ជាតិវីតាមីនដេ ដែលទទួលបានពីពន្លឺព្រះទិត្យ ត្រូវបានល្បីខ្ទរខ្ទរថាអាចព្យាបាលជំងឺជាច្រើន នៅពេលនេះការស្រាវជ្រាវថ្មីមួយទៀត ក៏បានរកឃើញបន្ថែមទៀតថា ពន្លឺព្រះអាទិត្យអាចប្រឆាំងនឹងជំងឺមហារីកបាន ជាពិសេសគឺជំងឺមហារីកសុដន់របស់ស្រ្ដី។
យោងតាមក្រុមអ្នក ស្រាវជ្រាវជនជាតិកាណាដា បានឲ្យដឹងថា ស្រ្ដីដែលចំណាយពេលបីម៉ោងក្នុងមួយថ្ងៃនៅក្រោមពន្លឺព្រះអាទិត្យ អាចកាត់បន្ថយហានីភ័យនៃការកើតជំងឺមហារីកសុដន់បានដល់ទៅជិត ៥០ភាគរយឯណោះ។
ការសិក្សាស្រាវជ្រាវនេះ បានរកឃើញថា ការស្រូបយកនូវពន្លឺព្រះអាទិត្យឲ្យបានទៀងទាត់ អាចជម្រុញនូវផលិតកម្មនៃវីតាមីនដេ ដែលជួយប្រយុទ្ធប្រឆាំងនឹងឱកាសនៃការវិវឌ្ឍន៍ទៅរកជំងឺមហារីក។ ការធ្វើពិសោធន៍នៅមន្ទីរពិសោធន៍ ក៏បានបញ្ជាក់ឲ្យដឹងដែរថា
កោសិកាសុដន់ មានលទ្ធភាពអាចបំឡែងវីតាមីនដេ ឲ្យទៅជាអ័រម៉ូន ដែលប្រឆាំងនឹងមេរោគមហារីកបាន។ក្រុមអ្នកស្រាវជ្រាវដែលមក ពីសាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដានេះ បានបញ្ជាក់ថា លទ្ធផលនៃការស្រាវជ្រាវដ៏ធំនេះ បានបង្ហាញយ៉ាងច្បាស់ក្រឡែតថា ការចំណាយពេលនៅខាងក្រៅអគារ (ត្រូវកំដៅថ្ងៃ) គឺទាក់ទងយ៉ាងខ្លាំងទៅនឹងការកាត់បន្ថយហានីភ័យនៃការកើតជំងឺ មហារីកសុដន់។ កាន់តែពិសេសជាងនេះទៀត វីតាមីនដេ (D) ដែលបានពីពន្លឺព្រះអាទិត្យ នឹងអាចកាត់បន្ថយនូវកម្រិតគ្រោះថ្នាក់នៃប្រភេទមហារីកជាច្រើន មិនមែនត្រឹមតែមហារីកសុដន់មួយមុខនោះទេ។
ការស្រាវជ្រាវ នេះ បានធ្វើឡើយក្នុងទ្រង់ទ្រាយដ៏ធំ ដោយមានការចូលរួមពីអ្នកកើតជំងឺមហារីកសុដន់ចំនួន ៣១០១នាក់ និងស្រ្ដីដែលមានសុខភាពល្អចំនួន ៣៤៧១នាក់។
ជាលទ្ធផល អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលចំណាយពេលនៅក្រោមពន្លឺព្រះអាទិត្យកាន់តែច្រើនម៉ោង កាន់តែមានភាគរយនៃការកើតជំងឺមហារីកសុដន់កាន់តែតិច។ លទ្ធផលនេះ គឺរាប់ចាប់តាំងពីស្រ្ដីវ័យក្មេង រហូតដល់ស្រ្ដីដែលមានវ័យលើស៦០ឆ្នាំ។
លោកវេជ្ជបណ្ឌិត Susie Jennings ដែលជាមន្រ្ដីគោលនយោបាយជាន់ខ្ពស់នៃវិទ្យាស្ថានមហារីកនៅកាណាដា បាននិយាយថា ខណៈពេលដែលការស្រាវជ្រាវដ៏សំខាន់នេះ បានរកឃើញបែបនេះក៏ដោយ ក៏គាត់មិនផ្ដល់យោបល់ឲ្យស្រ្ដីទាំងឡាយ ព្យាយាមចំណាយពេលច្រើនម៉ោង នៅក្រោមព្រះអាទិត្យដើម្បីកាត់បន្ថយគ្រោះថ្នាក់នោះឡើយ។
ស្រ្ដីក៏អាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់តាមរយៈការគ្រប់គ្រងទម្ងន់ របស់ខ្លួនឲ្យបានត្រឹមត្រូវ កាត់បន្ថយសារធាតុអាល់កុល ហើយនិងត្រូវ ហាត់ប្រាណឲ្យបានទៀងទាត់ ។
ក្រុមអ្នកជំនាញបាន ផ្ដល់យោបល់ថា ពេលវេលាល្អបំផុតដើម្បីស្រូបពន្លឺព្រះអាទិត្យគឺ ១០ទៅ ១៥នាទី ក្នុងមួយដង ហើយមួយសប្ដាហ៍បីដង គឺជាការប្រសើរ៕