ការយល់សុបិន្តអាក្រក់ គឺជារឿងដែលពិបាកនឹងជៀសផុតណាស់សម្រាប់មនុស្សគ្រប់គ្នា ហើយវាបានបំផ្លាញនូវដំណេកដ៏សុខស្រួលរបស់យើង។ សុបិន្តអាក្រក់ មានដូចជា ការសុបិន្តឃើញរឿងប្លែកៗ រឿងគួរឲ្យភ័យខ្លាច ដូចជាលង់ទឹក ធ្លាក់ពីទីខ្ពស់ ជួបនឹងសត្វសាហាវ ឬទទួលការដេញប្រហារពីមនុស្សអាក្រក់ជាដើម។
សុបិន្តអាក្រក់ គឺភាគច្រើនមានរយៈពេលវែង ហើយកើតឡើងនៅដំណាក់កាលចុងក្រោយនៃដំណេក ពោលគឺពេលជិតភ្លឺ មុនយើងភ្ជាក់ពីគេង។ បាតុភូតនេះ ភាគច្រើនកើតលើកូនក្មេង ប៉ុន្ដែវាក៏អាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ពេញមួយជីវិតក៏មានដែរ។
ក្រុមអ្នកជំនាញជឿជាក់ថា មនុស្សដែលមានគំនិតឆ្នៃប្រឌិតខ្ពស់ ដែលតែងតែស្រមើស្រមៃ ឬអ្នកដែលងាយទទួលរងឥទ្ធិពលពីកត្តាសង្គម និងបរិស្ថានជុំវិញ គឺជាអ្នកប្រឈមនឹងហានីភ័យនៃសុបិនអាក្រក់។
អ្នកត្រូវចងចាំថា សុបិនអាក្រក់ គឺមិនមែនជារឿងពិតនោះទេ។ ការយល់សុបិនអាក្រក់ យូរៗម្ដង គឺមិនមែនជាបញ្ហានោះទេ ប៉ុន្ដែប្រសិនបើវាកើតឡើងជាប្រចាំ នោះវាគឺជាបញ្ហាដែលអ្នកត្រូវរកវិធីដោះស្រាយ។
ថ្ងៃនេះដែរ ខ្មែរសារិកា សូមនាំមកជូនលោកអ្នកនូវហេតុផល៦យ៉ាង ដែលធ្វើឲ្យយើងជួបប្រទះនូវសុបិនអាក្រក់ក្នុងពេលគេង៖
១- ឱសថ
ថ្នាំមួយចំនួន ជាពិសេសគឺថ្នាំងងុយគេង ថ្នាំសណ្ដំ ថ្នាំស្រវឹង ជាដើម គឺជាថ្នាំដែលប៉ះពាល់ដល់កម្រិតនៃការបញ្ជូនសារនៃសរសៃប្រសាទក្នុងភាគកណ្ដាលនៃប្រព័ន្ធសរសៃប្រសាទ ដែលធ្វើឲ្យខួរក្បាលជួបនូវសុបិនដ៏គួរឲ្យភ័យខ្លាច។
២- គ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាគ្រឿងដែលអាចជួយឲ្យអ្នកគេងលក់បានរហ័ស ប៉ុន្ដែនៅពេលខ្លះ វាអាចធ្វើឲ្យអ្នកភ្ញាក់ គេងលែងលក់ក៏មានដែរ។ ការទទួលទានគ្រឿងស្រវឹងច្រើនហួស គឺអាចនាំទៅដល់ការយល់សប្តអាក្រក់ និងគេងមិនលក់។
៣- មានជម្ងឺ
ពេលខ្លះ ការកើតជម្ងឺផ្ដាសាយធំ ឬផ្ដាសាយធម្មតា ក៏អាចធ្វើឲ្យយើងជួបសុបិនអាក្រក់ផងដែរ។ ក្រៅពីនេះ ការពិបាកដកដង្ហើម ការកើតជម្ងឺងងុយដេក ក៏អាចបង្កើនការប្រឈមមុខនឹងសុបិនអាក្រក់នោះដែរ។
៤- អាហារមានរសជាតិហិរ
ការញ៉ាំអាហារដែលមានរសជាតិហិរ ឬប្រៃពេក មុនពេលចូលដំណេក អាចរំខានដល់ការគេងរបស់អ្នក ហើយក៏នឹងធ្វើឲ្យអ្នកជួបសុបិនអាក្រក់ដែរ។ ការញ៉ាំអាហារច្រើនជ្រុល ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារត្រូវធ្វើការធ្ងន់ធ្ងរមុនពេលចូលគេង ក៏អាចធ្វើសុបិនអាក្រក់តាមលងអ្នកផងដែរ។
៥ - អារម្មណ៍ស្រេ្ដស និងការភ័យខ្លាច
សុបិនអាក្រក់ គឺជាលទ្ធផលនៃអារម្មណ៍ធុញថប់ ស្រេ្ដស តប់ប្រម៉ល់ និងការភ័យខ្លាច។ ការជួបប្រទះនូវរឿងដែលអាក្រក់ៗក្នុងជីវិត ដូចជាការត្រូវបានគេចាប់រំលោភ ការបាត់បង់នូវមនុស្សដែលខ្លួនស្រឡាញ់ ការឃើញហេតុការគ្រោះថ្នាក់ចរាចរសាហាវៗនៅនឹងមុខ និងរឿងហេតុអាក្រក់ផ្សេងទៀត គឺជាមូលហេតុដ៏ធំដែលធ្វើឲ្យអ្នកត្រូវប្រឈមមុខនឹងសុបិនអាក្រក់។
៦- អារម្មណ៍តានតឹងរាល់ថ្ងៃ
ការជួបប្រទះនូវអារម្មណ៍តានតឹងជារៀងរាល់ថ្ងៃ ដូចជាការងារគ្មានសុវតិ្ថភាព (គ្មានកុងត្រាត្រឹមត្រូវ) បញ្ហាហិរញ្ញវត្ថុ បញ្ហាគ្រួសារ (ការលែងលះ ) គឺជាមូលហេតុផ្សេងទៀត ដែលធ្វើឲ្យអ្នកជួបសុបិនអាក្រក់។
ខាងលើនេះ គឺជាមូលហេតុដែលបណ្ដាលឲ្យមានសុបិនអាក្រក់។ ចូរកុំភ័យខ្លាច ប្រសិនបើអ្នកដូចនូវអ្វីដែលរៀបរាប់ខាងលើ។ អ្នកនឹងជួបនូវសុបិនដ៏ល្អ ប្រសិនបើអ្នកធ្វើការផ្លាស់ប្ដូរនូវទម្លាប់ការរស់នៅឲ្យបានល្អប្រសើរ!