Showing posts with label Love. Show all posts
Showing posts with label Love. Show all posts

គន្លឹះបីយ៉ាងក្នុងការដោះស្រាយបញ្ហាប្រច័ណ្ឌ


សុភា​សិត​ខ្មែរ​មួយ​ឃ្លា​បាន​ពោល​ថា “ប្រ​ច័ណ្ឌ​ព្រោះ​ស្រឡាញ់” ពិ​ត​ជា​ត្រឹម​ត្រូវ​ណាស់ ប៉ុន្ដែ​ការ​ប្រ​ច័ណ្ឌ​នេះបែរ​ជា​ក្លាយ​ទៅ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដែល​នាំ​ឲ្យដៃ​គូ​ស្នេហា​បែក​បាក់គ្នា​ទៅ​វិញ។ តើ​អ្វីទៅ​ជា​ការ​ប្រ​ច័ណ្ឌ? ហើយ​តើ​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​នេះ បាន​ដោយ​របៀប​ណា? ថ្ងៃ​នេះ ខ្មែរ​សារិកា​នឹង​ពាំ​នាំ​ចម្លើយ​មក​ជួន​លោក​អ្នក​។
យោង​តាម​លោក​បណ្ឌិត ស្កុត​ ហាល​មែន (Scott Haltzman) ដែលជា​អ្នក​និពន្ធ​សៀវ​ភៅ​ស្នេហា​ជា​ច្រើន​​នោះ បាន​ឲ្យ​និយម​ន័យ​ការ​ប្រ​ច័ណ្ឌថា ការ​ភ័យ​ខ្លាច ឬ​បារម្ភ​ថា​អ្នក​ដែល​យើង​ស្រឡាញ់​ ត្រូវ​បាន​លួច​ចាប់​ចិត្ត​ប្រ​តិព័ត្យ​ដោយ​អ្នក​ដទៃ​។ អារម្មណ៍​បែប​នេះ​ គឺ​ជា​អារម្មណ៍​ដែល​ខ្លាច ​អ្នក​ដែល​នៅក្នុង​បេះ​ដូង​យើង​ ត្រូវ​បាន​គេ​ឆក់​យក​ទៅ​បាត់​។
ខាង​ក្រោ​មនេះ គឺ​ជា​គន្លឹះ​សំខាន់​ចំនួន​បី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ច័ណ្ឌ​៖
១- ស្មោះ​ត្រង់​នឹង​ខ្លួន​អ្នក : លោក​បណ្ឌិត Ish Major ដែល​ជា​អ្នក​ជំនាញ​ខាង​ស្នេហា​ម្នាក់​ដែរ​នោះ បាន​ឲ្យ​យោបល់​ថា​ អ្នក​គួរ​តែ​និយាយ​ចេញ​ឲ្យ​គេ​ដឹង​ ដូច​ជា​ប្រាប់​ទៅ​មិត្ត​ភក្ដិ​ដែល​អ្នក​ទុក​ចិត្ត​បំផុត ឬ​ក៏​សាច់ញាតិ​ក្នុង​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ប្រ​ច័ណ្ឌ។ ចូរ​កុំលាក់​ទុក​អារម្មណ៍​នេះ ឲ្យ​នៅ​ជាប់​នឹង​ខ្លួន​អ្នក​រាប់​ខែ​រាប់​ឆ្នាំ​ឲ្យ​សោះ​។ ពេល​ខ្លះអ្នក​គ្រាន់​តែ​អង្គុយ​ចុះ​ ហើយ​សរសេរ​វា​ចូល​ទៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​របស់​អ្នក​ក៏​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ស្បើយ​បាន​ដែរ​។ កា​រ​បញ្ចេញនូវ​អារម្មណ៍​នេះមក​ក្រៅ​អាច​ឲ្យ​អ្នក​គិត​បាន​កាន់​តែ​ច្បាស់​លាស់ឡើង​វិញ​។ ឧទាហរណ៍ បុរស​ម្នាក់​បាន​គិត​ថា​ ប្រ​ពន្ធ​គេ​គួរ​តែត្រ​ឡប់​មក​ពី​ហាង​ទំនិញ​វិញ​កាល​ពី​២០នាទីមុន ប្រ​ហែល​ជា​នាង​កំពុង​តែ​ត្រូវ​បាន​ញ៉ែ​ដោយ​អ្នក​គ្រប់​គ្រង​ហាង​ហើយ​។ បុរស​ក្នុង​ឧទាហរណ៍​នេះស្រមើ​ស្រម៉ៃ​ទៅ​រកផ្លូវ​អាក្រក់​ ដោយ​មិន​បាន​គិត​អ្វី​ល្អ​បន្ដិច​សោះ​ក្នុង​ពេល​គាត់​ខឹង​មួយ​ឆាវ​នេះ តែ​បើ​គាត់​គិត​ឲ្យ​បាន​យូរឡើង​វិញ​ គាត់​នឹង​នឹក​ឃើញ​នូវ​អ្វី​ដែល​ល្អ​ជា​ង​នេះ។
២- បង្ហាញ​នូវ​អារម្មណ៍​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ : លោក​បណ្ឌិត​ដដែល​បាន​និយាយ​ថា ការ​ប្រ​ច័ណ្ឌ​គឺ​ជា​អាវុធ​មុខ​ពីរ​ មុខ​ទី​មួយគឺ​​ដៃ​គូអ្នក​អាច​គិត​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ពីនាង ទើប​ប្រ​ច័ណ្ឌ និង​មុខ​ទី​២​គឺ​ដៃ​គូ​អ្នក​អាច​គិត​ថា​អ្នក​មិនទុក​ចិត្ត​នាង។ ​អ្នក​ត្រូវបញ្ចេញ​អារម្មណ៍​របស់​អ្នក​កុំ​ឲ្យ​ហួស​ព្រំដែន ដូច​ជា​អ្នកមិនគួរ​​​និយាយ​ទៅ​កាន់​ដៃ​គូទាំង​ខឹង​​ថា “បង​ពិ​ត​ជា​ប្រ​ច័ណ្ឌ​ខ្លាំង​ណាស់​ ពេល​បង​ឃើញ​អូន​ឯង​ចំណាយ​ពេល​នៅជា​មួយអា​​ម្នាក់​នោះ” ក្នុង​ន័យ​ដដែល​អ្នក​គួរ​តែ​ជំនួស​មក​វិញដោយ​និយាយ​ថា “បង​ទទួលស្គាល់​ថា​បង​ដូច​ជា​ប្រ​ច័ណ្ឌ​បន្ដិច​ដែរ​ នៅពេល​បង​ឃើញ​អូន​ទៅ​មើ​ល​កុន​ជា​មួយ​ម្នាក់​នោះ​”។ អ្នក​មិន​គួរ​បញ្ចេញ​កំហឹង​ទល់​កំហល់​នោះ​ទេ​។ វា​មិន​មាន​ប្រ​យោជន៍​នោះ​ទេ​ ក្នុង​ការ​បញ្ចេញ​នូវ​ភា​ព​ខឹ​ងក្រេវ​ក្រោធបែប​នេះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​។
៣- ប្រ​សិន​បើ​អ្នក​មិន​មាន​អារម្មណ៍​ប្រ​ច័ណ្ឌ​ ចូរ​កុំ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ប្រ​ច័ណ្ឌ : មា​ន​មនុស្ស​ស្រី​ខ្លះ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់​នូ​វពេល​ដែល​ដៃ​គូ​របស់​នាង​ប្រ​ច័ណ្ឌ​។ ដៃ​គូ​របស់​អ្នក​នឹង​គិត​ថា​ អ្ន​ក​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ ហើយ​​​ស្រឡាញ់​នាងខ្លាំង​​។ ប្រ​សិន​បើ​អ្នក​មិនមាន​អារម្មណ៍​ប្រ​ច័ណ្ឌ​សោះ ក៏​គួរ​បន្លំ​ធ្វើ​ជា​ប្រ​ច័ណ្ឌ​ខ្លះដែរ​ ដើម្បី​កុំ​ឲ្យ​ដៃ​គូ​របស់​អ្នកគិត​ថា​អ្នក​មិន​ខ្វល់​ពីនាង​។​ លោក​បណ្ឌិត​ជំនាញ​ខាង​ស្នេហា​​ដដែល​ ក៏​បាន​បញ្ជាក់​ទៀត​ថា ស្រ្ដី​ខ្លះ​អាច​នឹ​ងគិត​ថា​អ្ន​ក​​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ទេ បាន​ជា​មិន​ចេះ​ប្រ​ច័ណ្ឌ​អី​សោះ​អញ្ចឹង​។ ហើយ​មាន​ករណី​ខ្លះ​ទៀត​ បុរស​ដែល​ធ្លាប់​ប្រ​ច័ណ្ឌ​នឹង​ដៃ​គូ​របស់​ខ្លួន​ខ្លាំង​ បែ​រ​ជា​លែង​ប្រ​ច័ណ្ឌ​វិញនោះ គឺពិ​ត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ព្រោះ​អាច​ឲ្យ​នាង​គិត​​ថា​ អ្នកប្ដូរ​ចិត្ត​ ឬ​លែង​ស្រឡាញ់​នាង​ដូច​មុន​ទៀត​ហើយ​។
សរុប​មក​ បើ​មិន​ចង់​ឲ្យ​ការ​ប្រ​ច័ណ្ឌ​ក្លាយ​ទៅ​ជា​មារ​មក​ពង្រាត់​ស្នេហ៍របស់​អ្នក​ទេ ចូរ​កុំ​ប្រ​ច័ណ្ឌ​ខ្លាំង​ពេកដោយ​ខ្វះ​ការ​ពិចារ​ណា និង​មិន​ត្រូវ​មិន​ប្រ​ច័ណ្ឌ​សោះ​នោះ​ទេ គួរ​បន្លំ​ធ្វើ​ជា​ប្រ​ច័ណ្ឌ​ខ្លះ​៕​

អ្នកណាត្រូវចេញលុយនៅថ្ងៃណាត់ជួបដំបូង?


អ្នកទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ សម័យ​នេះ​គឺ​ជា​សម័យ​ដែល​ ប្រុស​ និង​ស្រី​មាន​សិទ្ធស្មើ​គ្នា​ទាំង​អស់​។ បើ​ដូច្នេះ​មែន តើ​អ្នក​ណា​នឹង​ត្រូវ​ចេញ​លុយ​ ដែល​ភាសា​សាម័ញ្ញ​ថា​ប៉ាវ នៅ​ថ្ងៃ​ណាត់​ជួប​គ្នា​ជា​លើក​ទី​មួយ​​​នោះ​? យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ស្រ្ដីជ​នជាតិ​អង់​គ្លេស​ច្រើន​ជា​ង​ពាក់​កណ្ដាលបា​ន​ឆ្លើយ​ថា​ ពួក​គេ​បាន​ចំណាយ​លុយ​សម្រាប់​ខ្លួន​ពួក​គេ​ផ្ទាល់​នៅ​ថ្ងៃ​ណាត់​ជួបដំបូង​ តែ​ទោះយ៉ាង​ណា​ក្ដី​ក៏បុរស​នៅ​តែ​ទទូច​ចង់​ចេញលុយទាំង​អស់​​ដដែល​។
ការ​បោះ​ឆ្នោ​ត​ស្ទង់​មតិ​នេះ ធ្វើ​ឡើយ​នៅអង់គ្លេស​ ដោយ​មាន​ការ​ចូលរួម​ពី​មនុស្ស​ពេញវ័យ​​ចំនួន ១៩២៤​នាក់​​។ ជា​លទ្ធផល​បាន​ឲ្យ​ដឹង​ថា មាន​ស្រ្ដី​​ប្រ​មាណ​ ៥៨​ភាគ​រយ​ឆ្លើយ​ថា
ពួក​គេ​ចង់​ចែក​គ្នា​ចេញ​លុយ ខណៈ​ដែល​មាន​បុរស​តែ ២៨​ភាគរយប៉ុណ្ណោះ​​ដែល​ឆ្លើយ​បែប​នេះ​។
ចំណែក​ឯ​ស្រ្ដី ១៤​ភាគរយ​ទៀត​បាន​ឆ្លើយ​ថា ភាគី​ណា​ជា​អ្នក​ផ្ដួច​ផ្ដើម​ការ​ណាត់​ជួប គឺ​ជា​អ្នក​ចេញ​លុយ។
មាន​តែ​ស្រ្ដីប្រមាណ​ ២៥​ភាគ​រយ​ ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​ថា​ ភាគី​បុរស​គួរ​តែ​ជា​អ្នក​ចេញ​លុយ​នៅ​ថ្ងៃ​ណាត់​ជួប​ដំបូង​​ ខណៈដែល​ស្រ្ដី​ដែល​នៅ​ល​សល់​បី​ភាគរយ​​ទៀត​ និយាយ​ថា​ស្រ្ដីគួរ​តែ​ជា​អ្នកចេញ​លុយ​ទាំង​អស់​នៅ​ថ្ងៃនោះ​ ព្រោះ​កុំ​ឲ្យ​បុរស​គិត​ថា​ពួក​គេ​អន់​។
ចំណែក​ឯ​ភាគី​បុរសក្រៅ​ពី​បុរស​ ២៨​ភាគ​រយ​ដែល​ចង់​ចេញ​ពាក់កណ្ដាល​ម្នាក់ដូច​​ខាងលើ​នោះ គឺ​មាន​​៥៥​ភាគ​រយ​បាន​ឆ្លើយ​ថា​ពូកគេ​ចង់​ចេញ​លុយ​ទាំង​អស់ ​តែ​ម្នាក់​ឯង​នៅ​ថ្ងៃ​ណាត់​ជួបលើក​​ទី​មួយ​នេះ។​ នៅប្រទេស​អង់​គ្លេស​ គិត​ជា​មធ្យ​ម បុរស​ចំណាយ​ប្រាក់​អស់​ ៦៥ផោន (១០៤​ដុល្លារ​អាមេរិក​)​ ខណៈ​ដែល​ស្រ្ដី​ចំណាយ​​អស់​ ៥០​ផោន​ ក្នុង​ថ្ងៃ​ណាត់​ជួប​ដំបូ​ង​របស់​ពួកគេ​​។
តាម​ការ​ស្ទង់​មតិ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា មិន​ត្រឹម​តែ​ភាគីបុរស​ចង់​ចេញ​លុយ​ច្រើន​នោះ​ទេ​ សូម្បី​តែ​ការ​​រៀប​ចំ និង​ការ​​ផ្ដួច​ផ្ដើម​គំនិត​ក៏​ជាការ​ទទួល​ខុស​ត្រូវ​របស់​​ភាគី​បុរស​ដែរ​។ ក្នុងនោះ​បុរស៩​នាក់​ក្នុង​ចំណោម​ ១០នាក់​ (៩៤ភាគរយ) បានឆ្លើយ​ថា​ពួកគេ​ជា​អ្នក​រៀប​ចំ​នូវ​ការ​ណាត់​ជួប​លើក​ទី​មួ​យ​របស់​ពួកគេ​ ខណៈ​ដែល​មាន​ស្រ្ដីចំនួន ៦៥​ភាគ​រយ​ឆ្លើយ​ថាពួកគេ​ជា​អ្នក​រៀប​ចំ​។
យ៉ា​ង​ណា​មិញ​ ការ​ចំណាយ​ក៏​ត្រូវ​បាន​ត្បិត​ត្បៀត​ពី​ភាគី​ទាំង​សង​ខាង​ផង​ដែរ​។ ​ក្នុង​ចំណោម​អ្នក​ឆ្លើយ​ទាំង​ប្រុស​ទាំង​ស្រី មាន៣៨​ភាគរយ (ប្រុស ៤១%​, ស្រី៣៦%)​បាន​ឆ្លើយ​ថា ពួកគេ​បាន​ចូល​កន្លែង​ណា​ដែល​ពួក​គេ​មាន​ប័ណ្ឌ​បញ្ចុះ​តម្លៃ​។
ប្រិយ​មិត្ត​របស់​ខ្មែរ​សារិកាទាំង​អស់ ​ក៏​អាច​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ផង​ដែរ​ចំពោះ​ប្រ​ធាន​បទ​មួយ​នេះ។ តើ​អ្ន​ក​គិត​ថា​ ការ​​ចេញ​លុយ​ទាំង​អស់​ ការ​ចេញ​ទាំង​ពីរ​នាក់ និង​ការ​ឲ្យ​គេ​ចេញ​ទាំងអស់​មួយ​ណា​ដែល​អ្នក​ចង់​បាន? ទទួលយក​រាល់មតិ​​យោ​បល់​ទាំងអស់​ដោយ​រីករាយ​!

ពាក្យ៥ឃ្លាដែលធ្វើឲ្យស្នេហ៍បែកបាក់


នៅ​ពេល​ដែល​កំពុង​ឈ្លោះ​គ្នា​ ពាក្យ​សម្ដីជាច្រើន​ត្រូវ​បាន​លើក​យក​មក​និយាយ​ដោ​យ​ភាគី​ទាំង​សង​ខាង​។ ពេល​ខ្លះ​អ្នក​បាន​និយាយ​ពាក្យ​សម្ដី​មិន​សម​គួរ​ខ្លះដោយ​មិន​ដឹង​ខ្លួន​ ​ដែល​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ឈាន​ទៅ​ដល់​ផ្លូវ​ប្រេះ​ឆា​ ទោះ​បី​ជា​ត្រូវគ្នា​វិញ​ក៏​ដោយ​។
មាន​ករណី​ខ្លះ ទោះ​បី​ជា​អ្នក​ព្យាយាម​និយាយ​លួង​លោម​ សូម​ទោស យ៉ាង​ណា​ក៏​ដោយ​ក៏​វា​មិន​អាច​ដូច​ដើម​បាន​ដែរ​។
ដើម្បី​ទប់​ស្កាត់​នូវ​ការ​បែក​បាក់​ទំនាក់​ទំនង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​ជាមួ​យ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ អ្នក​គប្បី​ព្យាយាម​ជៀស​វាង​និយាយ​នូវ​ពាក្យ​សម្ដី​ ៥​ ឃ្លា​ដូច​ខាង​ក្រោម​៖
១- អូន​មិន​ទុក​ចិត្ត​បង​ទេ
ការ​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ អាច​ធ្វើ​ឲ្យ​បុរស​ក្នុង​បេះ​ដូង​របស់​អ្នក​អាក់​អន់​ចិត្ត​ ឬ​អាច​នឹង​ធ្វើ​ដូច​អ្វី​ដែល​អ្នក​និយាយ​។ ប្រសិន​បើ​អ្នក​និយាយ​ពាក្យ​នេះ​ទៅ​ នោះ​វា​អាច​ជា​ពាក្យ​សម្ដី​ចុង​ក្រោយ​ដែល​និយាយ​ទៅ​កាន់​បុរស​ម្នាក់​នោះ​ក៏​ថា​បាន​។ ពាក្យ​សម្ដីមួយ​ឃ្លា​នេះ គឺ​ជា​ពាក្យ​សម្ដី​របស់​ស្រ្ដី​ដែល​ឈឺ​ចាប់​ដោយ​សារ​បុរស​បោក​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត​ប៉ុណ្ណោះ​។
២-  ប្រុស​គ្រប់​គ្នា​គឺ​ដូច​តែ​គ្នា
អ្នក​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា គ្រប់​មនុស្ស​គឺ​មិន​ដូច​គ្នា​នោះ​ទេ ហើយ​បុរស​ក៏មិន​ដូច​គ្នា​ទាំង​អស់​ដែរ​។ ទោះ​បី​ជា​អ្នក​ធ្លាប់​ឃើញ​បុរស​ក្បត់​ចិត្ត​ស្រី​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​​អ្នក​ធ្លាប់​ត្រូវ​បាន​បុរស​បោក​ប្រាស់​បេះ​ដូង​ ច្រើន​ដង​រួម​មក​ហើយ​ក៏​ដោយ​ ក៏​មិន​មាន​ន័យ​ថា​ បុរស​ដែល​អ្នក​កំពុង​ស្រឡាញ់​ដូច​បុរស​អស់​នោះ​​ដែរ​។ ប្រសិនបើ​អ្នក​និយាយ​ពាក្យ​នេះទៅ​កាន់​កំពូល​ដួង​ចិត្ត​របស់​អ្នក​ក្នុង​ពេល​កំពុង​ឈ្លោះ​គ្នា​ នោះ​បុរស​នោះ​នឹង​លែង​គោរព​អ្នក​ទៀត​ហើយ​។
៣- បង​​​មិន​បាន​ការ​សោះ​នៅ​លើ​គ្រែ
ប្រាកដ​ណាស់​បុរស​ស្អប់​ពាក្យសម្ដី​នេះខ្លាំង​ណាស់។ ប្រសិនបើគាត់​មិន​សូវ​ពូកែ​រឿង​នឹង​មែន​ អ្នក​អាច​និយាយ​ពាក្យ​ផ្សេង​ ឬ​ក៏​ប្រើវិធី​ផ្សេង​វិញ​ប្រសើ​រ​ជាង​។ ទោះ​បី​ជាសិច​គឺ​ជាគ្រឿង​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ទំនាក់​ទំនង​គូស្នេហ៍ក៏​ដោយ​​ ប៉ុន្ដែ​បើ​អាច​ទៅ​រួច​ ចូរ​កុំ​និយាយ​បែប​នេះ​អី​។ ដូចដែលធ្លាប់​លឺ​ហើយ​ថា បើ​មិន​បាន​សរសើរ​ថា​ខ្លាំង​ កុំ​បង្អាប់​ថា​ខ្សោយ​ទៅ​បាន​ហើយ​ តែ​បើ​ជៀស​មិន​រួច​ទេ ប្រើ​វិធី​ផ្សេង​ឲ្យ​គាត់​ដឹង​វិញ​ល្អ​ជាង​។
៤- សង្សារ​របស់​អូន​មុន​ មិន​ដែលធ្វើ​រឿង​បែប​នេះ​ទេ
ការ​ប្រៀប​ធៀប​បុរស​ដែល​ខ្លួន​ឯង​កំពុង​ស្រឡាញ់​ជា​មួយ​នឹង​អតីត​សង្សារ​ ឬ​អតី​ត​ស្វា​មី គឺ​ជាការ​សម្លាប់​ជីវិត​ស្នេហា​របស់​អ្នក​ដោយ​ខ្លួន​ឯង​ហើយ​។ ចូរ​ស្រឡាញ់​បុរស​ដែល​អ្នក​ស្រឡាញ់​នៅ​អ្វី​ដែល​គាត់​មាន​ មិន​មែន​តម្រូវ​ឲ្យគាត់​ធ្វើ​តាម​បុរស​មុន​របស់​អ្នក​នោះ​ទេ​។ ចូរ​ចង​ចាំ​ថា គ្មា​ន​អ្នក​ណា​ម្នាក់ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ សំខាន់​ត្រូវ​ចេះ​​យល់​ចិត្ត​គ្នា​។ បើ​យើង​ដាក់​ចិត្ត​ ដាក់​បេះ​ដូង​ស្រឡាញ់​ហើយ បាន​ន័យ​ថាអ្នក​ព្រម​ទទួល​យក​អ្វី​ដែល​គាត់​កំពុង​មាន​។
៥- ម៉ាក់​របស់​បង​ដូចជា​បិសាច​អញ្ចឹង
ការ​ជេរ​ម្ដាយ​ក្មេក​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ព្រោះ​គាត់​ក៏ជា​អ្នក​មាន​គុណ​យើង​ផង​ដែរ​។ ទោះ​បី​ជា​បុរស​រូប​នោះ ស្រឡាញ់​អ្នក​ងប់​ប៉ុណ្ណា​ក៏​ដោយ ក៏​គាត់​ប្រហែល​ជា​ពិបាក​ទទួល​យក​ស្រ្ដី​ដែល​ជេរ​​ម្ដាយ​គាត់​ដែរ​។ ទោះ​ខឹង​យ៉ាង​ណា គ្រាន់​តែ​ប្រាប់ដោយ​ប្រើ​ពាក្យ​ផ្សេង​ទៅ​បាន​ហើយ​។
សរុប​មក​វិញ ចូរ​ចង​ចាំថា ការ​ប្រើ​ពាក្យ​ពេចន៍​គឺ​សំខាន់ណាស់​នៅ​ក្នុង​ជីវិត​ស្នេហា​។ ដូច្នេះ មុន​នឹង​និយាយ​ត្រូវ​គិត​ពី​អារម្មណ៍​របស់​ដៃ​គូ​របស់​អ្នក​ផង​។ ខ្មែរ​សារិកា សូម​ជួន​ពរ​ឲ្យគូរ​ស្នេហ៍​លើ​លោក​ទាំង​អស់ ជួប​តែ​នឹង​សេចក្ដី​សុខ​ផ្អែ​ម​ល្ហែម​នឹង​គ្នា​ជា​និច្ច​៕

កំហុស៣យ៉ាងរបស់ស្រ្ដីពេលត្រូវប្រុសក្បត់ចិត្ត


ក្រោយ​ពី​បាន​ដឹង​ ឬ​ក៏​សង្ស័យថា​ប្រុស​បណ្ដូល​ស្នេហ៍​របស់​អ្នក​កំពុង​តែលួច​ក្បត់​ អ្នក​គួរ​តែជៀស​វាង​នូ​វ​កំហុស​បី​យ៉ាង​ដូច​ខាង​ក្រោម​៖
កំហុស​ទី​១៖ ស៊ើប​អង្កេត
នៅ​ពេល​ដែល​ស្រ្ដី​សង្ស័យ​ថា​បុរស​ដែល​ខ្លួន​ស្រឡាញ់​ក្បត់​ចិត្ត អ្វីដែល​ជា​កំហុស​ទី​មួយ​របស់ស្រ្ដី​គឺ ការ​បង្កើត​បេសកកម្ម​ស្វែង​រក​ការ​ពិត​។ ការ​តាម​ដាន ដៃ​គូរ​របស់​ខ្លួន​ឯង គឺ​ជា​ការ​ចំណាយ​កម្លាំង​អត់​ប្រយោជន៍​ ដើម្បី​ស៊ើប​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ជា​ការ​ពិត​ទៅ​ហើយ​នោះ​។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែប្រេះ​ឆាថែម​មួយ​កម្រិត​ទៀត​។
អ្នក​មិន​ចាំ​បាច់​រក​ភស្ដុតាង​ពី​ការ​ភិត​ក្បត់​របស់​បុរស​នោះ​ទេ តែ​អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អ្នក​ទាំង​ពី​រក្លាយ​ជា​បែប​នេះ​។ ទោះ​បី​ជា​អ្នក​រក​ឃើញ​ថាប្ដី​របស់​អ្នក​ក្បត់​ ឬ​មិន​ក្បត់
វា​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​បាន​នោះ​ទេ​។ ការ​ព្យាយាម​បែប​ខុស​ឆ្គង​មួយ​ចំនួន​ក្នុង​ការ​រក​ឲ្យ​ឃើញ​ពីទង្វើ​ក្បត់​នេះ នឹង​មិន​ផ្ដល់​ឲ្យ​អ្នក​ នូវ​អារម្មណ៍​ដែល​អ្នក​ចង់​បាន​នោះ​ទេ​ វា​នឹង​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ឆ្កួត​តែ​ប៉ុណ្ណោះ​។
កំហុស​ទី​២៖ បន្ទោស​ស្រ្ដី​ដទៃ
អ្នក​ប្រហែល​ជា​គិត​ថា​ស្រ្ដី​ដែល​លួច​យក​បេះ​ដូង​ប្ដី​របស់​អ្នក​ គឺ​ជា​កញ្ជ្រោង​បិសាច​ហើយ​មែន​ទេ​ ប៉ុន្ដែ​នេះ​មិន​មែន​ជា​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​នោះ​ទេ​។ មនុស្ស​ស្រី​ម្នាក់​នោះ​មិន​ដែល​បាន​ប្ដេជ្ញា​ ឬ​ក៏​សន្យា​​ថា​ស្មោះ​នឹង​អ្នក​ រួ​ច​ហើយ​ក្បត់​នឹង​អ្នក​នោះ​ទេ អ្នក​ដែលធ្វើ​បែប​នេះ​គឺ​ប្ដីរបស់​អ្នក​។
នៅ​ពេល​ដែល​មនុស្ស​ប្រុស​ក្បត់​ មិន​មែន​មក​ពីគាត់​ត្រូវ​បាន​ពង្វក់​ដោយ​ស្រ្ដី​ដែល​មាន​មន្ត​ស្នេហ៍​ផ្សេង​នោះ​ទេ។ មិន​មែន​គាត់​ក្បត់​ដោយ​សារ​មាន​ស្រី​ផ្សេង​ផ្ដល់​អ្វី​ឲ្យ​គាត់​លើស​ពី​អ្នក​នោះ​ទេ​ ហើយ​ក៏​មិនមែន​ស្រី​ម្នាក់​នោះ​ល្អ​ជាង​អ្នក​ដែរ។ អ្នក​ដែល​ក្បត់​គឺ​ជា​ប្ដី​របស់​អ្នក បើ​គាត់​មិនមែន​ជា​មនុស្ស​ដែល​ក្បត់នោះ​ទេ ​ទោះ​បី​មាន​ស្រី​ស្អាត​​ចុះ​ពី​ឋាន​សួគ៌ា​ល័យ​​​ក៏គ្មាន​ប្រយោជន៍​ដែរ​។
សូម​កុំ​បន្ត​ការ​ខឹង​ច្រឡោត​ដាក់​ស្រី​ដូច​គ្នា​ទៀត​ធ្វើ​អ្វី​។ ចូរ​ផ្ដោត​អារម្មណ៍​ទៅលើ​មូល​ហេតុ​​​​​អ្វី​បាន​ជា​ប្ដី​របស់អ្នក​បាន​ក្បត់​ពាក្យ​សន្យា​ដែល​ថា​ស្នេហ៍តែ​អ្នកមួយ ​វិញ​ទើប​ជា​ការ​ប្រសើរ​។ ទោះ​បី​អ្នក​កំចាត់​មនុស្ស​ស្រី​ម្នាក់​នោះ​ចោល​ ក៏គង់​តែ​គាត់​ទៅ​រក​ស្រី​ផ្សេង​បាន​ដូច​តែគ្នា​ទេ ប្រសិន​បើ​គាត់​មិនចោល​គំនិត​ក្បត់​ទេ​នោះ ព្រោះ​មិនមែន​មាន​ស្រី​តែ​ម្នាក់​ទេ​នៅលើ​លោក​។
កំហុស​ទី​៣៖ ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​បុរស​ម្នាក់​នោះ៖
ប្រសិន​បើ​បុរស​ដែល​អ្នក​ស្រឡាញ់​កំពុង​តែ​ក្បត់​អ្នក អ្វី​ចុង​ក្រោយ​ដែល​អ្នក​ចង់​បាន​ គឺ​រក្សា​គាត់​ឲ្យ​ជាប់​​។ ប៉ុន្តែ​ការ​ក្បត់​គឺ​ជា​អកប្ប​កិរិយា​មួយ​ដែល​ពិបាក​នឹង​បញ្ឈប់​ណាស់ ទោះ​បី​ជា​គាត់​បាន​សន្យា​អ្វី​ចំពោះ​អ្នក ឬ​ក៏​អ្នក​បាន​ផ្លាស់​ប្ដូរ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​ចង់​បាន​ក៏ដោយ​។
អ្នក​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ក្បត់​នោះ​ទេ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ធ្វើ​នូវ​រឿង​ដែល​អ្នក​មិនពេញ​ចិត្ត​។ ត្រូវ​គិត​ថា បុរស​ដែល​ក្បត់​គឺ​ជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ ក្នុង​ការ​ថែ​រក្សា​នូវ​ទំនាក់​ទំនង​ស្នេហា​ដែល​ខំសាង​ដោយ​អ្នក​ទាំងពីរ​នាពេល​កន្លង​មក​។
សូម​បញ្ឈប់​ការ​គិត​ថា ប្រសិន​បើ​អ្នក​ស្អាត​ជា​ងនេះ ស្គម​ជា​ង​នេះ ឬ​ក៏​ពូកែ​ជា​ង​នេះ ប្រហែល​ជា​គាត់​ឈប់​ក្បត់​អ្នក​។ ប្រសិន​បើ​គាត់​ជា​មនុស្ស​ដែល​មាន​សន្តាន​ក្បត់ ទោះ​អ្នក​ប្រឹង​កែ​យ៉ាង​ណា​ក៏ឥត​ប្រយោ​ជន៍​ដែរ​។ ត្រូវ​គិត​ថា​ បុរស​ក្បត់​ម្នាក់​នោះ​មិន​មែន​ជា​​គូ​របស់​អ្នក​នោះ​ទេ ហើយ​អ្នក​ក៏​មិន​ត្រូវ​ផ្ញើ​ជីវិត​របស់​ជា​មួយ​បុរស​បែប​នេះ​ដែរ​។

ស្នាម​ញញឹម​មិន​អាច​ទាក់​ទាញបេះ​ដូង​​នារីបាន​ទេ​


ប្រសិន​បើ​អ្នក​គិត​ថា​ស្នាម​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍​របស់​អ្នក​អាច​ឆក់​​យក​បេះ​ដូង​នារី​បាន​នោះ​ គឺ​អ្នក​កំពុង​តែ​គិត​ខុស​ហើយ​។ ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា បុរ​សដែល​​​ពូកែ​ញញឹម​ មិន​មាន​​ភាព​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​នារី​ ច្រើន​ដូច​បុរស​ដែល​ស្ងៀម​ស្ងាត់ ​ក្រអឺត​ក្រទម​​ និង​ម៉ឺង​ម៉ាត់នោះ​ទេ​​។​
ផ្ទុយ​ពី​ចិត្ត​នារី ការ​សិក្សា​ដដែល​នេះ​បាន​រក​ឃើញ​ទៀត​ថា​ បុរស​ភាគច្រើន​ចង់​បាន​នារី​ដែល​មើល​ទៅ​សប្បាយ​ៗ ញញឹម​ញញែមបែប​សិចស៊ី​ ហើយ​មិន​ចូល​ចិត្ត​នារីដែល​ម៉ឺង​ម៉ាត់​ និង​មាន​មោទនភាព​លើ​ខ្លួន​ឯង​ពេកនោះ​ទេ​។​
អ្នកស្រី Jessica Tracy​ មក​ពី​សាកល​វិទ្យា​ល័យ​ប្រ៊ីតធីស កូឡុំ​ប៊ី ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​និយាយ​ថា
ខណៈ​ពេល​ដែល​ការ​បង្ហាញ​ទឹក​មុខ​រីក​រាយរបស់​បុរស​​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ទាក់​ទាញ​នោះ លទ្ធផល​មិន​បាន​បង្ហាញ​បែប​នេះ​ឡើយ​។
ការ​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ប្រាប់​ថា​បុរស​ និង​ស្រ្ដី​មាន​ការ​ឆ្លើយ​តបផ្នែក​អារម្មណ៍​​ខុស​គ្នា​ចំពោះ​ការ​ញញឹម​របស់​ភេទ​ផ្ទុយ​គ្នា​។
ដើម្បី​ទទួល​បានលទ្ធផលនេះ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​សាក​សួរ​មនុស្ស​ពេញ​វ័យ​ទាំង​ប្រុស​ ទាំង​ស្រី​ចំនួន​ ១០៤១​នាក់​ ឲ្យ​ចាត់​ចំណាត់​ថ្នាក់​ការ​ចូលចិត្ត​ទៅលើ​រូប​ថត​រាប់​រាយ​សន្លឹក​នៃ​មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន (បុរ​ស​មើល​រូប​ថត​ស្រ្ដី, ស្រ្ដី​មើល​រូប​ថត​បុរស​)។ ក្រោ​យ​ពី​មើល​រូប​ថត​ទាំង​អស់​នោះ​ហើយ​ អ្នក​ចូល​រួម​ត្រូវ​ផ្ដល់​ពិន្ទុ​ពី​១ ដល់​ ៩ (ពី​ចូល​ចិត្ត​តិច រហូត​ដល់​ខ្លាំង)ចំពោះ​រូប​ថត​ទាំង​អស់នោះ​។
រូប​ថត​ដែល​ដាក់​ឲ្យ​នោះ គឺ​ជា​រូប​ថត​របស់​មនុស្ស​ដែល​បង្ហាញ​អារម្មណ៍​ខុស​ៗគ្នា ដូច​ជា​រូប​មនុស្ស​ញញឹម​ ទឹក​មុខ​ម៉ឺងម៉ាត់ ឬ​អៀន​ប្រៀន​ជា​ដើម​។
ជា​លទ្ធផល​បុរស​ភាគច្រើន​បាន​ផ្ដល់​ពិន្ទុ​ដល់​រូប​ថត​នារី​ញញឹម​បែប​រីករាយ​លើស​ពី​៥ ខណៈ​ដែល​នារី​ដែល​ម៉ឺង​ម៉ាត់​បាន​តិច​បំផុត​។​ ចំណែក​ឯ​នារី​វិញ​បាន​ផ្តល់​ពិន្ទុ​ខ្ពស់​ចំពោះ​រូប​ថត​បុរស​ដែល​ម៉ឺង​ម៉ាត់ ខណៈ​ដែល​បុរស​ដែល​ញញឹម​ស្រស់​ស្រាយ​បាន​តិច​ទៅ​វិញ​។
ការ​សិក្សា​ស្រាវ​ជ្រាវ​នេះក៏​មាន​ការ​ឯក​ភាព​ពី​អ្នក​ជំនាញ​ច្រើន​ណាស់​ដែរ ​ដូច្នេះ​អាច​ទទួល​យក​បាន​ចំពោះ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រា​វ​នេះ​។ ដូច្នេះ​បុរស​ដែល​ចង់​ឲ្យ​នារីធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ខ្លួន មិន​មែន​ធ្វើ​ចរិត​បែប​ញញឹម​ញញែម​តែ​មួយ​មុខ​នោះ​ទេ ចាំ​បាច់​ត្រូវ​បង្ហាញ​ប្រាប់​នារីថា​យើង​ជា​បុរស​មាំ​មួន ម៉ឺង​ម៉ាត់​ មិន​ទន់​ខ្សោយ​។ ចំពោះ​នារីវិញ​ក៏​ត្រូវ​ចេះ​បញ្ចេញ​ចរិត​ជា​ស្រ្ដី​ដែល​មាន​ភាពទន់​ភ្លន់​ ​ស្រស់​ស្រាយ រួស​រាយ​​រាក់​ទាក់ ​ញញឹម​ញញែម​​ ទោះ​បី​ជា​យើង​ជា​មនុស្ស​ម៉ឺង​ម៉ាត់​យ៉ាង​ណា​ក៏​ដោយ​។​

វិធី​បំបាត់​ភាពខូច​ចិត្ត​សម្រាប់​បុរស​


មិន​មែន​មាន​តែ​នារី​ទេ​ដែលចេះ​ខូច​ចិត្ត​ បុរស​ក៏​ចេះ​ឈឺ​ចាប់​ដោយ​សារ​ការ​បែក​បាក់​បេះ​ដូង​ដែរ​ ហើយ​ប្រហែលជា​ពិបាក​​ជា​ង​នារី​ទៀត​ផង​ នៅ​ពេល​ដែល​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ជាង​ជីវិត​ ប្រែ​ចិត្ត​ទៅ​មាន​អ្នក​ថ្មី​។ ខាង​ក្រោម​នេះ​ គឺ​ជា​វិធីសាស្រ្ដ​មួយ​ចំនួន ដែល​អាច​ឲ្យ​បុរស​ដែល​ខូច​ចិត្ត​ស្អិត​ទ្រូង​ ដោយ​សារ​ស្នេហា​ ងាក​មក​សប្បាយ​រីក​រាយ​ដូច​ដើម៖​
១- កុំ​បន្ត​សម្រក់​ទឹក​ភ្នែក​
បើ​សិន​ជា​នារី​យំ​នៅមុខ​មិត្ត​ភក្ដិ​ ឬ​ក្រុម​គ្រួសារ ប្រហែល​ជា​គ្មាន​អ្នក​ណា​ម្នាក់​ប្រកាន់​នោះ​ទេ ប៉ុន្ដែ​ចំពោះ​បុរស​វិញ​គឺ​មិន​ដូច​គ្នាទេ​។ បុរស​ត្រូវ​មាន​ភាពរឹង​មាំ​ មិន​ត្រូវ​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​ស្នេហា​នោះទេ​ ព្រោះបុរស​ដែល​យំ​មិន​ត្រូវ​ទទួល​បាន​ការ​សរសើរ​ពី​សង្គម​ដោយ​សារ​ការ​យំ​នេះ​ទេ​។​ ​ដោយ​សារ​កត្តា​សង្គម​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​បុរស​ភាគ​ច្រើន ​​​សម្ងំ​យំ​នៅ​កន្លែង​ស្ងាត់​តែ​ម្នាក់​ឯង​ ដែលធ្វើ​ឲ្យ​គ្មាន​អ្នក​ណា​ម្នាក់​​ដឹង​ពី​អារម្មណ៍
​ឈឺ​ចាប់​របស់​គេ​ឡើយ​។​ និយាយ​ជា​រួម មនុស្ស​ប្រុស​ត្រូវ​មាន​ភាពម្ចាស់​ការ​លើ​ខ្លួន​ឯង​ និង​ត្រូវ​ចាំ​ថា ​ស៊ូ​ស្រក់​ឈាម​ មិន​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​ស្នេហា​ជា​ដាច់​ខាត​។ 
២- ធ្វើ​ឲ្យ​ខ្លួន​អ្នក​រវល់​
អ្នក​ប្រាកដ​ជា​ស្រឡាញ់នាង​ខ្លាំង​ណាស់ និង​មិនធ្លាប់​គិត​ថា​នាង​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទេ ដូច្នេះ​នៅ​ពេល​ដែល​នាង​សុំ​បែក​ ឬ​ចាកចេញ​ពី​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​ភាគ​ច្រើន​គិត​ស្រម៉ៃ​ដល់អតី​តកាល​​ ឬក៏​គិត​ថា​តើ​អ្នកខុស​អ្វី​បាននាង​សុំ​បែក។
ប្រសិន​បើ​ដូច្នេះ​មែន ចូរ​បំភ្លេច​វា​ចោល​ទៅ​ ព្រោះ​ការ​ចង​ចាំ​នាង​គ្រប់​ពេល​វេលា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​នាង​បាន​ទេ​។ ដើម្បី​ឈប់​គិត​ពី​នាង​គ្រប់​វិនាទី​ អ្នក​ត្រូវ​ស្វែង​រក​ការ​ងារ ឬ​សកម្មភាព​អ្វី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​រវល់ ដើម្បី​កុំ​ឲ្យ​មានពេល​នឹក​ដល់​នាង​តទៅ​ទៀត​។
៣- ចំណាយ​ពេល​នៅ​ជាមួយមិត្ត​ភក្ដិ និង​គ្រួសារ​
នៅ​ពេល​ដែល​អ្នក​កំពុង​តែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់ អ្នក​ប្រហែលជា​មាន​ពេល​តិច​តួច​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ និង​ក្រុម​គ្រួសារ​របស់​អ្នក ដូច្នេះ​នៅ​ពេល​នេះ គឺ​ជា​ពេល​វេលា​ដ៏ល្អ​ដើម្បី​នៅ​ជា​មួយ​ពួក​គេ​វិញម្ដង​ហើយ​។ សូម​កុំ​ចំណាយ​ពេល​នៅ​តែ​ម្នាក់​ឯង​ឲ្យ​សោះ ព្រោះអាចឲ្យ​អ្នក​នឹក​ឃើញ​រឿង​ដែល​កន្លង​ហួស សូម​ងាក​មក​ផ្ដោតអារម្មណ៍ជាមួយ​នឹង​មិត្ត​ភក្ដិ​ និងគ្រួសារ​របស់​អ្នក​វិញ។
៤- រីក​រាយ​ជា​មួយ​សេរី​ភាព​របស់​អ្នក
ប្រហែល​ជា​មា​ន​សកម្មភាព​ជាច្រើន​ដែល​អ្នក​មិនបាន​ធ្វើ​ពេល​នៅ​ជា​មួយ​សង្សារ​ចាស់​របស់​អ្នក​ ព្រោះ​ពេល​នោះ​អ្នក​ត្រូ​វទទួល​ការ​យល់​ព្រម​ពី​នាង​​ពេល​ចង់​ធ្វើ​អ្វីមួយ​ ដូច​ជា​ត្រូវ​ញ៉ាំ​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្តជា​មួយ​នាង ឬ​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ (អង្គុយ​ចាំ​ពេល​នាង​ធ្វើ​សក់ ឬ​ដើរ​តាម​នាង​ពេល​ទៅ​ផ្សារ​) ជាដើម​។ ពេល​នេះ​ជា​ពេល​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​ចង់ធ្វើ​ ដោយ​មិន​បាច់​គិត​ពី​អារម្មណ៍​អ្នក​ណា​ម្នាក់​ទៀត​ទេ ដូច​ជា​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ ទៅមើ​ល​បាល់​ទាត់​ ឬ​ទៅ​កន្លែង​ដែល​ធ្វើ​ឲ្យ​ភ្លេច​នាង​។
៥- កុំ​ព្យាយាម​ជួប​មុខ​នាង​ទៀត​
ការព្យាយាម​ទៅ​​ជួប​នាង ឬទូរសព្ទទៅ​រក​នាង ឬ​ប្រើ​ប្រាស់​វត្ថុ​ដែល​នាង​ទិញ​ឲ្យ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំភ្លេ​ចនាងបាន​។ ចូ​រ​ចង​ចាំ​ថា​ ​មិនត្រូវ​ទៅ​ជួប​នាង​ ឬទាក់​ទង​នាង​ឲ្យ​សោះទោះ​បី​ជា​នឹក​នាង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​យ៉ាប់​យ៉ឺន​មួយ​កម្រិត​ទៀត។
៦- ចាប់​ផ្ដើម​ស្នេហាថ្មី​
ប្រសិនជា​អាច សូម​ព្យាយាម​សម្លឹង​មើល​នារី​ថ្មី​ម្នាក់ដើម្បី​ជំនួស​រូបនារី​ដែល​អ្នក​ស្រឡាញ់​។ អ្នក​នឹង​មិន​សម្រក់​ទឹក​ភ្នែក ឬនឹក​នា​ដល់​នាង​ទៀត​ទេ នៅ​ពេល​ដែល​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​នារី​ម្នាក់​ទៀត​។ ប៉ុន្ដែ​អ្វីដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ ផ្ទេ​រ​ចិត្ត​ស្រឡាញ់​របស់​អ្នក​មក​ឲ្យ​ដៃ​គូ​ថ្មី​របស់​អ្នក និង​ត្រូវ​ប្រកដ​ថា អ្នក​នឹង​មិនធ្វើ​ឲ្យ​នាង​ខូច​ចិត្ត​ដោយ​សារ​រឿង​ចាស់​របស់​អ្នក​ឡើយ​។
៧- កុំ​បន្ទោស​ខ្លួន​ឯង​
អ្នក​អាច​ស្វែង​រក​នូវ​កំហុស​ឆ្គង​ដែល​អ្នក​ប្រព្រឹត្ត​កំឡុង​ពេល​ដែល​នៅ​មានទំនាក់ទំនង​ជាមួយ​នាង ប៉ុន្ដែ​សូម​កុំ​បន្ទោស​ខ្លួន​ឯង​ឲ្យ​សោះ​ ព្រោះ​អ្នក​មិន​អាច​បង្វិល​ពេល​វេលា​ឲ្យ​ត្រឡប់ក្រោយ ឬ​ផ្លាស់​ប្ដូរ​អតី​តកាល​នោះ​ទេ​។ ចូរ​រៀនពី​រកំហុស​ឆ្គង​ទាំង​នោះ​ដើម្បី​ជៀស​វាង​នូវ​កំហុស​នេះ កើត​ឡើង​នៅ​ពេល​ក្រោយ​។
សរុប​មក​ ខ្មែរ​សារិក​សង្ឃឹម​ថា មនុស្ស​ខូច​ចិត្ត​ទាំងអស់​នឹង​ផ្លាស់​ប្ដូរ​ពី​ការ​ស្រក់​ទឹក​ភ្នែក​មក​ជា​ស្នាមញញឹម​ ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់ជីវិត​ដ៏​វែង​ឆ្ងាយ​របស់​អ្នក​!

បុរស​សារភាពស្នេហ៍​លឿន​ពេក​ មិនទទួល​ការ​ទុកចិត្ត​


"បង​ស្រឡាញ់​អូន" ពាក្យ​មួយ​ឃ្លា​ដ៏​ខ្លី តែ​មាន​ន័យ​ជ្រៅ​នេះ គឺជា​ពាក្យ​ដែល​បុរស​និយាយ​ទៅ​កាន់​នារី​ដែល​ខ្លួន​ស្រឡាញ់​នៅ​ពេល​សារភាព​ប្រាប់​ពី​អាថ៌កំបាំង​ក្នុង​បេះ​ដូង​។ ការ​និយាយ​ពាក្យ​មួយ​ឃ្លា​ដែល​មាន​បី​ម៉ាត់​នេះ​ មិន​សុទ្ធ​សឹង​តែ​ទទួល​ជោគ​ជ័យ​ទាំង​អស់​នោះ​ទេ ហើយ​បើ​និយាយ​ខុស​ពេល​វេលា​ផង​នោះ ការ​បរាជ័យ​កាន់​តែខ្ពស់​ថែម​ទៀត​។ ​ការ​សារភាពស្នេហ៍​លឿន​ ឆាប់​រហ័ស​ពេក ភាគ​ច្រើន​មិន​សូវ​ទទួល​ជោគ​ជ័យ​ទេ ដោយ​សារ​មិន​ទទួល​បាន​ទុកចិត្ត​ពី​ខាង​នារី​។
ការ​លើ​ក​ឡើង​នេះ គឺ​យោង​ទៅ​តាម​ការ​រកឃើញ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​ដែល​មក​ពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា​​ម៉ាសា​ឈូសេត​ សហរដ្ឋ​អាមេរិក​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា​ បុរស​ដែល​សារភាព​ស្នេហ៍នៅ​រយៈ​ពេល​ដំបូង​នៃ​ទំនាក់​ទំនង​ គឺ​នឹង​មិន​ទទួល​ការ​ទុក​ចិត្ត​នោះ​ទេ​។
ដើម្បី​រក​ឃើញ​នូវ​ចំណុច​នេះ​ ក្រុម​អ្នក​ស្រា​វជ្រាវ​ទាំង​នោះ​បាន
​ធ្វើ​ការ​សាក​សួរ​សំណួរ​ទៅ​កាន់​បុរស​ នារី​ចំនួន ៤៥​នាក់​នៅ​សហរដ្ឋ​អាមេរិក​។
ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា បុរស​ចំនួន​ ៦១​,៥% ជា​អ្នក​សារភាព​ស្នេហ៍​មុន​ភាគី​នារី​។​ ចំណែក​ឯ​បុរស​ដែល​សារភាព​ទាំង​នោះ​ គឺ​ប្រើ​រយៈ​ពេល​ជា​មធ្យម ៩៧,​៣ថ្ងៃ​នៃ​ទំនាក់​ទំនង​ មុន​ពេល​សារភាព​បញ្ជាក់​ពី​អាថ៌កំបាំង​ក្នុង​ជម្រៅ​បេះ​ដូង​។ រយៈ​ពេល ៩៧,៣ថ្ងៃ​នេះ​ គឺ​លឿន​ជាង​ភាគី​នារីចំនួន ៦​សប្ដាហ៍​ នេះបើ​យោង​តាម​ព្រឹត្ត​បត្រ​ចិត្ត​វិទ្យា​សង្គម​ និង​បុគ្គលិក​លក្ខណៈ​។​
ផ្ទុយ​ពី​ភាគី​នារី​ដែល​មិន​ចង់​លឺ​ពាក្យ​សារភាព​ពី​បុរស​លឿន​ពេក ភាគី​បុរស​នឹង​សប្បាយ​ពន់​ពេក ប្រសិនបើ​នារី​ប្រើ​ពាក្យ​បី​ម៉ាត់​នេះ​កាន់​តែ​លឿន​។​
អ្វី​ដែល​សំខាន់​ ដែល​ខ្មែរ​សារិកា​ចង់​លើក​ឡើង​ គឺ​បុរស​ ទាំង​ឡាយ​ត្រូវ​ធ្វើ​ការ​សង្កេត​នារី​​ដែល​ខ្លួន​លួច​ស្រឡាញ់​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ហាថ្លែង​វាចារ​សាសព្ទសារភាព​ស្នេហា​ទៅ​កាន់​នារីម្នាក់​នោះ​ ព្រោះ​ពេល​ដែល​និយាយ​រួច​ហើយ​ អ្វី​ដែល​យើង​ចង់​លឺ​តប​មក​វិញគឺ​ពាក្យ​ថា "អូន​ក៏ស្រឡាញ់​បង​ដែរ" ។ ដូច​ដែល​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ពាក្យ​មួយ​ឃ្លា​នេះ គឺ​ពិបាក​នឹង​និយាយ​ណាស់ សម្រាប់​បុរស​ដែល​មិន​ធ្លាប់​មាន​បទ​ពិសោធ​ ដូច​ដែល​បទ​ចម្រៀង​មួយ​បទបាន​ច្រៀង​ថា ហ៊ាន​ស្រឡាញ់ តែ​មិន​ហ៊ាន​សារភាព​ដូច្នេះ​ដែរ​។​
ខ្មែរ​សារិកា សូម​ជូន​ពរ​ឲ្យ​ប្រិយ​មិត្ត​ទាំង​អស់​ជួប​តែ​នឹង​ស្នេហ៍​ពិត យូរ​អង្វែង​ ជា​រៀង​រហូត​តទៅ​!

អំណោយ៥​យ៉ាងសម្រាប់លោកឪពុកក្នុង​ថ្ងៃ​ Father's Day


នៅ​ក្នុង​ទិវា​ដឹង​គុណ​ឪពុក​ (Father’s day) នៅ​ថ្ងៃ​នេះ​ ខ្មែរ​សារិកា​សូម​នាំមក​ជូន​លោក​អ្នក​នូវ​អំណោយ​ប្រាំ​យ៉ាង​សម្រាប់​ឪពុក​របស់​អ្នក ​ដែល​អ្នក​​មិន​ចាំ​បាច់​ចំណាយលុយ​ទិញ ប៉ុន្ដែថែ​ម​ទាំង​​​អាច​ជំនួយ​ខួរ​ក្បាល​របស់​គាត់ ឲ្យ​មាន​ការ​ចង​ចាំពី​អតីតកាល​ដែល​គាត់​បាន​ភ្លេច​ភ្លាំង​ដោយសារ​ឈាន​ចូល​វ័យ​ចាស់​ កាត់​បន្ថយ​ការ​ភ្លេ​ច​ភ្លាំ​ងដែល​គាត់​បាន​ជួប​ប្រទះ​ និង​អាច​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​​ទៀត​ផង​។
ខាង​ក្រោមនេះ គឺ​ជា​អំណោយទាំង​​ប្រាំ​ប្រភេទនោះ ​សម្រាប់​ឪពុក​របស់​លោក​អ្នក​ ដែល​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​មូល​របស់​លោក​អ្នក​មាន​ស្នាម​ញញឹម​ស្រស់​ស្រាយ​គ្រប់ៗ​គ្នា ជាពិសេ​ស​គឺឪពុក​លោក​អ្នក​តែ​ម្ដង៖
១-រំលឹក​អនុសាវរីយ៍​ពីអតី​តកាល​ជាមួយ​គាត់​: អ្នក​អាច​បង្កើត​នូវ​អាល់​ប៊ុម​រូប​ថត​ដែលនិយាយ​អំពី​ជីវិត​របស់​គាត់​ ដែល​មាន​ដូច​ជា​ពេល​ទៅ​ដើរ​លេង​ក្នុង​ក្រុម​គ្រួសារ ឬ​ពិធី​ផ្សេង​ៗ​ទៀត ដែល​មាន​គាត់​ចូល​រួម​។ ការ​ធ្វើ​បែបនេះ​នឹង​អាច​ឲ្យ​គាត់​នឹក​ឃើញ​នូវ​អតីតកាល​ដ៏​ល្អ​របស់គាត់ នឹង​ជា​វិធី​ដែល​ធ្វើ​ជួយ​ជំរុញ​គាត់​ឲ្យ​មាន​ការ​នឹក​ឃើញ​នូវ​អ្វី​ដែល​គាត់​បាន​ភ្លេចទៅហើយ​នោះ​។ ប្រសិន​បើ​អាច អ្នក​អាច​សួរ​គាត់​អំពី​រឿង​រ៉ាវ​ដែល​បាន​ឃើញ​នៅ​លើ​រូប​ថត​ទាំង​នោះ ឬ​ក៏​សួរ​គាត់​ទាក់​ទង​នឹង​បទ​ពិសោធន៍​ជីវិត​របស់គាត់​ជាដើម​។ អ្នក​ក៏​អាច​សុំ​ដំបូន្មាន​ពីគាត់​ អំពី​របៀប​ធ្វើ​ឲ្យ​គ្រួសារមួយ​មាន​សុភមង្គល ឬ​របៀប​ចិញ្ចឹម​បីបាច់​កូន​ចៅ​ជាដើម​។ អ្នក​ត្រូវ​ដឹង​ថា​ រោគ​ភ្លេច​ភ្លាំង ឬ​ ​បាត់​បង់​ការ​ចង​ចាំ​របស់​មនុស្ស​ចាស់ គឺ​ដោយ​សារ​តែ​មិនមាន​អ្នក​ណា​ម្នាក់​ជួយ​រំលឹក​គាត់​ឲ្យ​នឹក​ឃើញ​រឿង​អតី​ត​កាល​នោះ​ឯង។
២. លេង​ល្បែង​កំសាន្ត​ជាមួយនឹង​គាត់​: តើ​អ្នក​ធ្លាប់​បាន​លេងកីឡា ឬ​ហ្គេម​កំសាន្ត​ជាមួយ​នឹង​ឪពុក​របស់​អ្នកដែរ​ឬ​ទេ? បើ​មិន​ធ្លាប់​ទេ នេះ​ជា​ពេល​មួយ​ដ៏​ល្អ​​ ដើម្បី​ចំណាយ​ពេល​លេង​កីឡា​ ឬ​ល្បែង​កំសាន្ត​ទាំង​នោះ​ជាមួយនឹង​គាត់​ហើយ​។ អ្នក​អាច​លេងវាយ​កូន​ហ្គោល ហែល​ទឹក វាយ​សី ឬ​បោះ​ប៊ូល​ជាមួយ​នឹង​គាត់ ឬលេង​អ្វី​ផ្សេង​ទៀត​ដែល​គាត់​អាច​លេង​បាន​​។ ការ​លេង​បែប​នេះ ក៏​អាច​ជួយ​ឲ្យ​គាត់​នឹក​ឃើញ​នូវ​ជីវិត​នៅ​បឋម​វ័យ​របស់​គាត់​បាន​ផង​ដែរ​។ រឹត​តែពិសេស​ជាង​នេះ​ទៀត​ វា​នឹង​ជួយ​ឲ្យគាត់​មាន​សុខភាពល្អ នឹង​ក៏​ជួយ​ខួរ​ក្បាល​គាត់​ឲ្យ​មាន​ការ​ចង​ចាំ​ឡើង​វិញ​ផង​ដែរ​។
៣. ស្ដាប់​តន្រី្ដ​ដែល​គាត់​ចូល​ចិត្ត ឬ​ច្រៀង​ជាមួយនឹង​គាត់​: តន្រ្ដី​គឺ​ជា​វិធី​កំសាន្ត​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​។ អ្នក​អាច​យក​មក​ជូន​ឪពុក ( ប៉ា ពុក ឬឪ​ តាម​ទម្លាប់​ដែល​អ្នក​បានហៅ) របស់​​លោក​អ្នក​ នូវ​ឌីស​ចម្រៀង​ ដែល​គាត់​ចូល​ចិត្ត​ (ភាគ​ច្រើន​ចាស់​ៗ​ចូល​ចិត្ត​បទ​ចម្រៀង​ពីដើម)។ រក​កន្លែង​ដែល​សម​ស្រប​ដើម្បី​ស្ដាប់​ ចម្រៀង​ទាំង​នោះ​ជាមួយ​នឹង​គាត់​។ អ្នក​ក៏​អាច​នាំ​គាត់​រាំ​បាន​ផង​ដែរ​ ប្រសិន​បើ​បទ​នោះ​អាច​រាំ​បាន។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ខួរ​ក្បាល​នឹង​ធ្វើ​ការ​បាន​ល្អ​នៅ​ពេល​ស្ដាប់​តន្រ្ដី​។ បន្ថែម​លើ​នេះ អ្នក​ក៏​អាច​ច្រើន​លេង​ជាមួ​យ​នឹង​គាត់​បា​ន​ផង​ដែរ​។​
៤. រីករាយ​ក្នុង​ការ​ញ៉ាំ​អាហារ​ដែល​គាត់​ចូល​ចិត្ត​ជាមួយ​នឹង​គាត់​: អ្នក​អាច​អញ្ជើញ​ឪពុក​របស់​អ្នក​ទៅ​ពិសារ​អាហារ​អាហារ​នៅ​ភោជនីយ៍​ដ្ឋាន​ ហើយ​ឲ្យ​គាត់​ហៅអាហារ​ដោយ​ខ្លួន​គាត់​ ឬ​អ្នក​ក៏​អាច​ចម្អិន​ម្ហូប​ដែល​គាត់​ចូល​ចិត្ត​នៅផ្ទះ​ក៏​បាន​ដែរ​។ ប្រសិន​បើ​អ្នក​ចម្អិន​វា​ដោយ​ខ្លួន​ឯង ចូរ​ព្យាយាម​រៀប​ចំ​វា​ឲ្យ​សាមញ្ញ​ និង​កុំ​ភ្លេច​ហៅ​គាត់​មក​ជួយ​ផង​ដែរ​។ ការ​ធ្វើ​បែប​នេះ​ អាច​ជា​ឱកាស​ជួយ​រំលឹក​គាត់​ អំពី​អាហារ​ដែ​ល​គាត់​បាន​ទទួល​ទាន​ជាមួយ​នឹង​អ្នកកាលពី​អ្នក​នៅ​អតី​ត​កាល​ផង​ដែរ​។
៥. បង្ហាញ​គាត់​ពី​ការ​គោរព​ សេចក្ដី​ស្រឡាញ់​និង​ការ​ដឹង​គុណ​របស់​អ្នក​: តម្រូវ​ការ​នៃ​សេចក្ដី​ស្រឡាញ់​គឺ​ពិត​ជា​មាន​នៅ​គ្រប់​មនុស្ស​ទាំង​អស់ មិន​ថា​ចាស់​ ឬក្មេង​នោះ​ទេ​ (តម្រូវ​ការ​ដែល​មនុស្ស​មិន​អាច​អត់​បាន)។​ ទោះ​បី​ជា​ឪពុក​របស់​អ្នក​មាន​វ័យ​ចាស់​ជរា​ ឬ​ភ្លេច​ភ្លាំង​ច្រើន​ក៏​ដោយ ក៏​គាត់​នៅ​តែ​មាន​សមត្ថ​ភាព​មាន​អារម្មណ៍​​ដឹង​ថា​អ្នក​ស្រឡាញ់​ និង​គោរព​គាត់​ឬក៏​អត់​​ដែរ​។ អ្នក​មិន​ចាំ​បាច់​និយាយ​ច្រើន ឬ​ធ្វើ​សកម្មភាព​អ្វី​ច្រើន​នោះ​ទេ គ្រាន់តែអង្គុយ​នៅ​ចំពោះ​មុខ​​គាត់​ រួច​ក្រាប​សំពះ​គាត់​ គឺ​ជា​បង្ហាញ​នូវ​សេចក្ដី​គោរព​រួច​បាត់​ទៅ​ហើយ​។ អ្នកក៏អាច​កាន់​ដៃ​របស់គាត់ ឬ​អោប​គាត់ នោះ​គាត់​នឹង​ដឹងថា​អ្នកស្រឡាញ់​គាត់​ខ្លាំង​ប៉ុណ្ណា​ហើយ​។ ការ​ធ្វើ​បែប​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​គាត់​រំភើប​ រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ក៏​មាន​ដែរ​។
ការ​និយាយ​ពី​វិធី​ជួយ​ជម្រុញ​ការ​ចង​ចាំ​សម្រាប់ឪពុក​នៅថ្ងៃនេះ​ គឺ​ចង់​រំលឹក​ដល់​ទិវា​ដឹង​គុណ​ឪពុក​នៅ​ថ្ងៃ​នេះ ប៉ុន្ដែ​អ្នក​ក៏​អាច​អនុវត្ត​ចំពោះ​អ្នក​ម្ដាយ​បាន​ផង​ដែរ​។ គាត់​ទាំង​ពីរ​គឺ​ជា​អ្នក​មាន​គុណ​ក្នុង​ជិវិត​របស់​យើង ដែល​មិន​អាច​មាន​អ្វី​មក​ស្មើ​គុណ​របស់​លោក​ទាំង​ពីរ​បាន​នោះ​ទេ​។ ចូរ​ធ្វើ​អ្វី​ឲ្យ​គាត់​សប្បាយ​ចិត្ត​ គឺ​ជា​អ្វី​ដែល​ប្រសើរ​បំផុត​ ព្រោះគាត់មិន​ចង់​បាន​អ្វី​ពីកូនៗ​នោះ​ទេ ក្រៅ​តែ​ពី​ចង់​ឃើញ​កូន​របស់​គាត់​ជួប​នឹង​សេចក្តីសុខ​ក្នុង​ជីវិត​ប៉ុណ្ណោះ​។
ខ្មែរ​សារិកា​សូម​យក​ឱកាស​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក​នេះ គោរព​ជូន​ពរ​លោក​ឪពុក​ទាំង​អស់​នៅ​លើ​លោក​ ឲ្យជួប​តែនឹង​សេចក្ដី​សុខ​ជា​រៀង​រហូតតទៅ​​។​
ប្រិយមិត្ត​ក៏​អាច​សរសេរ​ពី​សេចក្ដី​ស្រឡាញ់ ឬ​ការជូន​ពរ​អ្នកមាន​គុណ​របស់​លោក​អ្នក នៅក្នុង​ប្រអប់​យោបល់​ខាង​ក្រោម​នេះ​បាន។ ទោះ​បីជា​គាត់​មិន​បាន​ឃើញ​នៅ​ទីនេះ ក៏អ្ន​ក​បាន​បង្ហាញ​ប្រាប់​ពិភព​លោក​ ពី​ទំហំនៃ​សេចក្ដី​ស្រឡាញ់​របស់​ចំពោះ​គាត់​ទាំង​ពីរ​បាន​ដែរ​។

ស្នេហ៍ពិត គឺជា​ឱសថ​បំបាត់ការឈឺចាប់!


បំភ្លេច​ថ្នាំ​អាស្ពីរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេង​ទៀត​ចោល​ទៅ ព្រោះ​ឥលូវ​នេះក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុ​ម​បាន​រកឃើញ​ថា ស្នេហា​ពិត​ អាច​ជួយ​ឲ្យ​លោក​អ្នកកាត់​បន្ថយ​អារម្មណ៍​ឈឺ​ចុក​ចាប់​បាន​។
ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ បាន​ធ្វើ​តេសន៍​លើ​ស្រ្ដី​ចំនួន​១៧នាក់​ ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​មាន​ការ​​ថយ​ចុះនូវ​ការ​​ឈឺ​ចាប់​ដោយ​មុខ​របួស​ ឬ​ដោយ​មាន​សត្វ​ទិច ឬ​ខាំ​ នៅ​ពេល​ដែល​ពួក​គេ​បាន​មើល​រូប​ថត​គូស្នេហ៍​បណ្ដូល​ចិត្ត​របស់​ពួក​គេ​។ ប៉ុន្ដែ​ផ្ទុយ​ពី​នេះ​វិញនៅ​ពេល​ដែល​ពួក​គេ​សំឡឹង​មើល​ទៅ​កាន់​រូប​ ​សត្វ​ វត្ថុ​ ឬ​រូប​អ្វី​ផ្សេង​ក្រៅ​ពី​បុរស​ក្នុង​បេះដូង​របស់​គេ នោះ​អារម្មណ៍​ឈឺ នឹង​កើន​ឡើង​ថែមទៀត​។
អ្នក​ស្រី Naomi Eisenberger ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បានប្រាប់​សារព័ត៌មាន Toronto Star ថា ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​ អ្នក​គួរ​តែ​ទាញ​រូប​ថត​គូស្នេហ៍ ឬ​អ្នក​ដែល​យើង​ស្រឡាញ់​ពេញ​បេះ​ដូង​ យក​មក​មើល​។ ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ គឺ​ត្រូវ​ដាក់រូប​ថត​គូស្នេហ៍​តាម​ខ្លួនជានិច្ច​ ដើម្បី​ឲ្យ​លោក​អ្នក​អាច​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់​ពេល​លោក​អ្នក​ជួបប្រទះ​បញ្ហា​ជា​យថាហេតុ​ណា​មួយ​។
អ្នកស្រីជំនាញខាង​ចិត្ត​វិទ្យា​រូប​នេះ បាន​បន្ត​ទៀត​ថា​ អារម្មណ៏​ឈឺ​ចាប់​នេះ ​អាច​កាត់​បន្ថយ​ផង​ដែរ នៅ​ពេល​ដែល​មនុស្ស​ដែល​អ្នក​ស្រឡាញ់​កាន់​ដៃ​របស់​អ្នកជាប់​នោះ​។
តាម​រយៈ​ការ​ធ្វើ​ការ​ពិសោធន៍លើ​ខួរ​ក្បាល​របស់​ស្រ្ដី​ ក៏​បង្ហាញ​លទ្ធផល​ដូចគ្នា​នេះ​ដែរ ពោ​ល​គឺ​ ការ​ឈឺ​ចាប់បាន​ធ្លាក់ចុះ​ សម្រាប់​ស្រ្ដី​ណា​ដែល​នៅ​ជិត​ដៃ​គូ​ស្នេហា​របស់​នាង ឬ​បាន​មើល​ត្រឹម​​រូប​ថត​ក៏​កាត់​បន្ថយ​បានដូច​គ្នា​។
ការ​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរថា រយៈ​ពេល​នៃ​ការ​ស្រឡាញ់​កាន់តែ​យូរ និង​កាន់​តែ​ផ្អែម​ល្ហែម នឹង​ធ្វើ​ឲ្យ​កម្រិត​ប្រសិទ្ធិភាព​នៃ​ការ​បំបាត់​ការ​ឈឺ​ចាប់​​មាន​កាន់​តែ​ច្រើន​។​ លើ​ស​ពី​នេះ​ទៀត អារម្មណ៍​ស្រេ្ដសន៍​ក៏​អាច​កាត់​បន្ថយ​បា​ន​ផង​ដែរ​ប្រសិន​បើ​យើង​អាច​មើល​ឃើញ​មនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​នឹង​មុខ​នោះ​។
ជា​ចុង​បញ្ចប់​ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ និង​ការ​ធ្វើ​ការ​ពិសោធន៍​ផ្នែក​ខួ​រក្បាល​នេះ អាច​ឲ្យ​យើង​ដឹង​បាន​ថា​ ស្នេហា​ពិត គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ​ ហើយ​មនុស្ស​ដែល​យើង​ស្រឡាញ់​ពិតជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅក្នុង​ជីវិត​របស់​យើង​។ ដូច្នេះ​យើង​ត្រូវ​ចេះ​រក្សា​ចំណង​ស្នេហា​ដែល​យើង​កំពុង​មាន​នា​ពេល​នេះ ឲ្យ​បាន​ស្ថិត​ស្ថេរ​តរៀង​ទៅ​!

វិធីលឿន​បំផុត​ដើម្បី​​បំភ្លេច​បុរស​ដែល​ក្បត់​ចិត្ត​អ្នក​!


គ្មាន​អ្វី​ដែល​ឈឺ​ចាប់​ជាងការ​​ដឹង​ថា​បុរស​ដែល​អ្នក​ស្រឡាញ់​ស្មើជីវិត ដែល​អ្នក​ធ្លាប់​គិត​ថា​នឹង​ផ្ញើ​វាសនា​លើ​នោះ ក្បត់​ចិត្ត​អ្នក​នោះ​ទេ​។ ការ​រើ​បម្រាស់​ពី​សេចក្ដី​ឈឺ​ចាប់​នេះ គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ប្រសិន​បើ​អ្នក​មិន​បាន​រក​វិធី​ដោះ​ស្រាយ​ទេ​នោះ​។
មិន​ថា​អ្នក​បាន​កសាង​ស្នេហា​ជាមួយបុរស​ម្នាក់​នោះ​យូរ​រាប់​ឆ្នាំ​ រាប់​ខែ ឬ​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណា​នោះទេ ទំហំនៃ​ការ​ឈឺ​ចាប់​នៅ​ពេល​បែក​បាក់​គឺ​ពិត​ជា​ធំធេង​ណាស់​ មិន​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ជំនួស​នូវ​ទឹក​ភ្នែក​ដែលកំពុង​តែ​ស្រក់ចុះ​នេះ ជាមួយ​នឹង​ស្នាម​ញញឹម​ ដើម្បី​សេចក្ដី​សង្ឃឹម​ក្នុង​ជីវិត​តទៅ​មុខ​ទៀត​។
ខាង​ក្រោម​នេះ គឺ​ជា​វិធី​សាស្រ្ដ​មួយ​ចំនួន​ដើម្បី​បំភ្លេច​បុរស​ដែល​ក្បត់​ចិត្ត​អ្នក​៖
១- យំ​ឲ្យ​អស់​ចិត្ត​
ការ​ស្រែក​យំឲ្យ​ឆ្អែត​ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្រាល និង​មាន​អារម្មណ៍​ថា​មិន​គួរណា​​ប្រគល់​បេះ​ដូង​ទៅ​ឲ្យ​បុរស​ម្នាក់​នោះទេ​​។ ការ​យំ​ឲ្យ​បាន​កាន់​តែ​ច្រើន​រហូត​ដល់​ពេល​មួយ​ ដែល​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​អាច​នាំ​យក​នូវ​ស្នាម​ញញឹម​របស់​អ្នក​មក​វិញ​។ បន្ទាប់​ពី​នោះមក​ អ្នក​នឹងអរគុណ​ចំពោះ​បទពិសោធន៍​ដ៏​ឈឺ​ចាប់​អ្នក ដែល​បាន​ជួយ​បង្រៀន​អ្នក​កុំ​ឲ្យជាន់​ដាន​ចាស់​នេះ​ទៀត​។
២- គិត​អ្វី​ក្នុង​ផ្លូវ​ល្អ
មិន​ថា​មាន​អ្វី​​អាក្រក់​កើតឡើង​នោះ​ទេ អ្នក​ត្រូវ​បំភ្លេច​វា​ចោល ហើយ​ចាប់​ផ្ដើម​រស់​នៅ​ដោយ​ភាព​ស្រស់​ថ្លា​។ តើ​អ្នក​ធ្លាប់​លឺ​ពាក្យ​ថា “មាន​អ្វី​កើត​ឡើង​ក៏​ដោយ កើត​ឡើង​សម្រាប់​ភាព​ល្អបំផុត” ពាក្យ​មួយ​ឃ្លា​នេះ​គឺត្រឹម​ត្រូវ​ណាស់​។ អ្នក​ត្រូវ​ព្យាយាម​ស្វែងរក​នូវ​ភាព​រីក​រាយ​ នោះ​អ្វី​ៗ​នឹង​ប្រសើ​រឡើង​។ ត្រូវ​សន្យា​ចំពោះ​ខ្លួន​អ្នក​ថា​អ្នក​នឹង​រឹង​មាំ​ជាង​មុន ហើយ​និង​សប្បាយ​ជាង​មុន​ទៀត​។
៣- សរសេរ​នូវ​រាល់​ចំណុច​ខ្សោយ​របស់​បុរស​ម្នាក់​នោះ​
ការ​ធ្វើ​បញ្ជីមួយ​ ដោយ​សរសេរ​នូវ​រាល់​ចំណុច​ខ្សោយ​ ឬចំណុច​ខ្វះខាត​របស់​បុរស​ម្នាក់​នោះ​ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធ​ផល​ដ៏​គាប់​ប្រសើរ​។ ចូរ​អាន​វា​រៀង​រាល់​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ទុក្ខព្រួយ​ចំពោះ​ការ​បែក​បាក់​នេះ ឬ​ពេល​នឹក​បុរស​បោក​ប្រាស់​នោះ​ នោះ​អ្នក​នឹង​អរគុណ​ទេវតា​ដែល​បាន​ជួយ​ឲ្យ​បុរស​នោះ​ចាក​ឆ្ងាយ​ពី​ជីវិត​របស់​អ្នក​។
៤- ​មាន​រឿង​អ្វី​កើត​ឡើង​​ក៏​ដោយ​​ កុំ​​ទូរសព្ទ​ទៅ​រក​បុរស​នោះ​ឲ្យ​សោះ​
ការ​លឺ​នូវ​សម្លេង​បុរស​ម្នាក់​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ​អនុស្សាវរីយ៍​កន្លង​មក​ និង​ការ​ចង​ចាំ​ទាំង​ឡាយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទន់​ខ្សោយ​ម្ដង​ទៀត​។ ចូរ​ឃុំគ្រង​ខ្លួន​អ្នក​ឲ្យ​បាន បញ្ជា​ខ្លួន​អ្នក​ឲ្យ​បាន ថា​អ្នក​នឹង​មិន​ទូរសព្ទ​ទៅ​រក​បុរស​ម្នាក់​នោះ​ដាច់​ខាត​។ គាត់​បាន​ក្បត់​អ្នក ហើយ​ឥលូវ​រឿង​វា​ចប់​អស់​ហើយ កុំ​ព្យាយាម​រំលឹក​វា​ធ្វើ​អ្វី​។ ប្រសិន​បើ​អ្នក​ទទួល​ស្គាល់​ការ​ពិត​នេះ​កាន់​តែ​ឆាប់ អ្នក​នឹង​ប្រសើរ​ឡើង​កាន់​តែ​ឆាប់​ដែរ​។
៥- ប្រឈម​មុខ​ជាមួយ​នឹង​បុរស​ម្នាក់​នោះ​
ប្រសិនបើ​អ្នក​ធ្វើ​ការ​នៅ​ការិយាល័យ​ជាមួយ​បុរស​ម្នាក់​នោះ​ ឬ​ធ្វើ​ការ​នៅ​អគារ​ជាមួយ​គ្នា ឬ​រៀន​នៅ​សាលា​ ឬ​ថ្នាក់​ជាមួយ​គ្នា នោះ​ឱកាស​នៃ​ការ​ជួប​បុរស​ម្នាក់​នោះ​នឹង​មាន​ច្រើន​ណាស់​។ ប៉ុន្ដែ​ទោះ​យ៉ាង​ណា​កុំ​ព្យាយាម​គេ​ចពី​គេ​ឲ្យ​សោះ​។ ទោះ​បី​ជា​អ្នក​នៅ​មួយ​ជិត​បុរស​ម្នាក់​នោះ​យ៉ាង​ណា​ក៏​ដោយ ត្រូវ​បង្ហាញ​ប្រាប់​គេ​ថា​ អ្នក​រឹង​មាំ​ និង​សប្បាយ​ជាង​ពេល​នៅ​ជាមួយ​គេ​ទៀត​។
៦- កែ​ប្រែ​ខ្លួន​អ្នក​
នេះ​គឺ​ជា​វិធី​សាស្រ្ដ​មួយ​ដ៏​ល្អ​ផង​ដែរ​ ដែល​មិន​ត្រឹម​តែ​ដក​បុរស​ម្នាក់​នោះ​ចេញពី​មុខ​អ្នក​នោះ​ទេ តែ​ថែម​ទាំង​ដក​គេ​ចេញ​ពី​ក្នុង​បេះ​ដូង​របស់​អ្នក​បាន​ទៀត​ផង​។ អ្នក​អាច​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​ម្ដាយ​របស់​អ្នក​ដែល​នៅ​ឯខេត្ត​ ឬ​ទៅជួប​មិត្ត​ចាស់នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ឬ​ថ្ងៃ​សម្រាក​ពីការ​ងារ​។ អ្នក​អាច​ទៅ​ធ្វើ​​ម៉ូដ​សក់​ថ្មី ទៅ​ហាត់​ប្រាណ​នៅ​ក្លឹប ឬ​ទៅ​ស្ប៉ា​ជា​ដើម​។ កាន់​តែល្អ​ជា​ង​នេះ​ទៀត អ្នក​អាច​អញ្ជើញ​មិត្ត​ភក្ដិ​របស់​អ្នក​ជួប​ជុំគ្នា​ជប់​លៀង​នៅ​ខាង​ក្រៅ ធ្វើ​ឲ្យ​ដូច​កាល​ដែល​អ្នក​មិន​ទាន់​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ម្នាក់​នោះ​ និយាយ​ជា​រួម​គឺ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ដើម្បី​ទទួល​បាន​នូវ​អារម្មណ៍​រីក​រាយ​បំផុត​។
៧- កុំ​ខ្លាច​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ថ្មី
ការ​បែក​បាក់​ គឺ​ពិត​ជា​ឈឺ​ចាប់​ ប៉ុន្ដែ​មិន​មាន​ន័យ​ថា​អ្នក​នឹង​មិន​ចាប់​ផ្ដើម​ជាមួយ​បុរស​ដទៃ​ទៀត​នោះ​ទេ​។ ការ​ស្វែង​រក​នូវ​មនុស្ស​ម្នាក់​ ដែល​អាច​ជួយ​ព្យាបាល​របួស​បេះ​ដូង​របស់​អ្នក​ គឺ​ពិត​ជា​វិធី​សាស្រ្ដ​ដ៏​ល្អ​បំផុត​ដើម្បី​បំភ្លេ​ច​ម្នាក់​នោះ​បាន​។​
ចូរ​ព្យាយាម​ធ្វើ​ខ្លួន​អ្នក​ឲ្យ​រឹង​មាំ​ជាង​មុន​ នោះ​អ្នក​នឹង​រក​ឃើញ​មនុស្ស​ប្រុស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ហើយ​!

សិច​ និង​អាហារ​ពេល​ព្រឹក​ មាន​ទំនាក់​ទំនង​គ្នា​មិន​គួរ​ឲ្យ​ជឿ​


អ្នក​ប្រហែលជា​មិន​ទាន់​ដឹង​ទេ​ថា អាហារ​ពេល​ព្រឹក​ និង​សិច ក៏មាន​ភាព​ទាក់​ទង​គ្នា​ដែរ ដែល​ប្រហែល​ជា​អ្នក​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ប្រសិន​បើ​ដឹង​នោះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ជប៉ុន​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​យុវ​វ័យ​ចំនួន​ ៣០០០នាក់​ ហើយ​ជា​លទ្ធ​ផល​ អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​បាន​រក​ឃើញ​ថា យុវវ័យ​ដែល​មិនញ៉ាំ​អាហារ​ពេល​ព្រឹក​​ បាន​បាត់​បង់​ភាព​បរិសុទ្ធ​នៅ​ក្នុង​អាយុ​ក្មេង​វ័យ​ មាន​ន័យ​ថា​ អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹកមានអត្រា​ឈាន​ទៅ​រក​ការ​រួមភេទ​ខ្ពស់​​។
ដោយ​មិន​ទាន់​បញ្ជាក់​លម្អិត​ពី​ការ​ស្រាវ​ជ្រាវ​នេះ​ ខ្មែរ​សារិកា​សូម​លើក​យក​នូវ​អត្ថ​ប្រយោជន៍​មួយ​ចំនួន​នៃ​អាហារ​ពេល​ព្រឹក​ដូច​ខាង​ក្រោម​។ ​យុវវ័យ​ត្រូវ​តែញ៉ាំ​អាហារ​ពេល​ព្រឹក​ ព្រោះ​៖
១- អាហារ​ពេល​ព្រឹ​ក​នឹ​ងធ្វើ​ឲ្យ​យើង​មានការ​គិត​បាន​រហ័ស និង​ផ្ដោត​អារម្មណ៍​លើ​អ្វី​មួយ​បាន​ល្អ
២- អាហារ​ពេល​ព្រឹក​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ​
៣- អាហារ​ពេល​ព្រឹក​ជា​អាហារ​ដំបូង​ប្រចាំ​ថ្ងៃ​ ហើយ​ក៏​ជា​អាហារ​ដែលសំខាន់ជា​ងគេ​ផង​ដែរ​ ដែល​យើង​មិនអាច​ទុក​ក្រពះ​យើង​ឲ្យ​នៅ​ទំនេរ​​រហូត​ដល់​ពេល​ថ្ងៃ​បាន​នោះ​ទេ​។
យ៉ាង​ណា​មិញ​ ការ​ស្រាវ​ជ្រាវ​រក​ឃើញ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជប៉ុ​ន​នេះ ក៏​ធ្វើ​ឲ្យ​មាន​ការ​ជំទាស់​ជា​ច្រើន​ផង​ដែរ​។ ការ​ជំទាស់​ អាច​មាន​ដូច​ជា ចុះ​ប្រសិន​បើ​ត្រូវ​ទៅ​រៀន​លឿន ហើយ​ញ៉ាំ​អាហារ​អត់​ទាន់ តើ​នឹង​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដោយ​សារ​ការ​រួម​ភេទ​មែន​ទេ? តើ​គ្រាន់​តែមិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ក៏​អាច​ធ្វើ​ឲ្យ​យុវវ័យ​បាត់​បង់​ភាព​បរិសុទ្ធ​ដែរ​មែន​ទេ? ពិបាក​នឹង​ស្រមៃ​ឃើញ​ណាស់​មែន​ទេ ថា​ហេតុ​អ្វី​បាន​ជា​អញ្ចឹង​។
សរុប​មក​វិញ​ ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ស្រាវ​ជ្រាវ ដោយ​សួរ​លើ​ក្រុម​យុវវ័យ​ចំនួន​ ៣០០០នាក់ ហើយ​ចម្លើយ​នៃ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ឆ្លើយ​ថា​អញ្ចឹង បាន​ជា​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​ហ៊ានសន្និដ្ឋាន​ថា​បែបនេះ​។ តែទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​ការ​ស្រាវ​ជ្រាវ​នេះ​ អាច​មាន​ប្រយោជន៍​ខ្លះ​ដែរ ដោយ​សារ​តែ​ឪពុកម្ដាយ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​អាហារ​ពេល​ព្រឹករបស់​កូន​បាន​ដិត​ដល់​ជាង​មុន ព្រោះខ្លាច​ពួក​គេ​មិន​ញ៉ាំ​ ហើយ​អា​ច​ឈាន​ទៅដល់​អ្វីដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​។
ចុះ​មិត្ត​អ្នក​អាន​ខ្មែរ​សារិកាវិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ស្រាវ​ជ្រាវ​ដែលរកឃើញ​បែប​នេះ?

ផល​ប្រយោជន៍​ ៥យ៉ាង​នៃ​ការ​យំ​!


តើ​អ្នក​ធ្លាប់​យំ​ដែរ​ឬ​ទេ? បើ​អ្នក​ឆ្លើយ​ថា​ មិនធ្លាប់ ក៏​គ្មាន​អ្នក​ណា​ជឿ​ដែរ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​ពេលកើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ភ្លាម​ សម្លេង​យំ​របស់​អ្នក​នឹង​លឺ​ភ្លាម​នោះ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​យំ​ដែល​ខ្មែរ​សារិកា​លើក​យក​មក​និយាយ​នា​ពេល​នេះ គឺ​ការ​យំ​របស់​មនុស្ស​ពេញ​វ័យ​។ បើ​តាម​ទ្រឹស្ដី​របស់​ទស្សនវិទូ​ អារី​ស្ដូត​ ដ៏​ល្បី​របស់​ក្រិច​ បាន​លើក​ឡើង​ថា "ការ​យំ​គឺ​ជា​ការ​លាង​ជម្រះ​អារម្មណ៍​"។ ពិ​ត​ណាស់​ ការ​យំ​ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​ពិបាក​ចិត្ត​ និង​បញ្ចេញ​នូវ​រាល់​អារម្មណ៍​ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​។
ការ​យំ​ភាគ​ច្រើន​ តែង​តែ​ត្រូវ​បាន​គេ​គិត​ថា កើត​ដោយ​សារ​អារម្មណ៍​សោក​សៅ ទុក្ខព្រួយ​ ខូច​ចិត្ត ឈឺ​ចាប់ ឬ​ក៏​ខឹង​ ប៉ុន្ដែ​ពេល​ខ្លះ​ ទឹក​ភ្នែក​របស់​យើង​ ក៏​អាច​ស្រក់​ចុះ​ពី​ការ​សប្បាយ​ រំភើប​ ភ័យ​ខ្លាច​ សើច​ខ្លាំង​ពេក ឬក៏​អារម្មណ៍​ផ្សេង​ៗ​ទៀត​។ ក្រៅ​ពី​ហេតុ​ផល​អារម្មណ៍​ នៅ​មាន​ហេតុផ​ល​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​ភ្នែក​យើង​ពិបាក​នឹង​ទប់​ទឹក​ភ្នែក​បាន ដែល​មាន​ដូច​ជា​ផ្សែង​ដែល​ហុយ​មក​ចូល​ភ្នែក​របស់យើង​ជា​ដើម​។
តើ​ការ​យំ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​?
​ មាន​ភស្ដុតាង​វិទ្យាសាស្រ្ដ​ជា​ច្រើន បាន​បញ្ជាក់​ថា ការ​យំ​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​។ មិន​ដូច​ទឹក​ភ្នែក​ដែល​ចេញ​ដោយ​សារការ​ការ​ឈឺ​ផ្នែក​រាង​កាយ​នោះ​ទេ ទឹក​ភ្នែក​ដែល​យំ​ចេញ​ពីអារម្មណ៍​ មាន​ផ្សំ​ទៅ​ដោយ​ ប្រូតេអ៊ីន ម៉ង់​កាណែស ប៉ូតាស្យូម និង​ប្រូឡាក់​ទីន​។ ម៉ង់​កាណែស​ គឺ​ជា​ធាតុ​ផ្សំ​សំខាន់​ជាង​គេ​។ គ្រាន់​តែ​ជា​តិ​ម៉ង់​កាណែ​សតែ​​បន្ដិច​ អាច​ជួយ​ព្យាបាល​បញ្ហា​ស្បែក ជួយ​ការ​ពារឈាម​កុំ​ឲ្យ​ឆាប់​កក និង​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល​។ ប៉ូតា​ស្យូម​ អាច​ជួយ​គ្រប់​គ្រង​សាច់​ដុំ និង​ធ្វើ​ឲ្យ​ឈាម​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​។ ប្រូឡាក់​ទីន ជួយ​កាត់បន្ថយ​ស្រ្ដេស និងល្អ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ។
ខ្មែរ​សារិកា សូម​នាំ​មក​ជូន​លោក​អ្នក​នូវ​ផល​ប្រយោជន៍​ទាំង​៥​នៃ​ការ​យំ​ ដូច​ខាង​ក្រោម​៖
១- ទឹក​ភ្នែក​ ប្រៀប​បាន​ជា​ប្រេង​រំអិល​របស់​ភ្នែក​
តួនាទី​ចម្បង​បំផុត​នៃ​ទឹក​ភ្នែក គឺ​ការ​សម្អាត និង​ធ្វើ​ជា​សារធាតុ​រំអិល​ដល់​គ្រាប់​ភ្នែក និង​ត្របក​ភ្នែក​។ បន្ថែម​លើ​នេះ​ទៀត ទឹក​ភ្នែក​ក៏​អាច​ការ​ពារ​ការ​ខ្សោះ​ជាតិ​ទឹក​នៃ​ភ្នាស​រំអិល​ផង​ដែរ​។​
២- ទឹក​ភ្នែក​លាង​ជម្រះ​ជាតិ​ពុល​
ការ​យំ​ដែល​ចេញ​ពី​អារម្មណ៍​ គឺ​ជា​វិធី​ល្អ​មួយ សម្រាប់​រាង​កាយ​របស់​យើង​ក្នុង​ការ​លាង​ជម្រះ​ជាតិ​ពុល​ដែល​មាន​ក្នុង​ខ្លួន​។ ទឹក​ភ្នែក​ ដែល​ចេញ​ពី​អារម្មណ៍​ មាន​ផ្សំនូវ​អ័រ​ម៉ូន Cortisal ក្នុង​កម្រិត​ខ្ពស់ ដែល​ជា​អ័រម៉ូន​ដែល​បញ្ចេញ​ពេល​មាន​អារម្មណ៍ស្រ្ដេស​ខ្លាំង​។​
យោង​តាម​អ្នក​ជំនាញ​ ការ​បញ្ចេញ​នូវ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​របស់​យើង​តាម​រយៈ​ទឹក​ភ្នែក​ គឺ​អាច​ជួយ​បាន​ពេញ​មួយ​រាង​កាយ​របស់​យើង​។
៣- ទឹក​ភ្នែក​សម្លាប់​បាក់​តេរី​
ទឹក​ភ្នែក​របស់​យើង​ អាច​ធ្វើ​ការ​ជា​អ្នក​ប្រឆាំង​នឹង​បាក់​តេរី និង​ជា​ភ្នាក់​ងារ​ប្រឆាំង​នឹង​សារធាតុ​មិន​ល្អ​ផ្សេង​ទៀត ដែល​នៅ​ក្នុង​បរិយាកាស​ ឬ​វត្ថុ​នានា​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​។ ក្រៅ​ពី​សារធាតុ​ខាង​លើ ទឹក​ភ្នែក​ក៏​នៅ​មាន​ផ្សំ​នូវ​អង់​ហ្សីម​ Lysozyme ដែល​មាន​សមត្ថ​ភាព​សម្លាប់​បាក់​តេរី ៩០ ទៅ​៩៥​ភាគ​រយ​ នៅ​ក្នុង​រយៈ​ពេល​តែ​ ៥​ ទៅ​១០នាទី​ប៉ុណ្ណោះ​។
៤- ការ​យំ​ធ្វើ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​
ការ​ស្រាវ​ជ្រាវ​ បាន​បង្ហាញ​ថា រាង​កាយ​យើង​បាន​បញ្ចេញ​នូវ​អ័រម៉ូន Endorphines ដែល​ជា​អ័រ​ម៉ូន​អារម្មណ៍​ល្អ ខណៈ​ពេល​ដែល​យើង​មាន​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​យើង​យំ​។​
ទស្សនាវដ្ដី​ដ៏​ល្បី​ក្នុង​លោក People ក៏​បាន​រាយ​ការណ៍​ដែរ​ថា ការ​យំ​ដែល​ល្អ (មិនមែន​បន្លំ​យំ​ ដូច​ថត​កុន) អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង និង​ស្ងៀម​ស្ងាត់​។ អារម្មណ៍​វិជ្ជមាន​ក្រោយ​ការយំ​ឡើង​ក្រហម​ភ្នែក និងហៀ​រ​សំបោរ​នេះ អាច​បង្កើន​អារម្មណ៍ល្អ ៨៨,៨% ខណៈ​ដែល​អារម្មណ៍​មិនល្អ​មានតែ ៨,៤%​ប៉ុណ្ណោះ​។​
៥- ប្រឈម​មុខ​ជា​មួយ​នឹង​ភាព​ស្រ្ដេស​
ការ​សម្រក់ទឹក​ភ្នែក​ គឺ​ជា​ការ​ព្យាបាល​អារម្មណ៍​ស្រ្ដេស​ និង​អារម្មណ៍​បាត់​បង់​អ្វី​មួយ​។ ការ​យំ​ គឺ​មាន​ន័យ​ថា គឺ​ជា​ការ​កសាង​ឡើង​វិញ​ នូវ​តុល្យភាព​នៃ​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​។​
នៅ​ក្នុង​សៀវភៅ "The Miracle of Tears" របស់​លោក Jerry Bergman បាន​បញ្ជាក់​ថា ការ​បញ្ចេញ​ទឹក​ភ្នែក អាច​ជួយ​ការ​ពារ​ជំងឺ​ដែល​បណ្ដាល​មក​ពី​អារម្មណ៍​ស្រ្ដេស​ ដែល​មាន​ដូច​ជា​ លើស​ឈាម ជំងឺ​បេះ​ដូង និង​រោគ​ដំបៅ​ក្រពះ​។
សរុប​មក​វិញ បើ​អ្នក​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង ខូច​ចិត្ត​ សោក​សៅ ឬ​អារម្មណ៍​ស្អី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​យំ​ ចូរ​កុំ​ព្យាយាម​ទប់​ទឹក​ភ្នែក​របស់​អ្នក​ធ្វើ​អ្វី ឲ្យ​វា​ចេញ​មក​ ដើម្បី​ឲ្យ​ខ្លួន​យើង​អាច​ធូរ​ស្រាល​ពី​អារម្មណ៍​ទាំង​នោះ​។​

ធ្វើ​យ៉ាង​ណា​ បើ​នៅ​តែ​មិន​អាច​បំភ្លេច​គេ​​បាន​?


បំភ្លេច​អ្នកណា​ម្នាក់​​ គឺ​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ ជា​ពិសេស​គឺ​អ្នក​ដែល​យើង​ស្រឡាញ់ស្មើ​ជីវិត​ ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍ផ្អែម​ល្ហែម​​រាប់​មិន​អស់​នោះ​។ ទោះ​បី​ជាការព្យាយាម​បំភ្លេច​អ្នកណាម្នាក់ បាន​​ធ្វើ​ឲ្យ​អ្នក​ឈឺ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នកត្រូវ​តែ​ព្យាយាម ​ដើម្បី​អនាគត​ដ៏​វែង​ឆ្ងាយ​របស់​អ្នក​ ហើយ​ត្រូវ​ធ្វើ​វា​ដោយ​ប្រើ​ខួរ​ក្បាល និង​ហេតុ​ផល មិ​នមែន​ប្រើ​អារម្មណ៍​ និ​ង​បេះ​ដូង​នោះ​ទេ​។ ទោះ​បី​ជា​ប្រយោគ​មួ​យ​ឃ្លា​បាន​លើក​ឡើង​ថា "It takes an hour to like someone and a day to love someone - but it takes a lifetime to forget someone" ក៏​ដោយ ប៉ុន្ដែ​អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ "nothing is impossible" ដូច្នេះ​ត្រឹម​បំភ្លេច​អ្នក​ណា​ម្នាក់​ ក៏​អាច​ធ្វើ​បាន​ដែរ​។
ពេល​ខ្លះ​អ្នក​បាន​គិត​ថា​ អ្នក​បាន​បំភ្លេច​មនុស្ស​ម្នាក់​នោះ​បាត់​ហើយ ក្រោយពី​ព្យាយាម​បំភ្លេច​អស់​រយៈ​ពេល​ពីរ ទៅ​បីឆ្នាំ ប៉ុន្ដែ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ឈឺ​ចាប់​ និង​ទុក្ខសោក​ម្ដង​ទៀត​ នៅ​ពេល​ណា​មួយ​ដែល​អ្នក​នឹក​ឃើញ​រូប​គេ​នោះ ដែល​នេះ​មាន​ន័យ​ថា អ្នក​មិន​ទាន់​បំភ្លេច​ម្នាក់​នោះ​បាន​នៅ​ឡើយ​ទេ​។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​អ្នក​ចំណាយ​អារម្មណ៍​របស់​អ្នកទាំង​ស្រុង​​ ទៅ​ក្នុង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​មួយ​ ប៉ុន្ដែ​ស្រាប់​តែ​ស្នេហា​នោះ​ បែរ​ជា​ត្រូវ​បញ្ចប់ គឺ​ប្រាកដ​ណាស់​ថា អ្នក​ណា​ក៏​រង​ទុក្ខ​សោក​សៅ ដំបៅ​ក្នុងទ្រូង​ អស់​រយៈ​ពេល​រាប់​ឆ្នាំ ឬ​ក៏​អាច​មួយ​ជីវិត​ក៏​មាន​ដែរ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សាក​ងាក​មក​មើល​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ហើយ​រីក​រាយ​ជាមួយ​នឹង​ជីវិត​ដែល​នៅ​សល់​របស់​អ្នក​៖
១- ចាប់​ផ្ដើម​សម្លឹង​មើល​មនុស្ស​ម្នាក់​ទៀត ដែល​អ្នក​ចូល​ចិត្ត​ ព្រោះ​អ្នក​កំពុង​តែ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​អារម្មណ៍​ឈឺ​ចាប់ ដូច្នេះ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត អ្នក​ក៏​អាច​គេ​ច​ចេញ​ពី​អ្នក​ចាស់​នោះ​បាន​ខ្លះ​ដែរ​។
២- កុំ​ស្ដាប់​ចម្រៀងកំសត់​ៗ ឬ​មើល​រឿង​ណា​ដែល​កំសត់​ ស្នេហា​បែក​បាក់ ព្រោះ​អាច​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​ទៀត​។
៣- ត្រូវ​គិត​ថា នៅ​មាន​អ្ន​ក​ផ្សេង​ទៀត​ដែល​កំពុង​រង់​ចាំ​អ្នក​ និង​ចាំ​ទទួល​អ្នក​
៤- កុំ​សម្ងំ​ម្នាក់​ឯង ត្រូវ​ចេញ​ក្រៅ និង​រីក​រាយ​ជាមួយ​មិត្ត​ភក្ដិ​។ ប្រសិន​បើ​អ្នកសម្ងំ​នៅ​ក្នុង​ផ្ទះ​ម្នាក់​ឯង នោះ​អ្នក​ប្រហែល​ជា​អាច​គិត​ដល់​គេ ថា​គេ​ពេល​នេះ​កំពុង​ធ្វើ​អ្វី​ជា​មួយ​នឹង​អ្នក​ថ្មី។
៥- កុំ​ចំណាយ​ទឹក​ភ្នែក​ដ៏​មាន​តម្លៃ​របស់​អ្នក​ ក្នុង​ការ​យំ​ដោយ​សារ​មនុស្ស​ដែល​ឈប់​ស្រឡាញ់​យើង​
៦- កុំ​គិត​ថា​អ្នក​មិនល្អ ឬ​គ្មាន​តម្លៃ​ ឬ​គិត​ថា​អ្នក​មិន​អាច​រក​អ្នក​ណា​ល្អ​ជា​ម្នាក់​នោះ​ឲ្យ​សោះ ព្រោះ​មិន​ខ្វះ​ទេ​ អ្នក​ដែល​ល្អ​ជាង​គេ​ម្នាក់​នោះ​។​
៧- ប្រសិន​បើ​អ្នក​ចាស់​នោះ មាន​ Facebook, Twitter ឬ​អ្វី​ផ្សេង​ទៀត ចូរ​ព្យាយាម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទំព័រ​របស់​គេ​ ព្រោះ​ការ​មើល​ឃើញ​ នឹង​នាំ​ឲ្យ​អ្នក​កាន់​តែ​ឈឺ​ចាប់​ថែម​ទៀត​។
៨- ព្យាយាម​មិនមើល​មុខ​ម្នាក់​នោះ នៅ​ពេល​ជួប​គេ​នៅ​កន្លែង​ណាមួយ​។
៩- ប្រសិន​បើ​អ្នក​ចាប់​ផ្ដើម​គិត​ដល់​គេ អ្នក​ត្រូវ​​បង្វែ​រ​អារម្មណ៍​នេះ​គិត​ដល់​អ្ន​ក​ផ្សេង​ភ្លាម​
១០- បើ​សិន​ជា​អាច កុំ​ទូរសព្ទ​ទៅ​រក​គេ​​ឲ្យ​សោះ​ ព្រោះ​ទោះ​អ្នក​និយាយ​អ្វី​ក៏គ្មាន​ប្រយោជន៍​នោះ​ដែរ បាន​ត្រឹម​តែ​ឈឺ​លើស​ដើម​ប៉ុណ្ណោះ​។
១១- កុំ​ហៅ​គេ​ថា បងសម្លាញ់/ អូន​សម្លាញ់ បង​/អូន ទៀត​ឲ្យ​សោះ​ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​នឹក​ដល់​ពាក្យ​ផ្អែម​ល្ហែម​ដែល​ធ្លាប់​និយា​យ​ជាមួយ​គ្នា​។
១២- ប្រសិន​បើ​អ្នក​កំពុង​សិក្សា អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​កុំគិត​ដល់​នាង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវចិត្តរបស់​អ្នក​ ដែល​នឹង​ប៉ះ​ពាល់​ដល់​ការ​សិក្សា​ (ត្រូវ​គិត​ថា​ ការសិក្សា​សំខាន់​ជាង​ស្នេហា)។
១៣- ធ្វើ​ឲ្យ​ខ្លួន​អ្នក​ប្រសើ​រជាង​មុន ដើម្បី​បង្ហាញ​អ្នក​ចាស់​របស់​អ្ន​ក​ថា អ្នក​មាន​ការ​ផ្លាស់​ប្ដូរ​ ហើយ​និង​នៅ​តែ​ជាមនុស្ស​ដែល​មាន​តម្លៃ។ អ្នក​ត្រូវ​បង្ហាញ​ប្រាប់​គេ​ថា អ្នក​ជា​មនុស្ស​ដែល​គ្រាន់​បើ​ជាង​មុន​ (អាច​និយា​យ​បាន​ថា​ អរគុណ​ដែល​អូន​ក្បត់​បង​)។
១៤- កុំ​លាក់​រឿង​នេះ​តែ​ម្នាក់​ឯង ចូរ​ព្យាយាម​សុំដំបូន្មាន​ពី​មិត្ត​ភក្ដិ​របស់​អ្នក​។ ប្រសិន​បើ​មាន​ឱកាស​ អ្នក​ក៏​គួរ​តែ​ទៅ​លេង​មិត្ត​ភក្ដិ​របស់​សង្សារ​ចាស់​របស់​អ្នក​ក៏​បាន​ដែរ ដើម្បី​បង្ហាញ​ប្រាប់​ពួកគេ​ថាអ្នក​មាន​ការ​វិវត្ត​ខ្លួន​ប្រសើ​រ​ជាង​មុន ដែល​នេះ​អាច​ជា​សារ​ដោយ​ប្រយោល​មួយ​ទៅ​កាន់​អ្នក​ចាស់​របស់​អ្នក​។
អ្វី​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​មែន​ទាំង​អស់​នោះ​ទេ ប្រិយ​មិត្ត​ក៏​អាច​ចែក​ជា​បទ​ពិសោធន៍​ ឬ​ចំណេះ​ដឹង​ ទៅ​កាន់​អ្នក​ដែល​កំពុងតែមិន​អាច​បំភ្លេច​អ្នក​ដែល​ខ្លួន​ស្រឡាញ់​បាន​ តាម​រយៈ​ ប្រអប់​បញ្ចេញមតិ​ខាង​ក្រោម​។

គន្លឺះទាំង ១០ ដើម្បី​យកឈ្នះចិត្ត​ស្រីៗ


យោង​តាម​អ្នក​ជំនាញ​ខាង​ស្នេហា​បាន​ឲ្យ​ដឹង​ថា គោល​ការណ៍​ដ៏​សំខាន់​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចាប់​អារម្មណ៍​ និង​បាក់​ចិត្ត​មក​លើ​អ្នក​ គឺ​ការ​ចាប់​ផ្ដើម​នា​គ្រា​ដំបូងដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ពោល​គឺកំឡុង​ពេល​​នៃ​​ការ​ចាប់​ផ្ដើម​នូ​វការ​សន្ទនា​។ ប៉ុន្ដែ​វា​មិន​មែន​ងាយ​ស្រួល​នោះ​ទេ ក្នុងការ​ធ្វើ​នាង​នារី​ម្នាក់​និយាយ​មក​រក​អ្នក​ដោយ​ពេញ​ចិត្ត​នោះ​។ ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ទាំង​១០ ដែល​អាច​ឲ្យ​អ្នក​យក​ឈ្នះ​ចិត្ត​មនុស្ស​ស្រី ឲ្យ​នាង​ចាប់​អារម្មណ៍​មក​លើ​អ្នក និង​និយាយ​ជាមួយ​អ្នក​​នៅ​គ្រា​ជួប​អ្នក​ដំបូង៖
១- ប្រើ​ប្រាស់​នូវ​បរិស្ថាន​ជុំវិញ​ ដើម្បីចាប់​ផ្ដើម​ការ​សន្ទនា​។ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​បរិស្ថាន​គួរ​ឲ្យ​ទាក់​ទាញ ដែល​មាន​ដូច​ជា​បែប​កំប្លែង​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដើម្បី​ឲ្យ​នាង​បង្ហើប​វាចារ​សារសព្ទ​មក​រក​អ្នក​។
២- ប្រើ​ប្រាស់​នូវ​រូប​មន្ត​ "កំប្លែង​បែប​រ៉ូមែន​ទិច" ដើម្បី​ទាក់​ទាញ​ចំណាប់​ពី​អារម្មណ៍​របស់​នាង​ (ឲ្យ​នាង​និយាយ​រក​អ្នក​ទាំង​មិន​ដឹង​ខ្លួន​)។ នេះ​មាន​ន័យ​ថា អ្នក​អាច​ចូល​ទៅ​ជិត​កន្លែង​ដែល​នាង​អង្គុយ​ រួច​ធ្វើ​ជា​ច្រឡំ​នាង​ទៅ​នឹង​អ្នក​ផ្សេង ឬ​អា​ច​ធ្វើ​កំពប់ភេសជ្ជៈ​នៅ​ជិត​នាង ឬ​ក៏​ធ្វើ​អ្វី​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​​អ្នក​ទាំង​ពីរ​អាច​ចាប់​ផ្ដើម​ការ​សន្ទនា​ (ចាប់​ផ្ដើម​និយាយ​រក​គ្នា)​។
៣- ប្រសិន​បើ​រូប​មន្ត​ខាង​លើ​មិន​បាន​ផល​នោះ​ទេ អ្នក​អាច​ប្រើ​ប្រាស់​នូវ​យុទ្ធ​សាស្រ្ដ​មួយ​ទៀត គឺ​ពោល​ពាក្យ​សរសើរ​បែប​ណា​ដែល​អ្នក​គិត​ថា​នាង​​មិន​ធ្លាប់​លឺ​ពី​មុន​មក​។ អ្នក​មិន​បាច់​សរសើរ​ពី​សម្រស់ ពី​របៀប​តែង​ខ្លួន​របស់​នាង​ទេ ព្រោះ​ពាក្យ​សរសើរ​បែប​នេះ​ មនុស្ស​ស្រី​ស្អាត​ៗ​ភាគ​ច្រើន ​បាន​លឺ​ឡើង​ស៊ាំ​ត្រចៀក​ទៅ​ហើយ។
៤- សាក​សួរ​សុំ​យោបល់​នាង​ទាក់​ទង​នឹង​អ្វីមួយ​។ រូប​មន្ត​នេះ​គេ​ហៅ​ថា "ការ​បើក​គំនិត"​ ហើយ​វា​ក៏​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ដ៏​ស្រួល​បំផុត​ផ្សេង​ទៀត ក្នុង​ការ​ចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​នឹង​មនុស្ស​ស្រី​។ ប្រហែល​ជា​គេមិន​កំណាញ់​នោះ​ទេ គ្រាន់​តែ​បញ្ចេញ​នូវ​យោបល់​ជួយ​ដល់​អ្នក​នោះ​។
៥- ប្រើ​ប្រាស់​នូវ​គ្រឿង​បំភ័នផ្សេង​ៗ​ ដើម្បី​ឲ្យ​នាង​ចាប់​ផ្ដើម​និយាយ​ជាមួយ​អ្នក​។ គ្រឿង​បន្លំ ឬ​បំភ័ន​នោះ មិន​មែន​ជា​អ្វី​ដែល​អាក្រក់​នោះ​ទេ ពោល​គឺ​ជា​ ជំហាន​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ហេតុផល​សម​ស្រប​ដើម្បី​និយាយ​ទៅ​កាន់​នាង។ ឧទាហរណ៍ អ្នក​អាច​មាន​ក្រដាស់​កម្រង​សំណួរ​​ស្ទង់​មតិ​ ដើម្បី​ឲ្យ​នាង​ជួយ​បំពេញ ឬ​ក៏​ល្បែង​ឆ្ពិន​ភ្នែក​ផ្សេង​ៗ​ដែល​អ្នក​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​ដោះ​ស្រាយ ឬ​ក៏​អ្វី​ផ្សេង​ទៀត ដែល​អ្នក​គិត​ថា​ នាង​នឹង​អាច​ចូល​រួម​និយាយ​ជាមួយ​នឹង​អ្នក​។
៦- យ៉ាង​ហោច​ណាស់​ ក៏​បាន​​ញញឹម​ទៅរក​នាងដែរ​ បើ​សិន​ជា​អ្នក​អង្គុយ​នៅ​មិន​ឆ្ងាយ​ពី​នាង​នោះ​។ យុទ្ធ​សាស្រ្ដ​នេះ​ អាច​នឹង​បាន​ផល នៅ​ពេល​ដែល​នាង​បាញ់​ខ្សែ​ភ្នែក​មក​រក​អ្នក​វិញ​។ នៅ​ពេល​ដែល​នាង​ហាមាត់​និយាយ​ នោះ​ហើយ​គឺ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​របស់អ្នក​ទៅ​កាន់​នាង​វិញ​ (និយាយ​លេង​ជាមួយ​នាង ឬ​និយាយ​អ្វី​ក៏​បាន​ទៅ​តាម​ចិត្ត​សាស្រ្ដ​របស់​អ្នក​)។​​
៧- ចាប់​ផ្ដើម​សន្ទនា​ជាមួយ​នឹង​អ្នក​ដទៃ​ទៀត​ ដែល​នៅ​ក្នុង​ក្រុម​ជាមួយ​នាង​។ ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​ថា ភាគ​ច្រើន​ស្រ្ដី​ចេញ​ទៅ​ក្រៅ គឺ​ជា​ក្រុម​ មិន​មែន​ទៅ​ម្នាក់​ឯង​​នោះ​ទេ​។ ដូច្នេះ ជំនួស​ឲ្យ​ការ​ផ្ដោត​ទៅ​លើ​នាង​តែ​ម្នាក់ អ្នក​ត្រូវ​និយាយ​ទៅកាន់​ក្រុម​ទាំង​មូល តែ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​និយាយ​នេះ​ តម្រង់​ឆ្ពោះ​ទៅ​រក​នាង​ផង​ ដូច​ដែល​ពាក្យ​ចាស់​ពោល​ថា ជិះ​ក្របី​ចម្លង​ភក់​ ដូច្នេះ​ដែរ​។
៨- ចាប់​ផ្ដើម​បើក​មាត់​និយាយ​ដោយ​ប្រយោគ មិនមែន​ដោយ​សំណួរ​នោះ​ទេ​។ ស្រ្ដី​ភាគ​ច្រើន​ គឺ​ធុញ​ទ្រាន់​នឹង​ការ​សួរ​បែប​សម្ភាស​ពី​បុរស​ណាស់ (ស្ទីល​ញ៉ែ​ចាស់​គម្រិល)។ ដូច្នេះ​ ជំនួស​ដោយ​ការ​បង្ខំ​នាង​ឲ្យ​និយាយ​ អ្នក​ត្រូវ​រៀប​ចំ​ខ្លួន​ជាមួយ​នឹង​រឿង​ណា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ចែក​រំលែក​ទៅ​កាន់​នាង​។​
៩- ស្រ្ដី​ចូល​ចិត្ត​ចង់​ដឹង​ថា​អ្នក​ដទៃគិត​ដូច្នេះ​ចំពោះ​ពួក​នាង​។ ការ​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត​នោះ​គឺ អ្នក​ត្រូវ​ព្យាយាម​ទាយ​ឲ្យ​ដឹង​ថា​អ្វី​ដែល​នាង​កំពុង​តែ​គិត ឬ​ក្នុង​ចិត្ត​នាង​កំពុង​មាន​អ្វី​។
១០- ត្រូវ​ចង​ចាំ​ថា​ ស្រ្ដី​មិន​ចូល​ចិត្ត​បុរស​ដែល​លឿន​ពេក​នោះ​ទេ ដូច្នេះ​អ្នក​មិន​ត្រូវ​ប្រញ៉ាប់​ប្រាប់​នាង​ពី​ជម្រៅ​ចិត្ត​របស់​អ្នក​ភ្លាម​ៗ​ដែរ​។ អ្នក​អាច​ប្រើ​ជំហាន​គីង្គក់ ពោល​គឺ​សន្សឹម​​ៗ​កុំបំបោល​។
ជា​ចុង​ក្រោយ អ្នក​ត្រូវ​ដឹង​ថា វិធី​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​គិត​ ក្នុង​ការ​ឲ្យ​មនុស្សស្រី​ចាប់​ផ្ដើម​មើល​ឃើញ​អ្នក គឺ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​នាង​ចែក​រំលែក​ការ​សប្បាយ​រីក​រាយ​ជាមួយ​នឹង​អ្នក​។