កាលពីថ្ងៃពុធព្រឹត្តិបត្រផ្នែកវិទ្យាសាស្ត្រសរសៃប្រសាទបានបោះផ្សាយនូវរបាយការណ៍មួយដែលបង្ហាញថា ការធ្វើសមាធិអាចជួយបន្ថយការឈឺចាប់បាន។
សម្រាប់ការសិក្សានេះ អ្នកស្រាវជ្រាវបានដុតកម្ដៅបុរស និង ស្ត្រីចំនួន១៥នាក់ក្នុងទីពិសោធនានូវឱកាសពីរផ្សេងគ្នា គឺ មុន និង ក្រោយដែលអ្នកស្ម័គ្រចិត្តទាំងនោះបានចូលរួមធ្វើសមាធិរយៈពេល២០នាទីចំនួន៤ថ្ងៃ។
ក្នុងកំឡុងពេលនៃការពិសោធលើកទី២ នៅពេលដែលអ្នកចូលរួមបានធ្វើសមាធិនោះ ពួកគេបានគិតពីកម្រិតការឈឺចាប់របស់គេ។
លោក ហ្វេដេល ហ្សេដេន (Fadel Zeiden) ជាអ្នកស្រាវជ្រាវក្នុងវិស័យនេះបាននិយាយថា នេះជាការសិក្សាលើកដំបូង... ហើយដែលបង្ហាញថា ការធ្វើសមាធិតែក្នុងរយៈពេលតិចតួចអាចកាត់បន្ថយគួរឲ្យកត់សម្គាល់នូវការឈឺចាប់ផ្នែករាងកាយ និង ក្នុងខួរក្បាល។
គាត់បានបន្ថែមថា ការកាត់បន្ថយអត្រាឈឺចាប់មានកម្រិតច្រើនគួរសមជាងការសិក្សាដែលស្រដៀងគ្នានេះដោយប្រើថ្នាំដូចជា Placebo pill, Hypnosis, morphine និង ថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀត។
ការស្រាវជ្រាវក្នុងពេលពីមុនៗបានរកឃើញថា ការធ្វើសមាធិតាមបែបព្រះពុទ្ធសាសនា អាចជួយឲ្យមនុស្សយើងយកឈ្នះលើការឈឺចាប់ ក្ដីកង្វល់ និងបញ្ហាផ្នែកផ្លូវកាយ និង ផ្លូវចិត្តបានមួយចំនួន។ តែក្នុងករណីជាច្រើន ការហ្វឹកហាត់ធ្វើសមាធិនេះអាចមានរយៈពេលជាច្រើនសប្ដាហ៍ មិនមែនមានចំនួនតិចថ្ងៃដូចក្នុងការសិក្សានេះទេ។