ការ​ងារ​ទាំង​៥​សម្រាប់​សិស្ស​មហា​វិទ្យា​ល័យ


ការ​សិក្សា​រៀន​សូត្រ​គឺ​មាន​សារៈសំខាន់​ណាស់​ព្រោះ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​​មនុស្ស​យើង​ម្នាក់​សង្ឃឹម​ថា​នឹង​បាន​ធ្វើ​ការ​ងារ​មួយ​ដែល​អាច​រក​ប្រាក់​បាន​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង​ផង​នឹង​គ្រួ​សារផង​។ តែ​អ្វី​ដែល​អ្នក​មិន​ដឹង​នោះ​គឺ ពិភព​នៃ​ការ​សិក្សា​ និង​ពិភព​នៃ​ការ​ងារ​គឺ​វា​មិន​ដូច​គ្នា​ទាំងស្រុង​នោះ​ទេ ហើយ​មិន​ប្រា​កដ​ថា​ឲ្យ​តែ​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​សុទ្ធ​តែ​អាច​រក​ការ​ងារ​ធ្វើ​បាន​ទាំង​អស់​នោះ​ទេ។ អ្នក​ខ្លះ​នៅពេល​បញ្ចប់​ការ​សិក្សា​ភ្លាម​ ក៏​រក​ការ​ងារ​បាន​ភ្លាម តែ​ចំណែក​អ្នក​ខ្លះ​ទៀត​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ហើយ នៅ​តែ​មិន​អាច​រក​ងារ​បាន​ធ្វើ​នឹង​គេដដែល​។ ភាព​អត់​ការ​ងារ​ធ្វើ​មិន​បញ្ជាក់​ថា​អ្នក​នោះ​គ្មាន​សមត្ថភាព​​ក្នុង​ការ​ធ្វើ​ការ​ងារ​នោះ​ទេ នេះ​ប្រហែលជា​មក​ពី​អ្នក​នោះ​គ្មាន​ឱកាស ឬ​ក៏​មិន​ចេះ​ក្តាប់​ឱកាស​ការ​ងារ​។​ ហើយ​ភាព​គ្មា​ន​ការ​ងារ​នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​បរាជ័យ​ដទៃ​ទៀត​​នៅ​ក្នុង​ជី​វិត​របស់​អ្នក​។

ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ភាព​អត់​ការ​ងារ​ធ្វើ​បន្ទាប់​ពី​រៀន​ចប់ យើង​ជា​សិស្ស​ដែល​រៀន​នៅ​មហាវិទ្យាល័យ​មួយ​​ មិន​ថា​កូន​អ្នក​មាន ឬ​ក៏​កូន​អ្នក​ក្រ​នោះ​ទេ គឺ​ត្រូវ​ស្វះ​ស្វែង​រក​ការ​ងារ​ធ្វើ​ក្រៅ​ម៉ោង​ខណៈពេល​ដែល​យើង​កំពុង​តែ​សិក្សា​នៅ​មហាវិទ្យា​ល័យ​នៅទ្បើយ ព្រោះ​ថា​ធ្វើ​បែប​នេះ​វា​ជួយ​ឲ្យ​យើង​យល់​ដឹង​ពីពិភពនៃ​ការ​សិក្សា​ផង និង​ពិភព​នៃ​ការ​ងារ​ខាង​ក្រៅ​ផង។ ម្យ៉ាង​ទៀត​ធ្វើ​ការងារ​ធ្វើ​ឲ្យ​យើង​ស្គាល់​មនុស្ស​ច្រើន កាល​ណា​យើង​ស្គាល់​គេ​ច្រើន​ ឱកាស​ការ​ងារ​ក៏​មាន​ច្រើន​ដែរសម្រាប់​យើង​ម្នាក់ៗ។ ​
ខាង​ក្រោម​នេះ​ជា​ការ​ងារ​ទាំង​ប្រាំ​សម្រាប់​សិស្ស​ដែល​កំពុង​តែ​សិក្សា​នៅ​មហាវិទ្យាល័យ​៖
សូម​បញ្ជាក់​ថា ការ​ងារ​ទាំង​នេះ​សម្រាប់​តែ​សិស្ស​រៀន​ជំនាញ​មួយ​តែ​ប៉ុណ្ណោះ ចំពោះ​សិស្ស​ដែល​រៀន​នៅ​ពីរ​មហាវិទ្យាល័យ មិន​គួរ​ធ្វើ​ការ​ងារ​​ដែល​បាន​រៀប​រាប់​ទាំង​នេះ​​ទេ ព្រោះ​ថា​រៀន​ពីរ​មហាវិទ្យាល័យ​គ្មាន​ពេល​ទំនេរ​ទៅ​ធ្វើ​ការ​ងារ​ទេ។

ការងារទី​មួយ ធ្វើ​ជា​អ្នក​លក់​របស់របរ​ផ្សេង​ៗ​​នៅ​ក្នុង​ហាង​។​ ការ​ងារ​នេះ​ភាគ​ច្រើន​សម្រាប់​សិស្ស​នារី ហើយ​វា​មិន​មាន​ភាព​សាំ​ញុំា​ទេ ហើយ​ក៏​មិន​ហត់​ដែរ ចំណែក​ឯប្រាក់​កំរៃ​ក៏​បាន​គួរ​សម​ដែរ។ សិស្ស​នារី​អាច​រក​ការ​ងារ​នេះ​ធ្វើ​នៅ​តាម​ហាង​ ទំនើប ឬ​ក៏​តាម ម៉ាត​តូច​ៗ​ ហើយ​អ្នក​អាច​ធ្វើ​ការ​ម៉ោង​ណា​ក៏​បាន​ព្រោះ​ថា​ម៉ាត​មួយ​ចំនួន​គេ​បើក ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើអ្នក​រៀន​ថ្ងៃ​អ្នក អាច​ធ្វើ​ការ​ពេល​យប់​ ឬ​ក៏​ពេល​ព្រឹក​ក៏​បាន។ សិស្ស​នារី​ៗ​អាច​ធ្វើជា​អ្នក​លក់​ខោ​អាវ​ក៏​បាន ឬ​ក៏​លក់​ស្បែក​ជើង​ក៏​បាន​។
ការ​ងារ​ទីពីរ ធ្វើ​ការ​ងារ​នៅ​តាម​អង្គការ​ផ្សេង​ៗ​​។ មាន​អង្គ​ការ​ជា​ច្រើន​ដែល​ទទួល​អ្នក​ស្ម័​គចិត្ត​ធ្វើ​ការ​បម្រើ សង្គម​ ក្មេង​កំព្រា និង​ជន​គ្មានទី​ពឹង​។ ការ​ងា​រប្រភេទ​នេះ​គឺ​ល្អ​ខ្លាំង​ណាស់​ព្រោះ​ថា​ អ្នក​អាច​សិក្សា​ពី​សង្គម​បាន​ច្រើន។ ទោះ​ពេល​ខ្លះ​យើង​មិនទទួល​បាន​ប្រាក់​កំរៃ​​ពី​អង្គការ​នោះ ក៏​ដោយ ក៏​យើង​ទទួល​បាន​បទពិ​សោធន៍​ដែរ។ បទពិសោធន៍​វា​ល្អ​ណាស់​សម្រាប់​ដាក់​រកការ​ងារ​ធ្វើ​លើក​ក្រោយ​ទៀត។​ ការ​ងារ​មួយ​នេះ​​​ សិស្ស​ស្រី​ក៏​ធ្វើបាន ហើយ​សិស្ស​ប្រុស​ក៏​ធ្វើ​បាន​ដែរ អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​មាន​ការ​អត់​ធ្មត់។
ការងារទីបី ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ ឬ​ក៏​ជា​អ្នក​បំរើ​តាម​ភោជនី​ដ្នានជា​ដើម​​​។ ការ​ងារ​នេះ​សិស្ស​ភាគ​ច្រើន​មិន​ចង់​ធ្វើ​ទេ ព្រោះ​ថា​សិស្ស​ខ្លះ​អាច​មាន​អារម្មណ៍​ខ្មាស់​អៀន​ដោយ​សារ​តែ​មនុស្ស​នៅ​ប្រទេស​យើង​ភាគ​ច្រើន​មិន​ឲ្យ​តំលៃ​លើ​ការ​ងារ​ប្រភេទ​នេះ ហើយ​វា​ទទួល​បាន​ប្រាក់​កំរៃ​ក៏​តិច​ដែរ។ តែ​សម្រាប់​សិស្ស​មួយ​ចំនួន​ដែល​ត្រូវ​ការ​លុយ ហើយ​មិន​ចង់​ឲ្យ​ខ្លួន​នៅ​ទំនេរ​អាច​ជ្រើស​រើស​យក​ការ​ងារ​នេះ​ធ្វើ​បាន។ វា​អាច​ជា​ចំណុច​ចាប់​ផ្តើម​ដើម្បី​ឈាន​ជើង​រក​ងារ​ផ្សេង​ទៀត​ធ្វើ​បាន។ ការ​ងារ​នេះ​វា​ពិ​បាក​ហើយ​នឿ​ហត់​បន្តិច​តែ​ប្រ​សិន​បើ​បាន​ធ្វើ​ការ​ងារ​បែប​នេះ នោះ​អ្នក​នឹង​យល់​ពី​អត្ថ​ន័យ​នៃ​ជីវិត​បាន​ច្រើន។
ការងារទី​បួន ធ្វើ​ការ​នៅពេល​រាត្រី​នៅ​តាម ក្លឹប​ ឬ​​រង្គសាល​ជា​ដើម។ នៅ​ទី​នោះ​អ្នក​អាច​ក្លាយ ជាអ្នក​ចម្រៀង ជា​អ្នក​ក្រលុក​ស្រា​ ឬ​ក៏​​ជា​អ្នក​លេង​ភ្លេង។ ការ​ងារ​ទាំង​នេះ​តម្រូវ​ឲ្យ​សិស្ស​​ដែល​ចង់​ធ្វើ​ការ​ងារ​នេះ​មាន​ជំនាញ​ខ្លះ​ៗ​ដើម្បី​អាច​ធ្វើ​ការ​ងារ​នេះ​បាន ហើយ​វា​ក៏​ជា​កញ្ចក់​មួយ​សម្រាប់​ឆ្លុះ​បញ្ជាំង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ថា​តើ​អ្នក​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ប្រាកដ។ ការ​ងារ​ប្រភេទ​នេះ​វា​ហត់​ ហើយ​អត់​ងងុយ​ទៀត​ផង ហើយ​​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ងារ​នេះ​អាច​ប៉ះពាល់​ដល់​ការ​សិក្សា​បន្តិច។
ការងារ​ទី​ប្រាំ ធ្វើ​ការ​ងារ​ឲ្យ​សាលា។ នៅ​តាម​មហា​វិទ្យា​ល័យ​នីមួយ​ៗ​តែ​ង​តែ​មាន​ការ​ងារ​មួយ​ចំនួន​សម្រាប់​សិស្ស​ធ្វើ​ជា​មិន​ខាន មិន​មែន​ជា​ការ​ងារ​ដែល​សិស្ស​អាច​រក​លុយ​បាន​ទេ គឺ​ជា​ការ​ងារ​ដែល​ផ្តល់បទពិសោធន៍​ដល់​សិស្ស។ ការ​ងារទាំង​នោះ​មាន​ដូច​ជា​ អ្នក​អាច​ក្លាយ​ជា​បណ្ណរក្ស ឬ​ក៏​ក្លាយ​ជា​សមា​ជិក​នៃ​គណកម្ម​ការ​រៀប​ចំ​កម្ម​វិធី​ដែល​គេ​បង្កើ​ទ្បើ​ង​នៅ​ក្នុង​សាលា​នោះ។ ការ​ងារ​នេះ​ជួយ​ឲ្យ​សិស្ស​យល់​ដឹង​ច្រើន​ពី​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម ហើយ​គេ​អាច​រៀន​សូត្រ​ពី​​ការ​ទទួល​ខុស​ត្រូវនៃ​ការ​ងារ​របស់​គេ​ដែល​សាលា​បាន​ដាក់​ឲ្យ​ធ្វើ។
ការ​ងារ​ទាំង ៥​ខាង​លើ​នេះ​គឺ​ល្អ​ណាស់​សម្រាប់​សិស្ស​ដែល​កំពុង​តែ​នៅ​ក្នុ​ង​វ័យ​សិក្សា​នៅ​តាម​មហាវិទ្យា​ល័យ​នានា។​ ប្រ​សិន​បើអ្នក​ធ្លាប់​ធ្វើ​ការ​នៅពេល​ដែល​អ្នក​កំពុង​តែ​រៀន​សូត្រ​ នោះ​នៅពេល​អ្នក​រៀន​ចប់​អ្នក​មិន​ចាំបាច់​បារម្ភ​ពី​កាព​អត់​ការងារ​ធ្វើ​នោះ​ទេ។ ព្រោះ​ថា​បើ​អ្នក​មិន​អាច​រក​ការងារ​ដែលអ្នក​ពេញ​ចិត្ត​ធ្វើក៏​ដោយ​​ ក៏​អ្នក​មាន​ការ​ងារផ្សេង​ធ្វើ​ដែរ។ ហើយ​បើ​យើង​មាន​ការ​ងារ​ធ្វើ​​ហើយ ទោះ​ការងារ​នោះ​ល្អ​ឬ​មិន​ល្អ​ក្តី ក៏​យើង​មាន​ក្តី​សង្ឃឹម​នៅ​ក្នុង​ជិវិត​ដែរ ហើយ​នៅ​ថ្ងៃ​ណា​មួយ​បំណង​របស់​អ្នក​ពិត​ជា​អាច​ក្លាយ​ជា​ការពិត​ជា​មិន​ខាន។
ការ​ងារ​ទាំង​ប្រាំ​នេះ​គ្រាន់​តែ​ជា​​ការ​ងារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ សិស្ស​អាច​រក​ការ​ងារ​ផ្សេង​ទៀត​ធ្វើ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។    ​​




Related posts





Share/Bookmark