ផឹក​ទឹក​ដើម្បី​ការ​ពារ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២


ក្រុម​អ្នក​វិទ្យាសាស្រ្ដ​មួយ​ក្រុម​​បាន​រក​ឃើញ​ថា ការ​ផឹក​ទឹក​ ជំនួស​ឲ្យ​ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស់ ពិត​ជា​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​បាន​ យ៉ាង​ប្រសើរ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែ​ល​មក​ពី​សាកលវិទ្យាល័យ​ Harvard នេះ បាន​បង្ហាញ​នូវ​ភស្ដុតាង​ថ្មី​ ដែល​បញ្ជាក់​ថា ការ​ឈប់​ផឹក​​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម ដោយ​ជំនួស​មក​វិញ​ នូវ​ទឹក គឺ​ពិត​ជា​អាច​កាត់​បន្ថយ​ទម្ងន់​ ហើយ​អាច​ជួយ​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ចំនួន ៧ភាគ​រយ​។
លោក​សាស្រ្ដា​ចារ្យ Frank Hu មក​ពី​សាលា Harvard School of Public Health បាន​មាន​ប្រសាសន៍​ថា មាន​ភស្ដុតាង​ដែល​ទើប​រក​ឃើញ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិស្ក​ជា​ប្រចាំ គឺ​ពិត​ជា​ធ្វើ​ឲ្យ​បង្កើន​នូវ​ហានីភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ធាត់​លើស​ទម្ងន់​ ហើយ​ក៏​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះ​ដូង​ផង​ដែរ​។
ការ​កាត់​បន្ថយ​នូវ​គ្រោះ​ថា្នក់​នៃ​ការ​ធាត់​ជ្រុល និង​គ្រោះ​ថ្នាក់​នៃ​ជំងឺ​បេះ​ដូង គឺ​ពិត​ជា​សំខាន់​ណាស់​ ក្នុង​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​ៗ មាន​ជាតិ​ហ្គាស់​ទាំង​នោះ ហើយ​ជំនួស​មក​វិញ ដោយ​ការ​ញ៉ាំទឹក​ ឬ​ក៏​ទឹក​តែ​ និង​កាហ្វេដែល​មិន​ដាក់​ស្ក​។
គួរ​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ជា​ច្រើន​លាន​នាក់​បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ទូទាំង​ពិភពលោក​ ដែល​គ្រាន់​តែ​នៅ​អង់​គ្លេសមួយ មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដល់​ទៅ ២,៨លាន​នាក់​បាត់ទៅ​ហើយ ដែល​ក្នុង​នោះ ជាង​១លាន​នាក់​ផ្សេង​ទៀត ក៏​បាន​ផ្ទុក​នៅ​ជំងឺ​នេះ​ទាំង​មិន​ដឹង​ខ្លួន​ផង​ដែរ​។
មនុស្ស​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​បាត់​បង់​សមត្ថ​ភាពក្នុង​ការ​បំឡែង​ជាតិ​គ្លុយ​កូស​ទៅ​ជា​ថាម​ពល ដូច្នេះ​ហើយ វា​បាន​បង្ក​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ក​​កើនឡើង​។
ជំងឺ​ទឹក​នោម​ផ្អែម គឺ​ជា​ជំងឺ​ដែល​អាច​បង្កើន​ឱកាស​នៃ​​​ជំងឺ​បេះដូង​បាន​រហូត​ដល់​ទៅ​៥ដង​ឯណោះ។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​បង្កើនការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើនជាង​មុន និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​។




Related posts





Share/Bookmark