យោងតាមការស្រាវជ្រាវដែលបោះពុម្ភផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ បានឲ្យដឹងថា ការយកដៃរបស់អ្នកទាំងពីរមកខ្វែងគ្នា (អោបដៃ) អាចធ្វើឲ្យលោកអ្នកកាត់បន្ថយការឈឺចាប់បាន។
ក្រុមអ្នកវិទ្យាសាស្រ្ដដែលមកពីសាកលវិទ្យាល័យទីក្រុងឡុង ប្រទេសអង់គ្លេស បានស្រាវជ្រាវរកឃើញថា ការយកដៃខ្វែងគ្នា អាចធ្វើឲ្យខួរក្បាលមានការច្រឡំ ក្នុងកំឡុងពេលដែលអ្នកទទួលរងការឈឺចាប់ដោយរបួស ឬប៉ះទង្គិចអ្វីមួយ។
លោក Giandomenico ដែលជាអ្នកវិទ្យាសាស្រ្ដម្នាក់ក្នុងក្រុមស្រាវជ្រាវនេះ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ជារៀងរាល់ថ្ងៃមនុស្សភាគច្រើនបានប្រើដៃខាងឆ្វេងដើម្បី
ចាប់កាន់ ឬប៉ះពាល់វត្ថុដែលនៅខាងឆ្វេង ហើយដៃស្ដាំសម្រាប់វត្ថុដែលនៅខាងស្ដាំ។ គាត់បានបន្ថែមថា ដោយសារតែបែបនេះហើយទើបខួរក្បាល បានកត់ត្រានូវសកម្មភាពដដែលនេះ ហើយខួរក្បាលបានចាប់យកនូវផ្នែកនៃរាងកាយខាងស្ដាំ ជាមួយនឹងវត្ថុដែលនៅខាងស្ដាំនៃខ្លួនរបស់អ្នកព្រមគ្នា ដែលធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ឈឺចាប់។
អ្នកស្រាវជ្រាវដដែលនេះ បានពន្យល់ទៀតថា នៅពេលដែលយើងខ្វែងដៃទាំងពីរ នោះខួរក្បាលក៏មិនបានធ្វើសកម្មភាពព្រមគ្នាទៀតដែរ ដែលធ្វើឲ្យការឈឺចាប់ត្រូវបានកាត់បន្ថយ។
នៅក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្ដបានជ្រើសរើសមនុស្ស៨នាក់ ហើយបាញ់កាំរស្មីឡាស៊ែទៅលើដៃពួកគេ ដើម្បីឲ្យពួកគេមានអារម្មណ៍ថាឈឺចុកចាប់។ បន្ទាប់មកទៀត គឺអ្នកវិទ្យាសាស្រ្ដបានធ្វើដូចនេះដដែល ប៉ុន្ដែតម្រូវឲ្យអ្នកចូលរួមទាំង៨នាក់នោះឈរអោបដៃ (យកដៃខ្វែងគ្នា)។
ជាលទ្ធផលពីរការធ្វើតេសន៍ពីរដងនេះ អ្នកចូលរួមបានបញ្ជាក់ប្រាប់ថា ការធ្វើដោយដាក់ដៃខ្វែងគ្នា មានការឈឺចុកចាប់តិចជាង។
អ្នកស្រាវជ្រាវម្នាក់ បានបញ្ជាក់បែបកំប្លែងថា នេះប្រហែលជានៅពេលដែលឈឺ យើងបែរជាឈរអោបដៃលេងទៅវិញ ទើបបានជាមិនសូវឈឺបែបនេះ។
ទោះបីជាមិនសូវមានការពន្យល់ពីអ្នកស្រាវជ្រាវពីមូលហេតុច្បាស់លាស់អ្វីក្រៅពីការភ័ន្ធច្រឡំនៃខួរក្បាល ក៏ការរកឃើញនេះអាចនាំទៅរកការផលិតនូវឱសថថ្មីដើម្បីកាត់បន្ថយការឈឺចាប់បានផងដែរ។
ប្រិយមិត្តទាំងអស់ អាចអនុវត្តបាននៅពេលដែលទទួលរងការឈឺចាប់អ្វីមួយ ដើម្បីឲ្យដឹងថាការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដអង់គ្លេសនេះត្រឹមត្រូវបានកម្រិតណា។ បើមានប្រសិទ្ធភាពមែន កុំភ្លេចចែករំលែកទៅកាន់មនុស្សដែលអ្នកស្គាល់ផងណា!