ការស្រកទម្ងន់មិនត្រឹមតែផ្តល់ឲ្យលោកអ្នកនៅគុណប្រយោជន៍ចំពោះសុខភាពជាច្រើននោះទេ ប៉ុន្ដែថែមទាំងជួយបង្កើនការចងចាំរបស់លោកអ្នកផងដែរ។ អំណះអំណាងនេះ ត្រូវបានរកឃើញក្នុងការស្រាវជ្រាវថ្មីមួយ របស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Kent State ដែលទើបតែបោះពុម្ភក្នុងព្រឹត្តបត្រសុខភាពមួយ។
លោក John Gunstad ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាជំនួយការសាស្រ្ដាចារ្យចិត្តវិជ្ជា បានរាយការណ៍ថា លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញថាការស្រកទម្ងន់អាចបង្កើននូវសមត្ថភាពក្នុងការគិត និងការចងចាំបានល្អជាងមុន។ គាត់បានចង្អុលបង្ហាញទៀតថា ការធាត់លើសទម្ងន់គឺជាកត្តាគ្រោះថ្នាក់ចំពោះសុខភាព ដូចជារោគដាច់សរសៃឈាមក្នុងខូរក្បាលជាដើម ហើយការសិក្សាថ្មីមួយផ្សេងទៀត ក៏បានរកឃើញដែរថា ការធាត់លើសទម្ងន់ អាចប៉ះពាល់ចំពោះសមត្ថភាពខួរក្បាល និងការចងចាំ។ ដោយសារតែបែបនេះហើយទើប
ក្រុមលោក Gunstad បានបង្កើតការស្រាវជ្រាវនេះ ដើម្បីឲ្យដឹងថាតើ ការឡើងទម្ងន់ពិតជានាំមកនូវបញ្ហានេះមែនទេ ហើយតើការស្រកទម្ងន់អាចជួយដោះស្រាយបញ្ហានេះបានទេ?សម្រាប់ការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើការចងចាំ របស់ក្រុមមនុស្សដែលធាត់លើសទម្ងន់ចំនួន ១៥០នាក់ ដែលមានទម្ងន់ជាមធ្យម ៣០០ផោន។ ពួកគេទាំងអស់ត្រូវបានគេធ្វើតេសន៍សមត្ថភាពខួរក្បាលគ្របៗគ្នា។ ក្រោយមកក្នុងចំណោមពួកគេមួយចំនួនត្រូវបានគេធ្វើការវះកាត់ដើម្បីឲ្យស្រកទម្ងន់ ខណៈដែលមនុស្សផ្សេងទៀតឲ្យនៅធាត់ដដែល។ រយៈពេល ១២សប្ដាហ៍ក្រោយមកទើបគេធ្វើតេសន៍សមត្ថភាពខួរក្បាលម្ដងទៀតចំពោះអ្នកចូលរួមទាំងអស់។
១២សប្ដាហ៍ក្រោមមក ពេលធ្វើតេសន៍ម្តងទៀត បានបង្ហាញថា មនុស្សដែលស្រកទម្ងន់ជាមធ្យមចំនួន ៥០ផោន មានការកើនឡើងនៅកម្រិតចងចាំខ្ពស់ បើប្រៀបធៀបទៅអ្នកធាត់ដដែល ដែលមិនមានការប្រែប្រួលបន្តិចណាសោះ ហើយថែមទាំងអន់ជាងមុនទៀតផង។
សម្រាប់ការវិភាគលើកក្រោយក្រុមអ្នកស្រាវជ្រាវមានផែនការ សិក្សាទៅលើមនុស្សដែលស្រកទម្ងន់តាមការញ៉ាំអាហារសមស្រប និងការហាត់ប្រាណវិញ។ លោក Gunstad មានជំនឿថា ការស្រកតាមបែបធម្មជាតិនេះ នឹងទទួលបានលទ្ធផលល្អចំពោះខួរក្បាលដូចគ្នានេះដែរ។