ធ្វើ​អ្នក​គ្រង​គ្រង​មនុស្ស ​ជួយ​បង្កើន​សុខ​ភាពខួរ​ក្បាល​


យោង​តាម​ការ​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សាថ្មីមួយ​ បាន​បង្ហាញ​ថា មនុស្ស​ដែល​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​មនុស្ស​ដទៃទៀតនៅ​កន្លែង​ធ្វើ​ការ​ងារ មាន​ខួរ​ក្បាល​ធំ​ជាង​មនុស្ស​ធម្ម​តា​។ ទំហំ​ធំ​ជាង​នៃ​ខួរ​ក្បាលនេះ​​ ជា​ពិសេស​គឺ​ទំហំ​នៃ hippocampus (ផ្នែក​នៃខួរ​ក្បាល​ដែល​ទទួល​ខុស​ត្រូវ​ក្នុ​ង​ការ​រៀន និង​ការ​ចង​ចាំនៅ​វ័យ​ចាស់​) បាន​ជួយ​បង្កើន​សុខ​ភាព​ខួរ​ក្បាល​បាន​ល្អ នៅ​ពេល​ដែល​ឈាន​ដល់​វ័យ ៨០​ឆ្នាំ​ឡើង​ទៅ​។
ដើម្បី​ឲ្យ​ដឹង​ថា​តើ​អ្នក​ដែល​មាន​បទពិសោធន៍​គ្រប់​គ្រង​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ​ឬ​ក៏​អត់​នោះ ក្រុម​អ្នក​ស្រាវ​ជ្រា​វនៃ​សាកល​វិទ្យាល័យ New South Wales (UNSW) បាន​ជ្រើ​សរើស​ក្រុមមនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៧៥​ឆ្នាំ ដល់​៩២​ឆ្នាំ ទាំងអ្នក​មាន​បទពិសោធន៍​គ្រប់​គ្រង​ និង​គ្មាន​បទ​ពិសោធន៍​គ្រប់​គ្រង​។
អ្នក​ដែល​ចូល​រួម​ជា​បុរស​ ភាគ​ច្រើន​ជា​អ្នក​ធ្លាប់​ដឹក​នាំ​ក្នុង​ក្រុមហ៊ុន ខណៈ​ដែល​អ្នក​ចូល​រួម​ជា​ស្រ្ដី​ ភាគ​ច្រើន​ជា​ធ្លាប់​គ្រប់​គ្រង​ក្នុង​ផ្នែក​ពេទ្យ​ និង​សាលា​រៀន​។
ក្រុម​អ្ន​ក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​​ស្គែនទំហំ​ hippocampus នៃ​ខួរ​ក្បាលរបស់​អ្នក​ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ទាំង​អស់​។ ក្រោយ​ពី​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​​ប្រៀប​ធៀប​ទំហំ​នៃ hippocampus ជាមួយ​នឹង​បទ​ពិសោធន៍​នៃ​ការ​គ្រប់​គ្រង​រួច​មក ពួក​គេ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​មាន​បទ​ពិសោធន៍ជា​អ្នក​គ្រប់​គ្រង​ ឬក៏​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ការ​ស្មុគ​ស្មាញ គឺ​មាន​ទំហំ hippocampus ធំ​ជាងមនុស្ស​ដែល​មិនមាន​បទ​ពិសោធន៍​គ្រប់​គ្រង​។ ការ​រក​ឃើញ​នេះ គឺដូច​គ្នា​ ទាំង​បុរស​ និង​ស្រ្ដី​។
លោក​វេជ្ជ​បណ្ឌិត Michael Valenzuela ដែល​ជា​អ្នក​ដឹក​នាំ​ការ​​ស្រាវ​ជ្រាវ​នេះ​ បាន​និយាយថា គាត់​រួម​នឹង​សហការី​របស់​គាត់​បាន​រក​ឃើញ​នូវ​ទំនាក់​ទំនងយ៉ាង​ច្បាស់​រវាង​ទំហំ​នៃ hippocampus និង ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ។
លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ពី​ក្ដីសង្ឃឹម​ថា ការ​រក​ឃើញ​នា​ពេល​នេះ អាច​នឹង​ជួយ​ពន្យល់​ពី​របៀប​ដែល​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​សកម្ម​ភាព​ និង​សុខ​ភាពល្អ និង​ជៀស​វាង​ជំងឺ​ខួរ​ក្បាល និង​ជំងឺ​រវើរវាយ​ជាដើម​។




Related posts





Share/Bookmark