ការសិក្សានិងការងារ គឺមិនអាចបែងចែកឲ្យដាច់ពីគ្នាបានទ្បើយ ព្រោះថាមនុស្សកើតមកត្រូវតែរៀនផងនិងធ្វើការផងតាំងពីចេញពីពោះម្តាយភ្លាម រហូតដល់ពេលយើងស្លាប់ទៅវិញ។ អ្នកខ្លះទៅរៀនសូត្រដើម្បីរកការងារធ្វើ ចំណែកអ្នកខ្លះទៀតធ្វើការងារដើម្បីយកប្រាក់មករៀន។ និយាយឲ្យខ្លីទៅគឺគ្មាននរណាម្នាក់កើតមក គេចផុតពីរឿងការសិក្សា និងការធ្វើការងារនេះណាស់ ទោះបីជាអ្នករស់នៅក្នុងព្រៃក៏ដោយ។ នៅក្នុងព្រៃអ្នកប្រហែលជាមិនបានចូលសាលារៀនត្រឹមត្រូវក៏ពិតមែន តែអ្នកបានរៀនពីឪពុកម្តាយរបស់អ្នក ឬក៏រៀនពីមជ្ឈដ្ឋានជុំវិញខ្លួនអ្នក ហើយអ្នកនៅក្នុងព្រៃក៏ត្រូវតែធ្វើការងារដែរ ដើម្បីរកចំណី ព្រោះថាគ្មានសត្វម្រឹកណា ល្ងង់រុតចូលមាត់សិង្ហដែលកំពុងដេកលក់នោះទេ។
បើមនុស្សយើងម្នាក់ៗមិនអាចចៀសផុតពីការសិក្សា និងការធ្វើការងារទៅហើយ អិញ្ចឹងមានតែខំសិក្សាពិវាឲ្យបានច្រើនទើបល្អសម្រាប់ជីវិតនៅថ្ងៃអនាគតរបស់អ្នក។
ដើម្បីឲ្យលោកអ្នកយល់ឲ្យបានច្បាស់ពី ការសិក្សា និងការងារ យើងនឹងធ្វើការវិភាគទៅលើគំនិតរបស់សិស្សមួយក្រុមដែលបានបញ្ចេញមត្តិដែលទាក់ទងនឹងប្រធានបទនេះ។
ខាងក្រោមនេះគឺជាមត្តិរបស់សិស្សមួយក្រុម ដែលសុំមិនបញ្ចេញឈ្មោះពិត។ ដូចនេះឈ្មោះរបស់គេត្រូវបានជំនួសដោយឈ្មោះផ្សែង។
តើអ្នកយល់ដូចម្តេចចំពោះការសិក្សា និងការងារ?
តារា៖ ការរៀនសូត្រក៏ដូចជាការធ្វើការងារដែរ ព្រោះថានៅពេលគេសួរខ្ញុំថាសព្វថ្ងៃខ្ញុំប្រកបមុខរបរអ្វី? ខ្ញុំតែងតែឆ្លើយថា ខ្ញុំជាសិស្ស។ ហើយម្យ៉ាងទៀតក្នុងនាមខ្ញុំជាសិស្ស ខ្ញុំធ្វើការមិនចាញ់អ្នកធ្វើការនៅការិយាល័យប៉ុន្មានទេ ព្រោះខ្ញុំត្រូវទៅរៀនផង និងនៅផ្ទះខ្ញុំត្រូវធ្វើលំហាត់ដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ ហើយនៅពេលទំនេរ ខ្ញុំទៅសិក្សាស្រាវជ្រាវបន្ថែម។
ធារី៖ ចំណែកខ្ញុំខុសពីតារា យើងសិក្សាដើម្បីត្រៀមខ្លួនធ្វើការងារមួយដែលយើងចូលចិត្ត ហើយនៅពេលសិក្សាគឺយើងមិនត្រូវធ្វើការងារទេ ព្រោះនាំឲ្យយើងបែកអារម្មណ៍រៀនមិនចូល។
សុផល៖ គំនិតខ្ញុំវិញ ខុសពីគេ។ ការសិក្សាមិនសំខាន់ទេ ឲ្យតែយើងចេះធ្វើការរកលុយបានច្រើនទៅ គឺវាល្អហើយ ព្រោះថា បើអ្នកមានលុយច្រើន គឺមានអ្វីៗទាំងអស់ ហើយអ្នកណាៗក៏ស្រាលាញ់រាប់អានយើងដែរ។
ដានី៖ ការសិក្សា និងការងារសំខាន់ដូចគ្នា ព្រោះថាតាំងពីកើតដល់ពេលស្លាប់ទៅវិញ យើងត្រូវរៀន និងធ្វើការរហូត។ នៅពីក្មេង យើងរៀនសូត្រពីចាស់ទុំ ហើយយើងជួយធ្វើការងារគាត់ ដល់ពេលធំទ្បើង យើងធ្វើការរបស់យើង ហើយយើងរៀនពីក្មេងៗវិញ នេះហើយគេថាជីវិតដែលមានន័យ។ បានជាខ្ញុំថាដូចនេះ ព្រោះមនុស្សកើតមកមិនអាចរស់នៅម្នាក់ឯងបានទេ គឹយើងត្រូវរៀនពីគ្នាទៅវិញទៅមក និងជួយធ្វើការងារគ្នាទៅវិញទៅមកដែរ នេះហើយបានគេហៅថាការរស់នៅប្រកបដោយសេចក្តីសុខ។
មត្តិរបស់អ្នកទាំង បួន មានអត្ថន័យម្យ៉ាងម្នាក់ គូរឲ្យយកមិនរិះគិតពិចារណា។ មនុស្សកើតមកមានខួរក្បាលមិនជាប់គ្នាទេ ដូចនេះគំនិងគិតមកតែងតែខុសគ្នាខ្លះ ត្រូវគ្នាខ្លះ ហើយគំនិតមួយណាត្រូវមួយណាខុស យើងមិនអាចថាបានទ្បើយ គឺមានតែអ្នកខ្លួនឯងទេ ដែលអាចសម្រេចបានថាមួយណាខុសមួយណាត្រូវ។ ទោះជាយើងមិនអាចថាគំនិតមួយណាខុស ឬមួយណាត្រូវក៏ដោយ ក៏យើងអាចធ្វើការវាយតំលៃថាគំនិតរបស់អ្នកណាល្អជាងអ្នកណា ហើយគំនិតមួយណាមានភាពវិជ្ជមានជាងគំនិតមួយណា។ បើយើងធ្វើការសិក្សាលើគំនិតទាំង បូននេះយើងឃើញថា គំនិតរបស់ ដានី មានភាពវិជ្ជមានខ្ពស់ ហើយគាត់បានឲ្យតំលៃទៅលើការសិក្សាផង និងការងារផង។ ដានី ក៏បានបង្ហាញពីការរស់នៅក្នុងសង្គម ឲ្យចេះជួយធ្វើការងារគ្នាទៅវិញទៅមក និងចេះរៀនពីគ្នាទៅវិញទៅមកផងដែរ។ នេះគឺជាគំនិតមួយល្អណាស់ ព្រោះថាមនុស្សមួយចំនួនយល់ខុស និងឲ្យតំលៃខុស ចំពោះការងារ និងការសិក្សា។ សំរាប់អ្នកខ្លះ បើតាមភាពជាក់ស្តែង និង ការអង្កេតជាទូទៅ គឺគេរៀនដើម្បីតែខ្លួនគេ ប៉ុណ្ណោះ មិនខ្វល់ពីអ្នកដទៃទ្បើយ ចង់អ្នកដទៃក្លាយទៅជាអ្វីក៏គេមិនខ្វល់ដែរ។ ហើយបើធ្វើការងារវិញគឺធ្វើតែការងារខ្លួនឯងឲ្យតែល្អ គឺបានហើយ ចំណែកឯអ្នកដទៃទៅជាយ៉ាងណាក៏មិនយកភ្នែកមើលដែរ។ នេះគេហៅថាមនុស្ស អាត្មានិយម។
ក្នុងនាមយើងជាមនុស្សម្នាក់ រស់នៅក្នុងសង្គមមួយ ជ្រកកោនក្រោមដំបូលនៃប្រទេសមួយ មានឈាមជ័រជាជនជាតិមួយ យើងគួរណាស់ចេះឲ្យតំលៃអ្នកដែលរស់នៅជិតយើង និងអ្នកដែលមានជាតិសាសន៍ដូចគ្នា ហើយយើងគួរចេះចែករំលែកការសិក្សា និងការងារគ្នា។ នេះគេហៅថាជីវិតរស់នៅទើបមានន័យ ហើយអ្នកចូលចាំពាក្យមួយឃ្លាខាងក្រោមនេះ។
"អ្នកមិនអាចសើចសប្បាយបានទេ ប្រសិនបើអ្នកសើចតែម្នាក់ឯងនៅក្នុងបន្ទប់នោះ "។
នេះគឹជាអត្ថបទសំរាប់អ្នកដែលចូលចិត្តអាន។ ខ្មែរសារិកាសរសេរអត្ថបទនេះទ្បើង ដើម្បីបំពេញតម្រូវការអ្នកដែលចូលចិត្តអានជាភាសាខ្មែរ។ បច្ចុប្បន្ននេះ អត្ថបទនេះ បោះពុម្ពផ្សាយ ពីរសប្តាហ៍ម្តង គឺថ្ងៃដើមសប្តាហ៍តែម្តង។ ប្រសិនបើអត្ថបទប្រភេទនេះមានអ្នកគាំទ្រច្រើន ខ្មែរសារិកា អាចនឹងបោះពុម្ពផ្សាយ មួយសប្តាហ៍ម្តង ដើម្បីបំពេញតម្រូវការអ្នកអាន។ យ៉ាងណាក៏ដោយអត្ថបទ គឺជាប្រភេទអត្ថបទថ្មី ដូចនេះវាអាចមានចំណុចខ្សោយមួយចំនូន ប្រសិនបើលោកអ្នក ដើម្បីស្ថាបនាអត្ថបទប្រភេទ នេះសូមជួយផ្តល់ជាយោបល់បន្ថែម។