ហាត់​ប្រាណ​១៥នាទី​រាល់​ថ្ងៃ បង្កើន​អាយុ​បាន​៣ឆ្នាំ​

ហាត់​ប្រាណការសិក្សា​ដ៏​ធំ​មួយ​នៅ​តៃ​វ៉ាន់​បាន​បង្ហាញ​ថា អ្នក​គ្រាន់​តែ​ចំណាយ​ពេល​ត្រឹម​តែ​ ១៥នាទី​ដើម្បី​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ នោះ​អ្នក​នឹង​អាច​បង្កើន​អាយុ​ដល់​ទៅ​៣ឆ្នាំ​។
មនុស្ស​ភាគ​ច្រើន​បាន​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​តាម​ស្ដង់​ដា​ដែល​បាន​កំណត់​ ពោល​គឺ ៣០នាទី​ក្នុង​មួយ​ថ្ងៃ និង​៥ថ្ងៃ​ក្នុងមួយ​សប្ដាហ៍​ ប៉ុន្ដែ​ពេល​នេះអ្នក​ជំនាញ​សង្ឃឹ​ម​ថា​ ការ​រកឃើញ​ថ្មីដែល​តិច​ជាង​មុន​នេះ (ហាត់​ប្រាណ១៥នាទី) នឹង​អាច​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ហាត់​ប្រាណ​កាន់​តែ​ច្រើន​ជាង​មុន​។
លោក​ Chi Pang Wen មក​ពី​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​របស់​តៃ​វ៉ាន់​ ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​និយាយ​ថា គ្រាន់​តែ​ហាត់​ប្រាណ​សម​ល្មម​ត្រឹម​ ១៥នាទី ដូច​ជា​ការ​ដើ​រ​ ក៏​អាច​ផ្ដល់ផល​ប្រយោជន៍​ដល់អ្នក​ដែរ​។ អត្ថ​ប្រយោជន៍​នេះគឺ​មាន​សម្រាប់​គ្រប់​គ្នា ទាំង​​បុរស​ ទាំង​ស្រ្ដី​ ទាំង​ក្មេង​ ទាំងចាស់​ ទាំង​អ្នក​មាន​សុខភាព​ល្អ ទាំង​អ្នក​មិន​មាន​សុខភាព​ល្អ ។
លោក Wen និង​សហសេវិក​របស់​គាត់ ដែល​បាន​បោះ​ពុម្ភ​ការ​រក​ឃើញ​នេះ​នៅ​ក្នុង​ព្រឹត្តបត្រ​សុខភាព The Lancet នៅថ្ងៃ​អង្គារ​នេះ បាន​ធ្វើ​ការ​សិក្សា​លើ​អ្នក​ចូល​រួម​ចំនួន ៤១៦០០០នាក់ រយៈ​ពេល​១៣ឆ្នាំ ដើម្បី​វិភាគ​លើ​កំណត់​ត្រា​សុខ​ភាព និង​កម្រិត​សកម្មភាព​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ជា​រៀង​រាល់​ឆ្នាំ​។
បន្ទាប់​ពី​ធ្វើ​ការ​បែងចែក​អ្នក​ចូល​រួម​ទៅ​តាម​អាយុ ទម្ងន់​ ភេទ រួច​មក ជា​លទ្ធផល​ក្រុម​អ្នកស្រាវ​ជ្រាវ​នេះ​ បាន​រកឃើញ​ថា ១៥នាទី​នៃ​ការ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ អាច​បង្កើន​អាយុ​សង្ឃឹម​រស់​ចំនួន ៣ឆ្នាំ បើប្រៀប​ធៀប​ជាមួយ​អ្នក​ដែល​គ្មាន​សកម្មភាព​ហាត់ប្រាណ​សោះ​។
បន្ថែម​លើ​នេះ​ទៀត ការ​ហាត់​ប្រាណ​ជា​ប្រចាំ​រាល់​ថ្ងៃ ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​បាន ១០ភាគ​រយ​ផង​ដែរ។
សូម​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​របស់​លោក Wen នៅ​ពេល​នេះក៏ស្រដៀង​នឹង​ការ​សិក្សា​មុន​ៗ ដែល​រក​ឃើញ​ថា មិន​ចាំ​បាច់​ហាត់​ប្រាណ​សម្រុក​ខ្លាំង​ពេក​ទេ គឺ​ត្រឹម​រយៈ​ពេល​កំណត់​មួយ​បាន​ហើយ ប៉ុន្ដែ​ការ​រក​ឃើញ​នា​ពេល​នេះ​ គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​កំណត់​ពេល​តិច​ជាង​គេ ពោល​គឺ​ត្រឹម​១៥នាទី​។




Related posts





Share/Bookmark