បំបាត់​អារម្មណ៍​ទុក្ខ​ព្រួយ​ជាមួយ​នឹង​កាហ្វេ​


មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឲ្យ​យើង​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​នា​ព្រឹក​ព្រលឹម​ដ៏​ស្រស់​ថ្លា​ប៉ុណ្ណោះ​ទេ កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ក្ដៅ​ដ៏មាន​ប្រជា​ប្រិយ​ភាព​បំផុត​នៅ​លើ​លោក​ ដែល​អាច​ជួយ​កំចាត់​នូវ​អារម្មណ៍​ធុញ​ថប់ តប់​ប្រម៉ល់ កើត​ទុក្ខ​បាន​ទៀត​ផង​។​
យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សហរដ្ឋ​អាមេរិក​បានឲ្យ​ដឹង​ថា ស្រ្ដី​ដែល​ផឹក​កាហ្វេ​ច្រើន​ជាង​មួយ​ពែង​ជា​រៀង​រាល់​ថ្ងៃ​ មាន​ការ​ទទួល​រងគ្រោះ​​ពី​ជំងឺ​ទុក្ខ​ព្រួយ​តិច​តួច​ណាស់ បើ​ប្រៀប​ធៀប​ជាមួយ​នឹងអ្នក​ដែល​មិន​ផឹក​កាហ្វេ​ ឬ​ផឹក​តិច​ជាង​នេះ​។​
លោក​វេជ្ជ​បណ្ឌិត Alberto Ascherio មក​ពី​សាកល​វិទ្យាល័យ​ Harvard School of Public Health ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​គ្រាន់​តែញ៉ាំ​កាហ្វេ​ក្នុង​កម្រិត​តិច​តួចប៉ុណ្ណោះ ក៏​អ្នក​អាច​ជៀស​ផុត​ពី​អារម្មណ៍​ទុក្ខ​ព្រួយ​បាន​ ពោល​គឺ​ធ្វើ​ឲ្យ​អ្នក​សកម្ម​ជាង​មុន និង​មាន​អារម្មណ៍ស្រស់​ស្រាយ​។
ដើម្បី​រកឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​នៃ​កាហ្វេ និង​អារម្មណ៍​ទុក្ខ​ព្រួយ ក្រុម​អ្នក​ស្រាវ​ជ្រា​វ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ស្រ្ដី​ជាង ៥ម៉ឺន​នាក់ ដែល​មាន​អាយុ​ជា​មធ្យម ៦៣​ឆ្នាំ​។
ការ​សិក្សា​នេះ​បាន​ធ្វើ​ស្រង់​ចម្លើយ​នៃ​សំណួរ​ដែល​សួរ​ស្រ្ដី​ទាំង​នោះ​ អំពី​បរមាណ​កាហ្វេ​ដែល​ពួក​គេ​ទទួល​ទាន នៅចន្លោះ​ឆ្នាំ ១៩៩៦ ដល់ ២០០៦​។
ក្នុង​កំឡុង​ពេល​១០ឆ្នាំ​នៃ​ការ​ស្រាវ​ជ្រាវ​នេះ ជា​លទ្ធ​ផលបាន​បង្ហាញ​​ថា ស្រ្ដី​ចំនួន ២៦០៧នាក់ បាន​ទទួល​ការ​រង​គ្រោះ​ដោយ​សារ​ជំងឺ​កើត​ទុក្ខ​ តប់​ប្រម៉ល់​។
ការ​សិក្សា​នេះ​បាន​រកឃើញ​ថា ស្រ្ដី​ដែល​ផឹក​កាហ្វេ​ពី​៤ពែងឡើង​ទៅក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​វិវឌ្ឍ​​ទៅ​រកជំងឺ​ទុក្ខ​ព្រួយ​បាន​ដល់​ទៅ ២០ភាគ​រយ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ដែល​ញ៉ាំ​តិច​ជាង​មួយ​ពែង​ក្នុង​មួយ​សប្ដាហ៍​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ស្រា​វ​ជ្រាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​សិក្សា​ផ្សេង​ទៀត ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឡើង​ ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​អត្ថ​ប្រយោជន៍​នៃ​កាហ្វេ​។




Related posts





Share/Bookmark