វិធី​​ប្រាំ​យ៉ាង​ ដើម្បី​ថែបំប៉ន​សុខ​ភាព​បេះ​ដូង​


ជំងឺ​បេះ​ដូង​ គឺ​ជា​ជំងឺ​ដ៏​សាហាវ​បំផុត និង​ជា​មេឃាតករ​នាំមុខ​គេ​ក្នុង​ការ​ផ្ដាច់​យកជីវិត​មនុស្ស​អស់​ជា​ច្រើនលាន​នាក់​នៅ​ទូទាំង​ពិភព​លោក​។ ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ជំងឺ​នេះ​ អ្នក​ត្រូវ​ចេះ​ថែរក្សា​សុខ​ភាព​បេះ​ដូង​របស់​អ្នក​ ដូច​ជា​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ គ្រប់​គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ និង​ការ​មិន​ជក់​បារីជា​ដើម​។​
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រៀប​ចំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ ក៏​ជា​វិធីដ៏​សំខាន់​មួយ​ផង​ដែរ ក្នុង​ការ​ធ្វើ​ឲ្យ​បេះ​ដូង​របស់យើង​មាន​សុខ​ភាព​ល្អ​។ ការ​ញ៉ាំ​អាហារ​ដែល​ត្រឹម​ត្រូវ​មិន​ត្រឹម​តែ​ជួយ​ថែ​បំប៉ន​បេះ​ដូង​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អាច​ជួយ​បង្កើនគុណ​ភាព​ជីវិត​របស់​អ្នក​បាន​ទៀត​ផង​។
ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ទាក់​ទង​នឹង​អាហារ សម្រាប់​ការ​ពារ​ជំងឺ​បេះ​ដូង និង​ជួយ​ថែ​រក្សា​សុខ​ភាពបេះ​ដូង​៖
១- ត្រូវ​ផ្ដោត​លើ​អាហារ​ពេល​ព្រឹក​
ទោះ​បី​ជា​រវល់​ប៉ុណ្ណា​ក៏​ដោយ​ អ្នក​មិន​ត្រូវ​ភ្លេច​អាហារ​ពេល​ព្រឹក​នោះ​ទេ ព្រោះ​វា​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​។ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មានជីវជាតិ​គ្រប់គ្រាន់​ មិន​ត្រឹម​តែ​ជួយ​ផ្ដល់​ថាម​ពល​ដល់​អ្នក​ប៉ុណ្ណោះទេ ប៉ុន្ដែ​វា​ក៏​អាច​ជួយ​បញ្ចុះ​កូឡេស្ទេរ៉ូល​បាន​ទៀត​ផង​។
២- កាត់​បន្ថយ​អាហារ​លឿន​ (fast food)
អាហារ​ដែល​ល្អ​ចំពោះ​បេះ​ដូង និង​ជួយ​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​បេះដូង​ គឺ​ជា​អាហារ​ដែល​គ្មាន​ជាតិ​ធាត់​ខ្លាំង​។ អាហារ​ដែល​មាន​កម្រិត​ធាត់​ខ្លាំង​មាន​ដូច​ជា ដំឡូងបារាំងចៀន និង​អាហារ​លឿន​ៗ​ដទៃ​ទៀត ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កម្រិត​នៃ​កូឡេស្ទេរ៉ូល​នៃ​រាង​កាយ​របស់​យើង​កើន​ឡើង ដែល​ជា​ការ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​គាំង​បេះ​ដូង​។
៣- គ្រាប់​​ធញ្ញជាតិ​
គ្រាប់​ធញ្ញជាតិ​ដែល​អ្នក​អាច​ញ៉ាំ​បាន​ រួម​មាន គ្រាប់​ស្វាយ​ចន្ទី គ្រាប់​អាល់​ម៉ុន (almond) គ្រាប់​វ៉ាល់​ណាត់ គ្រាប់​ផ្លែ​អង្គារ​ដី គ្រាប់​កប្បាស ឬគ្រាប់​សណ្ដែក​ដី​ជា​ដើម។ ការ​ញ៉ាំ​គ្រាប់​ទាំង​អស់​នេះ អាច​ជួយ​ឲ្យ​អ្នក​កាត់បន្ថយ​នូវ​កម្រិត​ហានីភ័យ​នៃ​ជំងឺ​បេះ​ដូង​បាន​។
យ៉ាង​ណាមិញ អ្នក​ត្រូវ​ចង​ចាំ​ផង​ដែរ​ថា គ្រាប់​ធញ្ញជាតិ​ទាំង​អស់​នេះ មាន​កាឡូរី​ខ្ពស់ ដូច្នេះ​អ្នក​គួរ​តែ​ញ៉ាំ​វា​ក្នុង​កម្រិត​មួយ​តិច​ល្មម​បាន​ហើយ​។ អ្នក​ជំនាញ​ បាន​ផ្ដល់​ដំបូន្មាន​ថា អ្នក​គួរ​តែ​ញ៉ាំ​វា​ជាមួយ​នឹង​អាហារ​ពេល​ព្រឹក ឬ​ជា​អាហារ​ញ៉ាំ​លេង​ក្រោយ​ពេល​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ហើយ​។
៤- ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​
ផ្លែ​ឈើ និង​បន្លែ​ជា​ច្រើន​ មាន​កម្រិត​កាឡូរី​ទាប និង​មាន​ហ្វៃ​ប៊ើ​ច្រើន ដែល​អា​ច​ជួយ​ឲ្យ​អ្នក​មាន​សុខ​ភាព​បេះ​ដូង​ល្អ​។ វិធី​ដែល​​ឆ្លាត​បំផុត គឺ​ការ​លាង​ និង​កាត់​ឲ្យ​រួច​ស្រេច​នូវ​រាល់​ផ្លែ​ឈើ​ ឬ​បន្លែ​នៅ​ក្នុង​ទូទឹក​កក ដែលអាច​ឲ្យ​អ្នក​យក​ញ៉ាំ​បាន​លឿន មិន​ចំណាយ​ពេល​ច្រើន​។
អ្នក​ត្រូវ​ព្យាយាម​បញ្ចូល​ផ្លែ​ឈើ និង​បន្លែ​ឲ្យ​បាន​​គ្រប់​មុខ​ម្ហូប​ ឬក៏​បាន​ច្រើន​មុខ​ តាម​តែ​អាច​ធ្វើ​ទៅ​បាន​។
៥- ញ៉ាំ​ត្រី​ដើម្បី​បេះ​ដូង​
ការ​ញ៉ាំ​ត្រី ពិត​ជាមាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​បេះ​ដូង​របស់​យើង​។ ត្រី​ដែល​មាន​ផ្សំ​ទៅ​ដោយ អូមេហ្កា៣ នឹង​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះ​ដូង ជា​ពិសេស​គឺ​ស្លាប់​ដោយ​សារ​ការ​គាំ​ង​បេះ​ដូង​។




Related posts





Share/Bookmark