កាលពីពេលថ្មីៗនេះ មានការស្រាវជ្រាវមួយបានរកឃើញថា ការនិយាយទូរសព្ទដៃច្រើនពេក អាចបង្កឲ្យកើតជំងឺមហារីក។ បន្ថែមលើនេះទៀត កាលពីខែឧសភាកន្លងទៅនេះ អង្គការសុខភាពពិភពលោក ក៏បានអះអាងដូចគ្នានេះដែរ ពោលគឺទូរសព្ទដៃអាចធ្វើឲ្យនាំឲ្យកើតជំងឺមហារីកដូចគ្នា។ ប៉ុន្ដែការស្រាវជ្រាវថ្មីបំផុតមួយដែលបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រសុខភាព និងបរិស្ថាន បានរកឃើញថា ទូរសព្ទដៃមិនបង្កើនហានីភ័យនៃការកើតជំងឺមហារីកនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ការស្រាវជ្រាវនេះក៏នៅតែមិនច្បាស់នៅឡើយ ព្រោះមានការសិក្សាឃើញផ្ទុយគ្នាបែបនេះ ដោយការសិក្សាថ្មីនេះ គឺជាការរកឃើញភស្ដុតាងប្រឆាំងនឹងការសិក្សាមុនៗ ដែលលើកឡើងថា ការប្រើប្រាស់ទូរសព្ទដៃ អាចបង្កជំងឺមហារីកខួរក្បាល ឬប៉ះពាល់សរសៃប្រសាទចំពោះមនុស្សពេញវ័យ។
ការស្រាវជ្រាវដែលដឹកនាំដោយគណៈកម្មការអន្តរជាតិមួយដែលទាក់ទងនឹងជាតិវិទ្យុសកម្មនេះ បានសិក្សារកឃើញថា អ្នកប្រើប្រាស់ទូរសព្ទដៃចាប់ពី១០ ទៅ១៥ឆ្នាំ មិនត្រូវបានគេរកឃើញថាមានសញ្ញានៃការកើតជំងឺមហារីកនោះទេ។
ដោយមើលទៅលើអត្រានៃការកើតជំងឺមហារីកចន្លោះឆ្នាំ ១៩៧០ ដល់២០០៨ ការស្រាវជ្រាវនេះបានរកឃើញថា អត្រាអ្នកកើតមហារីកមុនពេលមានទូរសព្ទប្រើ និងសម័យមានទូរសព្ទច្រើនប្រើ គឺហាក់ដូចជាមិនមានអ្វីប្រែប្រួលច្រើននោះទេ។
ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា ការសិក្សារបស់អង្គការសុខភាពពិភពលោក មានការស្ទង់មតិរយៈពេល១០ឆ្នាំ ទៅលើអ្នកចូលរួមជិត ១៣០០នាក់។ ការសិក្សានោះ គឺផ្ដោតតែលើអ្នកកើតជំងឺមហារីកប៉ុណ្ណោះ ជាឧទាហរណ៍ ដូចជាការសួរឲ្យអ្នកចូលរួមរកនឹកថាបាននិយាយទូរសព្ទច្រើនកម្រិតណាជាដើម។
យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ដ ក៏បានផ្ដល់យោបល់ដែរថា មិនទាន់មានអ្វីជាក់លាក់ប៉ុន្មានទេ ប៉ុន្ដែយើងក៏ត្រូវប្រយ័ត្នផងដែរ។ គួរបញ្ជាក់ផងដែរថា មានទូរសព្ទជាង ៥ពាន់លានគ្រឿងដែលកំពុងប្រើនាពេលបច្ចុប្បន្ននេះ ប៉ុន្ដែទិន្នន័យនេះគឺយកតែក្នុងរយៈពេល១០ ទៅ១៥ នៃការប្រើប្រាស់របស់មនុស្សពេញវ័យប៉ុណ្ណោះ មិនទាន់មានទិន្នន័យពីការប្រើប្រាស់របស់កុមារនោះទេ។