អំណោយ៥​យ៉ាងសម្រាប់លោកឪពុកក្នុង​ថ្ងៃ​ Father's Day


នៅ​ក្នុង​ទិវា​ដឹង​គុណ​ឪពុក​ (Father’s day) នៅ​ថ្ងៃ​នេះ​ ខ្មែរ​សារិកា​សូម​នាំមក​ជូន​លោក​អ្នក​នូវ​អំណោយ​ប្រាំ​យ៉ាង​សម្រាប់​ឪពុក​របស់​អ្នក ​ដែល​អ្នក​​មិន​ចាំ​បាច់​ចំណាយលុយ​ទិញ ប៉ុន្ដែថែ​ម​ទាំង​​​អាច​ជំនួយ​ខួរ​ក្បាល​របស់​គាត់ ឲ្យ​មាន​ការ​ចង​ចាំពី​អតីតកាល​ដែល​គាត់​បាន​ភ្លេច​ភ្លាំង​ដោយសារ​ឈាន​ចូល​វ័យ​ចាស់​ កាត់​បន្ថយ​ការ​ភ្លេ​ច​ភ្លាំ​ងដែល​គាត់​បាន​ជួប​ប្រទះ​ និង​អាច​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​​ទៀត​ផង​។
ខាង​ក្រោមនេះ គឺ​ជា​អំណោយទាំង​​ប្រាំ​ប្រភេទនោះ ​សម្រាប់​ឪពុក​របស់​លោក​អ្នក​ ដែល​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​មូល​របស់​លោក​អ្នក​មាន​ស្នាម​ញញឹម​ស្រស់​ស្រាយ​គ្រប់ៗ​គ្នា ជាពិសេ​ស​គឺឪពុក​លោក​អ្នក​តែ​ម្ដង៖
១-រំលឹក​អនុសាវរីយ៍​ពីអតី​តកាល​ជាមួយ​គាត់​: អ្នក​អាច​បង្កើត​នូវ​អាល់​ប៊ុម​រូប​ថត​ដែលនិយាយ​អំពី​ជីវិត​របស់​គាត់​ ដែល​មាន​ដូច​ជា​ពេល​ទៅ​ដើរ​លេង​ក្នុង​ក្រុម​គ្រួសារ ឬ​ពិធី​ផ្សេង​ៗ​ទៀត ដែល​មាន​គាត់​ចូល​រួម​។ ការ​ធ្វើ​បែបនេះ​នឹង​អាច​ឲ្យ​គាត់​នឹក​ឃើញ​នូវ​អតីតកាល​ដ៏​ល្អ​របស់គាត់ នឹង​ជា​វិធី​ដែល​ធ្វើ​ជួយ​ជំរុញ​គាត់​ឲ្យ​មាន​ការ​នឹក​ឃើញ​នូវ​អ្វី​ដែល​គាត់​បាន​ភ្លេចទៅហើយ​នោះ​។ ប្រសិន​បើ​អាច អ្នក​អាច​សួរ​គាត់​អំពី​រឿង​រ៉ាវ​ដែល​បាន​ឃើញ​នៅ​លើ​រូប​ថត​ទាំង​នោះ ឬ​ក៏​សួរ​គាត់​ទាក់​ទង​នឹង​បទ​ពិសោធន៍​ជីវិត​របស់គាត់​ជាដើម​។ អ្នក​ក៏​អាច​សុំ​ដំបូន្មាន​ពីគាត់​ អំពី​របៀប​ធ្វើ​ឲ្យ​គ្រួសារមួយ​មាន​សុភមង្គល ឬ​របៀប​ចិញ្ចឹម​បីបាច់​កូន​ចៅ​ជាដើម​។ អ្នក​ត្រូវ​ដឹង​ថា​ រោគ​ភ្លេច​ភ្លាំង ឬ​ ​បាត់​បង់​ការ​ចង​ចាំ​របស់​មនុស្ស​ចាស់ គឺ​ដោយ​សារ​តែ​មិនមាន​អ្នក​ណា​ម្នាក់​ជួយ​រំលឹក​គាត់​ឲ្យ​នឹក​ឃើញ​រឿង​អតី​ត​កាល​នោះ​ឯង។
២. លេង​ល្បែង​កំសាន្ត​ជាមួយនឹង​គាត់​: តើ​អ្នក​ធ្លាប់​បាន​លេងកីឡា ឬ​ហ្គេម​កំសាន្ត​ជាមួយ​នឹង​ឪពុក​របស់​អ្នកដែរ​ឬ​ទេ? បើ​មិន​ធ្លាប់​ទេ នេះ​ជា​ពេល​មួយ​ដ៏​ល្អ​​ ដើម្បី​ចំណាយ​ពេល​លេង​កីឡា​ ឬ​ល្បែង​កំសាន្ត​ទាំង​នោះ​ជាមួយនឹង​គាត់​ហើយ​។ អ្នក​អាច​លេងវាយ​កូន​ហ្គោល ហែល​ទឹក វាយ​សី ឬ​បោះ​ប៊ូល​ជាមួយ​នឹង​គាត់ ឬលេង​អ្វី​ផ្សេង​ទៀត​ដែល​គាត់​អាច​លេង​បាន​​។ ការ​លេង​បែប​នេះ ក៏​អាច​ជួយ​ឲ្យ​គាត់​នឹក​ឃើញ​នូវ​ជីវិត​នៅ​បឋម​វ័យ​របស់​គាត់​បាន​ផង​ដែរ​។ រឹត​តែពិសេស​ជាង​នេះ​ទៀត​ វា​នឹង​ជួយ​ឲ្យគាត់​មាន​សុខភាពល្អ នឹង​ក៏​ជួយ​ខួរ​ក្បាល​គាត់​ឲ្យ​មាន​ការ​ចង​ចាំ​ឡើង​វិញ​ផង​ដែរ​។
៣. ស្ដាប់​តន្រី្ដ​ដែល​គាត់​ចូល​ចិត្ត ឬ​ច្រៀង​ជាមួយនឹង​គាត់​: តន្រ្ដី​គឺ​ជា​វិធី​កំសាន្ត​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​។ អ្នក​អាច​យក​មក​ជូន​ឪពុក ( ប៉ា ពុក ឬឪ​ តាម​ទម្លាប់​ដែល​អ្នក​បានហៅ) របស់​​លោក​អ្នក​ នូវ​ឌីស​ចម្រៀង​ ដែល​គាត់​ចូល​ចិត្ត​ (ភាគ​ច្រើន​ចាស់​ៗ​ចូល​ចិត្ត​បទ​ចម្រៀង​ពីដើម)។ រក​កន្លែង​ដែល​សម​ស្រប​ដើម្បី​ស្ដាប់​ ចម្រៀង​ទាំង​នោះ​ជាមួយ​នឹង​គាត់​។ អ្នក​ក៏​អាច​នាំ​គាត់​រាំ​បាន​ផង​ដែរ​ ប្រសិន​បើ​បទ​នោះ​អាច​រាំ​បាន។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ខួរ​ក្បាល​នឹង​ធ្វើ​ការ​បាន​ល្អ​នៅ​ពេល​ស្ដាប់​តន្រ្ដី​។ បន្ថែម​លើ​នេះ អ្នក​ក៏​អាច​ច្រើន​លេង​ជាមួ​យ​នឹង​គាត់​បា​ន​ផង​ដែរ​។​
៤. រីករាយ​ក្នុង​ការ​ញ៉ាំ​អាហារ​ដែល​គាត់​ចូល​ចិត្ត​ជាមួយ​នឹង​គាត់​: អ្នក​អាច​អញ្ជើញ​ឪពុក​របស់​អ្នក​ទៅ​ពិសារ​អាហារ​អាហារ​នៅ​ភោជនីយ៍​ដ្ឋាន​ ហើយ​ឲ្យ​គាត់​ហៅអាហារ​ដោយ​ខ្លួន​គាត់​ ឬ​អ្នក​ក៏​អាច​ចម្អិន​ម្ហូប​ដែល​គាត់​ចូល​ចិត្ត​នៅផ្ទះ​ក៏​បាន​ដែរ​។ ប្រសិន​បើ​អ្នក​ចម្អិន​វា​ដោយ​ខ្លួន​ឯង ចូរ​ព្យាយាម​រៀប​ចំ​វា​ឲ្យ​សាមញ្ញ​ និង​កុំ​ភ្លេច​ហៅ​គាត់​មក​ជួយ​ផង​ដែរ​។ ការ​ធ្វើ​បែប​នេះ​ អាច​ជា​ឱកាស​ជួយ​រំលឹក​គាត់​ អំពី​អាហារ​ដែ​ល​គាត់​បាន​ទទួល​ទាន​ជាមួយ​នឹង​អ្នកកាលពី​អ្នក​នៅ​អតី​ត​កាល​ផង​ដែរ​។
៥. បង្ហាញ​គាត់​ពី​ការ​គោរព​ សេចក្ដី​ស្រឡាញ់​និង​ការ​ដឹង​គុណ​របស់​អ្នក​: តម្រូវ​ការ​នៃ​សេចក្ដី​ស្រឡាញ់​គឺ​ពិត​ជា​មាន​នៅ​គ្រប់​មនុស្ស​ទាំង​អស់ មិន​ថា​ចាស់​ ឬក្មេង​នោះ​ទេ​ (តម្រូវ​ការ​ដែល​មនុស្ស​មិន​អាច​អត់​បាន)។​ ទោះ​បី​ជា​ឪពុក​របស់​អ្នក​មាន​វ័យ​ចាស់​ជរា​ ឬ​ភ្លេច​ភ្លាំង​ច្រើន​ក៏​ដោយ ក៏​គាត់​នៅ​តែ​មាន​សមត្ថ​ភាព​មាន​អារម្មណ៍​​ដឹង​ថា​អ្នក​ស្រឡាញ់​ និង​គោរព​គាត់​ឬក៏​អត់​​ដែរ​។ អ្នក​មិន​ចាំ​បាច់​និយាយ​ច្រើន ឬ​ធ្វើ​សកម្មភាព​អ្វី​ច្រើន​នោះ​ទេ គ្រាន់តែអង្គុយ​នៅ​ចំពោះ​មុខ​​គាត់​ រួច​ក្រាប​សំពះ​គាត់​ គឺ​ជា​បង្ហាញ​នូវ​សេចក្ដី​គោរព​រួច​បាត់​ទៅ​ហើយ​។ អ្នកក៏អាច​កាន់​ដៃ​របស់គាត់ ឬ​អោប​គាត់ នោះ​គាត់​នឹង​ដឹងថា​អ្នកស្រឡាញ់​គាត់​ខ្លាំង​ប៉ុណ្ណា​ហើយ​។ ការ​ធ្វើ​បែប​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​គាត់​រំភើប​ រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ក៏​មាន​ដែរ​។
ការ​និយាយ​ពី​វិធី​ជួយ​ជម្រុញ​ការ​ចង​ចាំ​សម្រាប់ឪពុក​នៅថ្ងៃនេះ​ គឺ​ចង់​រំលឹក​ដល់​ទិវា​ដឹង​គុណ​ឪពុក​នៅ​ថ្ងៃ​នេះ ប៉ុន្ដែ​អ្នក​ក៏​អាច​អនុវត្ត​ចំពោះ​អ្នក​ម្ដាយ​បាន​ផង​ដែរ​។ គាត់​ទាំង​ពីរ​គឺ​ជា​អ្នក​មាន​គុណ​ក្នុង​ជិវិត​របស់​យើង ដែល​មិន​អាច​មាន​អ្វី​មក​ស្មើ​គុណ​របស់​លោក​ទាំង​ពីរ​បាន​នោះ​ទេ​។ ចូរ​ធ្វើ​អ្វី​ឲ្យ​គាត់​សប្បាយ​ចិត្ត​ គឺ​ជា​អ្វី​ដែល​ប្រសើរ​បំផុត​ ព្រោះគាត់មិន​ចង់​បាន​អ្វី​ពីកូនៗ​នោះ​ទេ ក្រៅ​តែ​ពី​ចង់​ឃើញ​កូន​របស់​គាត់​ជួប​នឹង​សេចក្តីសុខ​ក្នុង​ជីវិត​ប៉ុណ្ណោះ​។
ខ្មែរ​សារិកា​សូម​យក​ឱកាស​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក​នេះ គោរព​ជូន​ពរ​លោក​ឪពុក​ទាំង​អស់​នៅ​លើ​លោក​ ឲ្យជួប​តែនឹង​សេចក្ដី​សុខ​ជា​រៀង​រហូតតទៅ​​។​
ប្រិយមិត្ត​ក៏​អាច​សរសេរ​ពី​សេចក្ដី​ស្រឡាញ់ ឬ​ការជូន​ពរ​អ្នកមាន​គុណ​របស់​លោក​អ្នក នៅក្នុង​ប្រអប់​យោបល់​ខាង​ក្រោម​នេះ​បាន។ ទោះ​បីជា​គាត់​មិន​បាន​ឃើញ​នៅ​ទីនេះ ក៏អ្ន​ក​បាន​បង្ហាញ​ប្រាប់​ពិភព​លោក​ ពី​ទំហំនៃ​សេចក្ដី​ស្រឡាញ់​របស់​ចំពោះ​គាត់​ទាំង​ពីរ​បាន​ដែរ​។




Related posts





Share/Bookmark