឋ​អាមេរិក​ជា​ឧទាហរណ៍ ដោយ​សារ​តែអាមេរិក​បានកាត់​បន្ថយ​អំបិល​បាន​មួយ​ភាគ​បី​ អាច​ជួយ​សង្រ្គោះ​ជីវិត​បាន​មួយ​ម៉ឺន​នាក់​ ហើ​យ​ក៏​ជួយ​កាត់​បន្ថយ​ចំណាយ​លើ​ថ្លៃ​សុខភាព​បាន​ ២៤ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៀត​ផង​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នកស្រាវ​ជ្រាវ​នេះ​ក៏​បាន​ធ្វើ​ការ​ព្រមានផង​ដែរ ថា​ការ​ពង្រីក​ចំណេះដឹង​ដល់​សហគ្រាស​ផលិត​ចំណីរ​អាហារ​អំពី​ការ​កាត់​បន្ថយ​អំបិល​នេះ គឺ​ជា​ការ​សំខាន់​ដែល​ត្រូវ​តែ​ធ្វើ​​។
សរុប​មកវិញ បើ​តាម​ការ​អះ​អាង​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដែល​ស្រាវ​ជ្រាវ​អំពីរឿង​នេះ ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក​ដែល​ប្រកាស​ឲ្យ​កាត់​បន្ថយ​អំបិល​នា​ពេល​កន្លង​មក យើ​ងម្នាក់​ៗ​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំបិលនៅក្នុង​ការ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ​ ដោយ​ត្រូវកាត់​បន្ថយ​ទម្លាប់នៃ​ការ​​ហូប​ប្រៃ​ឲ្យ​បាន​ ដើម្បី​សុខ​ភាព​យើង​ទាំង​អស់​គ្នា​។




Related posts





Share/Bookmark