ក្មេង​ៗ​ប្រើ​ទូរសព្ទ​ពិតជា​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​


កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​ព័ត៌មាន​​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ក្មេងៗ​ប្រើ​ទូរសព្ទ​មិនមាន​ផល​​ប៉ះពាល់ ឬ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ តែ​ពេល​នេះ​មាន​អ្នក​ចេញមកជំទាស់​ហើយ​។
ការ​សិក្សា​ថ្មីមួយ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលម៉្ងៃ​នេះនៅ​ក្នុង​ព្រឹត្ត​បត្រ​នៃ​វិទ្យាស្ថាន​មហារីក​របស់​​​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ថា ទូរសព្ទ​ពិត​ជាបង្កើន​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​មហារីក​ចំពោះ​ក្មេង​ៗ​ពិត​ប្រាកដ​មែន​។
អ្នក​ជំនាញ​ដែល​បាន​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នេះ បាន​និយាយ​ថា ការ​រក​ឃើញ​ថា​ក្មេង​ៗ​ប្រើ​ទូរសព្ទ​ មិនមាន​ផល​ប៉ះពាល់​នោះ គឺ​ជា​ការ​ឆ្គាំ​ឆ្គង​មួយ​ ដែល​ឪពុក​ម្ដាយដែល​អនុញ្ញា​ត​ឲ្យ​កូន​តូច​ប្រើ​ទូរសព្ទ​​គួ​រតែគិត​គូរ​ឡើង​វិញ​។
គួរ​រំលឹក​ផង​ដែរ​ថា ការ​សិក្សា​ដែល​បាន​រក​ឃើញ​ថា
មិនមាន​ផល​ប៉ះពាល់​ ឬ​ការ​កើត​ជំងឺ​មហារីក​ចំពោះ​ក្មេង​ៗ​ដែល​ប្រើ​ទូរសព្ទ​នោះ គឺ​ជា​ការ​ធ្វើ​ការ​សិក្សា​ទៅ​លើ​ក្មេង​ៗ​ដែល​ប្រើ​ទូសព្ទ​ចំនួន ១០០០នាក់ ចន្លោះ​អាយុ​ពី ៧ទៅ​១៩ឆ្នាំ។ ជាល​ទ្ធផល​ពេល​នោះ អ្នក​ស្រាវ​ជ្រាវបាន​រក​ឃើញ​​ថា មិនមានការ​បង្កើន​ហានីភ័យ​នៃ​ជំងឺ​មហារីក​ខួរ​ក្បាល​នោះ​ទេ បើ​ប្រៀប​ធៀប​ជាមួយ​ក្មេង​ដែល​មិន​ប្រើ​ទូរសព្ទ​។ អ្នក​ស្រី Devra Davis ដែល​ជា​ប្រធាន​ និង​ជា​អ្នក​បង្កើត​ក្រុម​ការងារ​តស៊ូ​មតិ​ផ្នែក​សុខភាព​ បាន​លើ​ក​ឡើង​ទៀត​ថា ការ​ស្រាវ​ជ្រាវ​ដែល​រក​ឃើញ​ពី​សុវត្ថភាពនៃ​ការ​ប្រើប្រាស់​ទូរសព្ទ​របស់​កុមារ និង​យុវជន គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។ អ្នក​ស្រី​រូប​នេះបានលើ​ក​ឧទាហរណ៍​ប្រឆាំង​ថា ចូរ​ធ្វើ​ការ​សិក្សា​ទៅ​លើ​ក្មេង​អាយុ ១៦​ឆ្នាំ​ដែល​ជក់​បារី តើ​អ្នក​អាច​រក​ឃើញ​ថា​ក្មេង​នោះ​កើត​មហារីក​សួត​ឬ​ក៏​អត់? ចម្លើយ​គឺ​អត់​នោះ​ទេ។ ដូច្នេះ​តើ​ក្មេង​ៗ​ដែល​ជក់​បារី គឺ​មាន​សុវត្ថិភាព​ផ្នែក​សុខភាព​មែន​ទេ​។​
លោក​វេជ្ជ​បណ្ឌិ Keith Black ដែល​ជា​អ្នក​ជំនាញ​ខាង​ខួរ​ក្បាល​មក​ពី​មន្ទីរពេទ្យ Cedars-Sinai នៅ​ឡូសអ៊ែន​ជើលែស បាន​យល់​ស្រប​នូវ​ការ​លើ​ក​ឡើង​របស់​អ្នក​ស្រី Davis ដោយ​បាន​បន្ថែម​ថា ជា​ទូទៅ​យើង​ត្រូវ​ការ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ដឹង​ថា​មនុស្ស​ណា​ម្នាក់ មាន​ហានីភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​បាន​ ខណៈ​ដែល​ការ​ស្រាវ​ជ្រាវ​ដែល​រក​ឃើញ​ថា​ការ​ប្រើ​ប្រាស់​ទូរសព្ទ​មិន​បង្ក​ជំងឺ​មហារីក​ចំពោះ​ក្មេង​ៗ​នោះ គឺ​ប្រើ​រយៈ​ពេល​ខ្លីមែន​ទែន​។
យោង​តាម​អង្គការ​សុខភាព​ពិភពលោក បាន​ប៉ាន់​ស្មាន​ថា ទូរសព្ទ​ចំនួន ៤,៦ពាន់​លាន​គ្រឿង កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភព​លោក ដែល​ក្នុង​នោះ​មាន​ការ​កើន​ឡើង​ការ​ប្រើ​ប្រាស់​ទូរសព្ទ​របស់​ក្មេង​ៗ​ផង​ដែរ​។
ទាំង​លោក​វេជ្ជ​បណ្ឌិត Black ទាំង​អ្នក​ស្រី​ Davis បាន​ទទួល​ស្គាល់​ថា វា​ពិត​ជា​ពិបាក​ណាស់​ប្រសិន​បើ​គ្មាន​ទូរសព្ទ​ ដូច្នេះ​អ្នក​ត្រូ​វ​ប្រុង​ប្រយ័ត្ន​ ដោយ​ប្រើ​វា​ភ្ជាប់​ជាមួយ​នឹង​កាស​ស្ដាប់​ត្រចៀក ហើយ​និង​ទូរសព្ទ​ចេញនៅ​កន្លែង​ណា​ដែល​មាន​សេវា​គ្រប់​គ្រាន់ ឬ​ក៏​បិទ​នៅ​ពេល​ដែល​អ្នក​គិត​ថា គ្មាន​ការ​ប្រើ​ប្រាស់​វា (ដូច​ជា​ពាក់​កណ្ដាល​អាធ្រាត​ជាដើម​)​។




Related posts





Share/Bookmark