មូលហេតុនៃការស្លាប់របស់មនុស្សមានច្រើនណាស់ ប៉ុន្ដែខាងក្រោមនេះ គឺជាកំពូលមូលហេតុទាំង១០ ដែលបានប្រល័យជីវិតមនុស្សអស់ច្រើនជាងគេ។ ខ្មែរសារិកាសូមយកមកបង្ហាញ ដោយមានប្រាប់ពីវិធីការពារដូចខាងក្រោម៖
១- ជំងឺបេះដូង
ជំងឺបេះដូងបានក្លាយខ្លួនជាឃាតករកំពូលទីមួយ ដែលបានសម្លាប់មនុស្សអស់រាប់លាននាក់ទូទាំងពិភពលោកក្នុងមួយឆ្នាំ។ គ្រាន់តែនៅសហរដ្ឋអាមេរិកមួយ ជំងឺនេះ បានឆក់យកជីវិតមនុស្សអស់ជាង ៦០ម៉ឺននាក់ក្នុងមួយឆ្នាំ ។ មូលហេតុដែលបណ្ដាលឲ្យកើតជំងឺបេះដូងរួមមាន ការធាត់ជ្រុល ការជក់បារី ការលើសឈាម ទឹកនោមផ្អែម និងមានកាឡូរីខ្ពស់។ ការកាត់បន្ថយកម្រិតកាឡូរី និងបន្ថយសម្ពាធឈាម នឹងធ្វើឲ្យកាត់បន្ថយគ្រោះថ្នាក់នៃជំងឺនេះបានផងដែរ។
២- ជំងឺមហារីក
មហារីកគ្រប់ប្រភេទទាំងអស់ បានដើរតួជាអ្នកសម្លាប់មនុស្សអស់ជាច្រើនផងដែរ។ នៅសហរដ្ឋអាមេរិក ជំងឺនេះ បានប្រល័យជីវិតមនុស្សអស់ប្រមាណ ៥៦ម៉ឺននាក់ក្នុងមួយឆ្នាំ។ មហារីកសំដៅទៅលើជំងឺដែលធ្វើឲ្យកោសិកាមិនអាចគ្រប់គ្រងការលូតលាស់ធម្មតាបាន។ ជំងឺមហារីកដែលសាហាវជាងគេសម្រាប់បុរសគឺ មហារីកក្រពេញប្រូស្ដាត និងមហារីកសួត។ ចំណែកឯស្រ្ដីវិញ គឺមហារីកដោះ បន្ទាប់មកគឺមហារីកសួត។ និយាយជារួម មហារីកសួតបានសម្លាប់មនុស្សច្រើនជាងគេ ទាំងបុរស និងស្រ្ដី។
៣- ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬស្រ្ដូក បានឈរនៅទីបីក្នុងចំណោមកំពូលឃាតករទាំង១០ ដែលរួមចំណែកសម្លាប់មនុស្សអស់ជាង ១៣ម៉ឺននាក់ក្នុងមួយឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក។ មូលហេតុដែលអាចបណ្ដាលឲ្យកើតជំងឺនេះ មានដូចជាការឡើងកម្រិតឈាមខ្ពស់ កាឡូរីខ្ពស់ ជំងឺបេះដូង ទឹកនោមផ្អែម ធាត់លើសទម្ងន់ ផឹកគ្រឿងស្រវឹង រួមនឹងការជក់បារី ។ ជំងឺនេះ ភាគច្រើន កើតឡើងចំពោះបុរសច្រើនជាងស្រ្ដី។ ការទទួលទានអាហារត្រឹមត្រូវ ការហាត់ប្រាណ ការរក្សាទម្ងន់កុំឲ្យធាត់ពេក គឺជាវិធីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺនេះ។
៤- ជំងឺផ្លូវដង្ហើម
ជំងឺនេះ គឺជាជំងឺដែលប៉ះពាល់ដល់ផ្លូវដកដង្ហើម និងសួត ដែលទទួលខុសត្រូវលើការស្លាប់របស់មនុស្សប្រហែលនឹងជំងឺស្រ្ដូកដែរ ពោលគឺវាបានឆក់យកជីវិតមនុស្សអស់ជាង ១២ម៉ឺននាក់ (គ្រាន់តែនៅសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ) ក្នុងមួយឆ្នាំ។ មូលហេតុចម្បងបំផុតនៃជំងឺនេះ គឺការជក់បារី។ បុរសដែលជក់បារីប្រឈមនឹងជំងឺនេះ ១២ដងលើសអ្នកមិនជក់បារី។ ដូច្នេះវិធីការពារគឺឈប់ជក់បារី និងមិនត្រូវស្រូបផ្សែងបារី។
៥- គ្រោះថ្នាក់
ខុសពីឃាតករកំពូលទាំងបួនដែលសុទ្ធតែជាជំងឺ ឃាតករទី ៥គឺ គ្រោះថ្នាក់។ គ្រោះថ្នាក់ចៃដន្យបានសម្លាប់មនុស្សអស់ជាច្រើនផងដែរ ដែលក្នុងនោះគ្រោះថ្នាក់ចម្បងគេបំផុតគឺ គ្រោះថ្នាក់ចរាចរ បន្ទាប់មកគឺគ្រោះថ្នាក់នៃការធ្លាក់ពីកន្លែងខ្ពស់ និងការពុល។ ទោះបីមិនអាចដឹងមុនក៏ដោយ ប៉ុន្ដែការប្រុងប្រយ័ត្នគ្រប់វិនាទី ក៏ អាចកាត់បន្ថយគ្រោះថ្នាក់បានច្រើនផងដែរ។
៦- ជំងឺសរសៃប្រសាទ
សរសៃប្រសាទ គឺជាជំងឺដែលធ្វើឲ្យមនុស្សមានបញ្ហាក្នុងការគិត បាត់ការចងចាំ ការនិយាយស្ដី និងធ្វើឲ្យពិបាកក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ។ ជំងឺនេះ ភាគច្រើនកើតលើមនុស្សចាស់ ដែលភាគច្រើនចាប់ពី៦០ឆ្នាំឡើងទៅ។ គ្រួសារដែលធ្លាប់មានប្រវត្ដិកើតជំងឺនេះ អាចប្រឈមនឹងជំងឺនេះខ្លាំងជាងអ្នកដទៃ ប៉ុន្ដែវាក៏មានវិធីការពារផងដែរ។ ការថែរក្សាខួរក្បាលកុំឲ្យស្មុគស្មាញច្រើនពេក ការហាត់ប្រាណ ក៏រួមចំណែកទប់ស្កាត់ផងដែរ។
៧- ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម ក៏ជាជំងឺមួយដ៏សាហាវមួយ ដែលបានសម្លាប់ជីវិតមនុស្សអស់មិនតិចជាងជំងឺកំពូលខាងលើប៉ុន្មាននោះទេ។ កត្តាដែលធ្វើឲ្យកើតជំងឺនេះ រួមមានការធាត់ជ្រុល អាយុចាស់ និងប្រវត្តិគ្រួសារដែលធ្លាប់កើតជំងឺនេះ។ ការហាត់ប្រាណឲ្យបានទៀតទាត់ និងការថែរក្សាទម្ងន់មិនឲ្យឡើងខ្លាំង អាចកាត់បន្ថយហានីភ័យនៃជំងឺនេះបានច្រើន។
៨- ផ្ដាសាយ និងរលាកសួត
ជំងឺពីរនេះ ត្រូវបានគេចាត់ថ្នាក់ដូចគ្នា ដោយសារវាមានអត្រាសម្លាប់មនុស្សប្រហាក់ប្រហែលគ្នា។ ផ្ដាសាយជាជំងឺ មានគ្រោះថ្នាក់ខ្លាំងចំពោះ ក្មេងៗ មនុស្សចាស់ និងស្រ្ដីមានផ្ទៃពោះ។ ចំណែកឯជំងឺរលាកសួត ភាគច្រើនកើតលើមនុស្សចាស់អាយុលើស៦៥ឆ្នាំ និងកុមារអាយុក្រោម ៥ឆ្នាំ ។ អនាម័យស្អាត គឺជាវិធីសាស្រ្ដដ៏ល្អ ក្នុងការការពារជំងឺផ្ដាសាយ។
៩- ជំងឺក្រលៀន
ការខូចខាតក្រលៀន ក៏បានសម្លាប់មនុស្សអស់ច្រើនផងដែរ។ មូលហេតុដែលរួមចំណែកឲ្យកើតជំងឺនេះ មានដូចជាជំងឺទឹកនោមផ្អែម និងការលើសឈាម។
១០- បាក់តេរីក្នុងសរសៃឈាម
ចុងក្រោមគេនេះ គឺជំងឺដែលមានបាក់តេរីនៅក្នុងសរសៃឈាម។ ការការពារជំងឺនេះ គឺមានតែមួយប៉ុណ្ណោះ គឺការចាក់វ៉ាក់សាំងការពារ។
សរុបមកវិញ ដើម្បីការពារកុំឲ្យឃាតករទាំងឡាយទាំងពួង អាចផ្ដាច់ជីវិតរបស់យើងបាន គឺត្រូវចេះការពារ តាមដានសុខភាពជាប្រចាំ និងត្រូវប្រុងប្រយ័ត្នខ្ពស់។