វិធី​ងាយ​ៗ​ដើម្បី​ធ្វើ​ឲ្យ​លោក​អ្នក​ដេក​លក់​ស្រួល


ប្រ​សិន​បើ​អ្នក​មាន​បញ្ហា​ដេក​លក់​មិន​ស្រួល មិន​បាន​ស្កប់​ស្កល់​នៅ​ពេល​យប់​ ខាង​ក្រោម​នេះជា​ជំហាន​ងាយ​ៗ​សំរាប់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដេក​លក់​ស្រួល​ជាង​មុន។
អ្នក​មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ​ថ្នាំ ងងុយ​គេង​ ឬ​ក៏​ទិញ​ពូក តំលៃ​រាប់ពាន់​ដុល្លារ នោះ​ទេ លោក​អ្នក​គ្រាន់​តែ​យល់​និង​ធ្វើ​តាម​ជំហាន​ងាយ​ៗ​ខាង​ក្រោមនេះ ​នោះ​ដំណេក​របស់​អ្នក​ និង​លែង​មាន​បញ្ហា​ទៀត​ទ្បើយ។
ជំហានទី ១ ចំណុច​សំខាន់​បំ​ផុត​របស់​ដំណេក​របស់​អ្នក​គឺ​កន្លែង​ដែល​អ្នក​ដេក និយាយ​ឲ្យ​ខ្លី​ទៅ​គឺ​គ្រែ​របស់​អ្នក​តែ​ម្តង បើ​ចង់​ដេក​លក់​ស្រួល​គឺ​សំអាត​វា​ឲ្យ​បាន​ស្អាត​មុន​ពេល​ចូល​គេង។ ត្រូវ​បោស​ធូលី​ចេញ​ និង​រៀប​ចំ​វា​ឲ្យ​ស្អាត​មុន​នឹង​ដេក។ នៅ​ពេល​ដែល​គ្រែ​របស់​អ្នក​ស្អាត​នោះ​ ខួរ​ក្បាល​របស់​អ្នក​ប្រាប់​​កូន​ចៅ​ដែលនៅ​​ក្រោម​បញ្ជា​របស់​វា​ថា យើង​ទាំង​អស់​គ្នា​អាច​ដេក​បានហើយ​​កុំ​បារម្ភ​អី គ្មាន​មេ​រោគ​ទេ​។
ជំហានទី ២ កុំ​ញុំា​ច្រើន​ពេក​មុន​ពេល​ចូល​គេង។ នេះ​ជា​កត្តា​សំខាន់​មួយ​ទៀត​ ព្រោះ​ថា​ញុំា​ច្រើន ពោះ​យើង​ប៉ោង​ ពិបាក​ដេក ហើយ​ម្យ៉ាង​ទៀត​កាណា​ម្ហូប​ចូល​ដល់​ក្នុង​ពោះ​ហើយ ក្រ​ពះ​របស់​យើង​ ចង់​ឬ​មិន​ចង់​ ក៏​ត្រូវ​តែ​កិន​ដែរ។ បើ​វា​កិន​មាន​ន័យ​ថា​វា​ធ្វើ​ការ ហើយ​តែ​វា​ធ្វើការ​ហើយ​ នោះ​ខ្លួន​យើង​ទាំង​មូល​ក៏​ត្រូវ​តែ​ធ្វើ​ការ​ជា​មួយ​វា​ដែរ។
ជំហានទី ៣ ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​នៅ​ពេល​ថ្ងៃ​ ឬ​នៅ​ពេល​ល្ងាច។ ជា​ធម្ម​តាអ្នក​គួរ​ធ្វើ​លំ​ហាត់​ប្រាណ​ឲ្យ​បាន ៣០​នាទី ឬ​ក៏​ ៤០ ទៅ ៦០​នាទី ៥​ថ្ងៃ​ក្នុង​ ១​សប្តាហ៍។ ធ្វើ​ពេល​ណា​ក៏​បាន​ កន្លែង​ណា​ក៏​បាន​ឲ្យ​តែ​បូក​ចូល​គ្នា​បាន​ ៣០​នាទី គឺ​បាន​ហើយ។ តែ​ហាម​មិន​ឲ្យ​ធ្វើ​លំ​ហាត់​ប្រាណ​មុន​ពេល​ចូល​គេង​ជា​ដាច់​ខាត។ បើ​អ្នក​ខ្ជិល​មិន​ចង់​មើល​ម៉ោង អ្នក​អាច​រត់​ឲ្យ​តែបាន ១​ ទៅ ២ គី​ទ្បូ​ម៉ែត្រ​ក៏​បាន​ដែរ។ ឧទាហរណ៍​ងាយ​យល់​មើល​តែ​ពូ​ៗ​រក​ស៊ី​កាប់​ដី​ទៅ​បាន​ហើយ គាត់​អត់​មាន​ពូក​ដេក​ទេ តើ​ហេតុ​អ្វី​បាន​ជា​គាត់​ដេក​លក់​ស្រួល​ម្លេះ។ នេះ​មក​ពី​គាត់​ធ្វើ​ការ​ច្រើន​នៅ​ពេល​ថ្ងៃ គឺ​កាប់​ដី​រាប់ទ្បាន។
ជំហានទី ៤   រកជំនួយ​បន្ថែម ដូច​ជា ងូត​ទឹក​ក្តៅ​អ៊ុនៗ អាន​សៀវ​ភៅ មើល​ទូរទស្សន៍ ស្តាប់​ចំរៀង​ដែល​ច្រៀង​យឺតៗ ឬ​ក៏​តាំង​សមាធិ បើ​ចេះ​សូត្រ​ធម៌​រឹត​តែ​ល្អ ព្រោះ​ថា​សំលេង​នៃ​ការ​សូត្រ​ធម៌​វា​ជួយ ខួរ​ក្បាល​របស់​យើង​រំងាប់ អារម្មណ៍​ និង​កំហឹង​ទាំង​ទ្បាយ​ដែល​យើង​មាន​នៅ​ពេល​ថ្ងៃ។ ហើយ​សំលេង​ធម៌​នេះ​ អាច​ជួយ​ឲ្យ​សរសែ​ប្រាសាទ​របស់​អ្នក​មាន​ដំណើរ​ការ​ស្រួល​ទៀត​ផង។ តែ​បើ​អ្នក​អត់​ចេះ​សូត្រ​ធម៌​ទេ​នោះ នូវ​មាន​វិធី​មួយ​ទៀត​គឺ​គ្រហឹម​ទៅ​តាម​ចង្វាក់​បទ​ភ្លែង​ដែល​អ្នក​ចូល​ចិត្ត ដោយ​បិទ​មាត់​អ្នក​ឲ្យ​ជិត ភ្នែក​បើក​ព្រិម​ៗ ឬ​បិទ​ក៏​បាន​ ហើយ​ដាក់​អារម្មណ៍​របស់​អ្នក​ទៅ​លើ​សំលេង​គ្រហឹម​។ ធ្វើ​បែប​នេះ​អារម្មណ៍​របស់អ្នក​ផ្តោតទៅ​លើ​សំ​លេង​នៅ​ដើម​​ក​របស់​អ្នក ដូច​នេះ​វា​មិន​មាន​ពេល​គិតរឿង​ដទៃ​នោះ​ទេ។




Related posts





Share/Bookmark