វិធី​ងាយ​ៗ​ដើម្បី​ភាព​​ក្មេង​ជា​ង​វ័យ​

តើ​អ្នក​ចង់​មាន​សម្រស់ក្មេងជាង​វ័យ ដោយ​មិន​បាច់ចំណាយ​លុយ​ច្រើន​ ដើម្បី​កែ​សម្ផស្ស​ដែរ​ឬទេ? ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​សាស្រ្ដតាម​បែប​ធម្ម​ជាតិ​ងាយ​ៗ​ ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ក្មេង​ជាង​មុន និង​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​ភ្នែក​អ្នក​ដទៃ​៖
១- ទឹក​
ការ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទទួល​សំណើម​ គឺ​ជា​ជំហាន​ទី​មួយ​ដើម្បី​ភាព​ក្មេង​ជាង​វ័យ​។ នៅក្នុង​ខ្លួន​របស់​យើង មាន​ផ្ទុក​ទឹក​ដល់​ទៅ​៧០​ភាគ​រយ​ ដូច្នេះ​ប្រសិន​បើ​មិនមា​ន​ទឹក​គ្រប់គ្រាន់​ នោះ​អ្នក​នឹង​មាន​ស្បែក​ស្ងួត និង​ឆាប់ជ្រីវ​ជ្រួញ​។ នៅ​ពេល​ដែល​ខ្លួន​យើងទាំងមូល​ ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ខ្វះ​ទឹក​ នោះ​សរីរាង្គ​ទី​មួយ ដែល​ត្រូវ​រង​គ្រោះ​គឺ​ជា​ស្បែក​។
ក្នុង​មួយ​ថ្ងៃ​ យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ពី ៨ ទៅ​១០​កែវ ដើម្បី​ជួយ​ឲ្យ​សារពាង្គកាយ​របស់​យើង​ស្រស់​ស្រាយ ជ្រះ​ថ្លា​ក្នុង​អារម្មណ៍​។​
២- ​ត្រី​
តើ​អ្ន​ក​ដឹង​ទេ​ថា ត្រី​មាន​ផ្ទុក​ទៅ​ដោយ​ អូម៉េហ្កា៣ (omega-3)? អូម៉េ​ហ្កា​៣ គឺ​ជា​ធាតុ​ផ្សំ​សម្ងាត់​មួយ​ ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​ជៀស​ផុតពី​ភាព​ជ្រីវ​ជ្រួញ និង​ស្ងួត​។ យ៉ាង​ហោ​ចណាស់ មួយ​សប្ដាហ៍​ត្រូវ​ញ៉ាំ​ត្រី​ឲ្យ​បាន​ម្ដង​ នោះ​ពិត​ជាល្អ​សម្រាប់​អ្នក។ ត្រី​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ មាន​ដូច​ជា ត្រី​សាឌីន ត្រី​ទូណា ត្រី​សាល់​ម៉ុន​ជា​ដើម​។ ប៉ុន្ដែ​ត្រី​ក្នុង​បឹង​ ត្រពាំង​ ស្រះ​ និង​ទន្លេ​នៅ​ស្រុក​ខ្មែរ​យើង​ក៏​អាច​ប្រើ​ការ​បាន​ដូច​គ្នា​ដែរ​។
៣- ផ្លែ​ឈើ
ផ្លែ​ឈើ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ ប្រហែល​ជា​ប្រិយ​មិត្ត​ធ្លាប់លឺ​រួចមក​ហើយ​ ប៉ុន្ដែ​ផ្លែ​ឈើ​ដែល​ល្អបំផុត​ រួម​មាន​ ផ្លែ​ចេក ផ្លែ​ប៊ើ​រី​ និង​ផ្លែ​ល្ហុង​។​ ផ្លែ​ឈើ​ទាំង​អស់​នេះ មានផ្ទុ​ក​ទៅ​ដោយ​ omega-3 ហើយ​ថែមទាំង​មាន​សារធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​ដែលធ្វើ​ឲ្យ​ស្បែក​ជ្រួញ ស្ងួត​ និង​ឆាប់​ចាស់​។
៤- ប្រូតេអ៊ីន​
ប្រូ​តេអ៊ីន​ក៏​សំខាន់​ដែរ ក្នុង​ការ​រួម​ចំណែក​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន​រួមមាន ទឹក​សណ្ដែក សណ្ដែក សាច់​ និង​គ្រាប់​ធញ្ញជាតិ​។ ប្រតេអ៊ីន​ បាន​ព្យាបាល​ស្បែក​ដែល​ខូច​ខាត និង​ជួយ​ជម្រុញ​ឲ្យ​មាន​កោសិកា​ស្បែក​ថ្មី ដើម្បី​ឲ្យ​ស្បែក​អ្នក​មើល​ទៅ​ខ្ចី​ដូច​កាល​អ្នក​នៅ​ពី​ក្មេង​។
៥- សើច​ឲ្យ​បាន​ខ្លាំង​
ហាហា! សម្លេង​សើច​បែប​នេះ ក៏​ជា​គ្រឿង​ផ្សំ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជា​ងវ័យ​បាន​ដែរ​។ ការ​សើច​ ត្រូវ​សើច​ចេញ​ពី​ចិត្ត​ ចេញ​ពី​បេះ​ដូង​ មិនមែន​អង្គុយ​សើច​ម្នាក់ឯង​ដោយ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ចង់​សើច​នោះ​ទេ ព្រោះ​វា​មិនបានធ្វើ​ឲ្យ​ក្មេង​ជា​ងវ័យ​ហើយ ថែម​ទាំង​អាច​ឲ្យ​អ្នក​ដទៃ​គិត​អ្វី​ផ្ដេស​ផ្ដាស​មក​លើ​អ្នកទៀត​ផង​។ ចូរ​ធ្វើ​ឲ្យ​ជីវិត​អ្នក​ពោរ​ពេញ​ទៅ​ដោយ​ភាព​រីក​រាយ និង​ស្នាមញញឹម​។ សាច់​ដុំ​មុខ​របស់​អ្នក​ នឹង​បាន​សម្រាក​ នៅ​ពេល​ដែល​អ្នក​សើច ឬ​ញញឹម​ ដែល​មិន​ដូច​អ្វី​ដែល​គេ​និយាយ​ថា សើច​ច្រើន​ឆាប់​ជ្រួញ​នោះ​ទេ​។
៦- ហាត់​ប្រាណ​ និង​តាំង​សមាធិ
ទោះ​បី​អ្នក​អនុវត្ត​តាម​គោល​ការណ៍​ខាង​លើ ប៉ុន្ដែ​ភ្លេច​ហាត់​ប្រាណ​ ក៏មិនល្អ​នោះ​ដែរ​។ រាង​កាយ​ដែល​មាន​សុខ​ភាព​ល្អ នឹង​ជួយ​ឲ្យ​ស្បែក​អ្នក​ស្រស់​ថ្លា​តាម​នោះដែរ។ ចំណែក​ឯ​ការ​តាំង​សមា​ធិ​វិញ ក៏ជួយ​ជម្រុញ​ផ្លូវ​ចិត្ត​អ្នក​ឲ្យ​ភ្លេច​អស់​នៅ​អារម្មណ៍​តាន​តឹង​ ខឹង​ក្រេវ​ក្រោធ​បា​នផង​ដែរ​។ ការ​ដើរ​ ឬ​រត់​ យ៉ាង​តិច៣០​នាទី​ជា​រៀង​រាល់ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​រាង​កាយ​របស់អ្នក​ទាំង​មូល​មាន​ចលនា​ និង​សុខភាព​ល្អ​។​
ជា​សរុប​រួម អ្វី​ដែល​ខ្មែរ​សារិកា ចង់​ប្រាប់​ជា​ចុង​ក្រោយ​គឺ​ថា អ្នក​មិន​អាច​ទិញ​អាយុ​មិន​ឲ្យ​ចាស់​បាន​ទេ ប៉ុន្ដែភាព​ចាស់​អាច​ពន្យារ​បាន​។ ស្នាម​ជ្រីវ​ជ្រួញ​នៅ​លើ​ស្បែក​ នឹង​វិវត្ត​ទៅ​តាម​អាយុ​របស់​អ្នក​ ប៉ុន្ដែ​ស្បែក​ក៏​អាច​នៅ​ក្មេង​បាន​យូរ​ដែរ ប្រសិន​បើ​អ្នក​ថែ​រក្សា​វា​បាន​ត្រឹម​ត្រូវ​។​





Related posts





Share/Bookmark