តើអ្នកជឿទេថា ការសើច គឺជាឱសថដ៏ល្អបំផុត? ជាការពិតណាស់ ការសើចពិតជាមានប្រយោជន៍ចំពោះសុខភាពបេះដូងរបស់អ្នក។ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Maryland School of Medicin នៅរដ្ឋម៉ារីលែន សហរដ្ឋអាមេរិក បានរកឃើញថា ការសើចដោយចេញពីចិត្តជារៀងរាល់ថ្ងៃ អាចជួយបង្កើនមុខងារនៃសរសៃឈាមបាន។
ការស្រាវជ្រាវនេះបានបង្ហាញថា ការមើលរឿងកំប្លែង ឬកម្មវិធីទូរទស្សន៍ណាដែលកំប្លែង គឺពិតជាល្អចំពោះសុខភាព ហើយការសើចដោយចេញពីចិត្ត (មិនមែនសើចទាំងបង្ខំ ឬធ្វើជាសើចនោះទេ) មានភាពវិជ្ជមានចំពោះមុខងារនៃបេះដូង ខណៈដែលអារម្មណ៍ធុញទ្រាន់ ស្រ្ដេស ឬការមើលរឿងគួរឲ្យខ្លាច ធ្វើឲ្យសរសៃឈាមតឹងណែន ដែលអាចប៉ះពាល់ដល់មុខងារនៃបេះដូង ដែលជាទូទៅអាចឈានទៅដល់មានបញ្ហាបេះដូង។
នៅក្នុងការសិក្សានេះ លោកសាស្រ្ដាចារ្យ Michael Miller និងសហការីរបស់គាត់ បានធ្វើចាប់តាំងពីជាង១០ឆ្នាំមុនមកម្លេះ ហើយបានធ្វើការស្ទង់មតិទៅលើមនុស្ស ៣០០នាក់ ទាំងមាន និងគ្មានជំងឺបេះដូង។
ក្រោយពីធ្វើការសិក្សាអស់រយៈពេលជាយូររួចមក ក្រុមអ្នកស្រាវជ្រាវទាំងនេះបានរកឃើញថា អ្នកដែលចូលចិត្តមើលរឿងបែបរន្ធត់ ឬរឿងដែលស្រ្ដេស គឺមានសុខភាពមិនសូវល្អ ដោយសារតែការបន្ថយប្រព័ន្ធឈាមរត់។ ចំណែកឯក្រុមអ្នកដែលមើលរឿងបែបកំប្លែងវិញ មានភាពប្រសើរជាង ដោយសារតែសរសៃឈាមបានដំណើរការបានយ៉ាងល្អ។
ក្រោយពីវិភាគរួចមក ក្រុមរបស់លោក Miller បានរកឃើញថាមានភាពខុសគ្នានៃដំណើរឈាមរត់រវាង អ្នកដែលសើច និងអ្នកដែលមានអារម្មណ៍ស្រ្ដេសចំនួន ៣០ ទៅ៥០%។
មិនត្រឹមតែមានប្រយោជន៍ចំពោះបេះដូងប៉ុណ្ណោះទេ ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ដែរថា ការសើចគឺមានប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាផ្សេងទៀត នឹងត្រូវធ្វើឡើង ដើម្បីដឹងឲ្យកាន់តែច្បាស់ពីទំនាក់ទំនងនៃការសើច ជាមួយនឹងសុខភាពបេះដូង។