គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​មនុស្ស​ចូល​ពេទ្យ​កាន់​តែ​ច្រើន​


មនុស្ស​ជិត​១០០០នាក់​ បាន​ចូល​ពេទ្យ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​សារ​តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ ដែល​នេះ​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​រយៈ​ពេល​៥ឆ្នាំ​មុន​។ សូម​បញ្ជាក់​ថា ចំនួន​ជិត ១០០០នាក់នេះ គឺ​គ្រាន់​តែ​ជា​ការ​ស្រាវ​ជ្រាវ​នៅ​ប្រទេស​អង់គ្លេស​មួយ​ប៉ុណ្ណោះ មិន​ទាន់​គិត​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ​ផង​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​១,១លាន​នាក់​នៅ​អង់​គ្លេស​ បាន​ទទួល​ស្គាល់​ថា​ ពិត​ជា​បាន​ចូល​មន្ទីរពេទ្យ​ដោយ​សារ​តែ​ការ​ផឹក​គ្រឿង​ស្រវឹង ពោល​គឺ​កើនឡើង​២៥% ពី​៥ឆ្នាំ​មុន​។
នៅ​ក្នុង​ចំណោម​អ្ន​ក​ផឹក​ដ៏​ច្រើន​នេះ ទីក្រុង​លីវើភូល​ គឺ​ជា​ទីក្រុង​ដែល​សម្បូរ​អ្នក​ផឹក​ច្រើន​ជាង​គេ ពោល​គឺមាន​ដល់​ទៅ ៣១១៤នាក់ ក្នុង​ចំណោមមនុស្ស​១០ម៉ឺននាក់​នៅ​ក្នុង​ទីក្រុងនេះ​។
អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នៅ​អង់​គ្លេស​នោះគឺ​ ករណី​នៃ​អ្នក​ដែល​ផឹក​ដល់​ថ្នាក់​ចូល​ពេទ្យច្រើន​ជាង​គេ​ គឺ​ជា​ស្រ្ដី​មិន​មែន​ជា​បុរស​នោះ​ទេ​។ ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​ព្រមាន​ថា វប្បធម៌​នៃ​ការ​ជួប​ជុំគ្នា​ផឹក​ស៊ី ការលក់គ្រឿង​ស្រវឹង​ក្នុង​តម្លៃ​ថោក ហើយ​ងាយ​ស្រួល​រក​ គឺ​ជា​ការជួយ​បង្កើន​ឲ្យ​មានការ​ផឹក​គ្រឿ​ងស្រវឹង​ទាំង​នោះ​កាន់​តែ​ច្រើន​ឡើង​ៗ ហើយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​តាម​ផ្លូវ និង​បញ្ហា​ចូល​ពេទ្យ​ក៏​កាន់​តែ​ច្រើន​ផង​ដែរ​។
ទិន្នន័យ​ដដែល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ៧,៦ភាគ​រយ​នៃ​អ្នក​ផឹក​ទាំង​អស់​ ពេល​នេះ កំពុង​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់​សុខ​ភាព​ធ្ងន់​ធ្ងរ​ហើយ​ ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ស្លាប់​ដោយ​សារ​ជំងឺ​ថ្លើម​។
សរុប​មក​វិញ ចំនួន​អ្នក​ផឹក​គ្រឿង​ស្រវឹង​ មិន​មែន​កើន​ច្រើន​តែ​នៅប្រទេស​អង់​គ្លេស​នោះ​ទេ ពោល​គឺ​ស្រុក​ខ្មែរ​យើង​ក៏​មិន​ចាញ់​អង់​គ្លេស​ប៉ុន្មាន​ដែរ ដោយ​យើង​អាច​សង្កេត​មើល​តាម​ហាង​ផឹក​ស៊ី​ព្រោង​ព្រាត​នៅ​ទីក្រុង​ភ្នំ​ពេញ​ ក៏​ដូច​ជា​បណ្ដា​ខេត្ត​នានា​។​



Related posts





Share/Bookmark