ដូចដែលធ្លាប់បានដឹងរួចមកហើយថាទឹក គឺសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្ស ដូចជាជួយសម្រកទម្ងន់ បង្កើនការចងចាំ ឬជួយការពារ និងព្យាបាលជំងឺបានជាច្រើន ប៉ុន្ដែនៅពេលនេះ ក្រុមអ្នកជំនាញបានព្រមានថា ការញ៉ាំទឹកច្រើនពេក ពោលគឺចាប់ពី ៨កែវឡើងទៅក្នុងមួយថ្ងៃ គឺមិនល្អចំពោះសុខភាពយើងប៉ុន្មានទេ ហើយអាចនឹងមានគ្រោះថ្នាក់ទៀតផង។
ក្រុមអ្នកជំនាញដែលបានស្រាវជ្រាវរកឃើញផ្ទុយពីការអះអាងមុនៗនេះ បានផ្ដល់ដំបូន្មានថា យើងគួរតែញ៉ាំទឹកតែ ១,២លីត្របានហើយក្នុងមួយថ្ងៃ។
យ៉ាងណាមិញ របាយការណ៍នៃការស្រាវជ្រាវនេះ បានពិពណ៌នាថា គ្រោះថ្នាក់នៃការញ៉ាំទឹកតិច គឺមិនពិតនោះទេ ហើយភស្ដុតាងនៅពីក្រោយការអះអាងថាទឹកអាចការពារជំងឺបានច្រើនប្រភេទនោះក៏គ្មានដែរ។
អ្នកស្រី Margaret McCartney មកពីទីក្រុង Glasgow ចក្រភពអង់គ្លេសបាននិយាយថា មានគេហទំព័រសុខភាពមួយចំនួន បានណែនាំឲ្យមនុស្សញ៉ាំទឹកចាប់ពី ៦កែវ ទៅ៨កែវក្នុងមួយថ្ងៃ គឺមិនត្រឹមតែគ្មានន័យនោះទេ ប៉ុន្ដែថែមទាំងមិនល្អទៅវិញទេ។
សរសេរនៅក្នុងព្រឹត្តបត្រសុខភាពនៃចក្រភពអង់គ្លេស អ្នកស្រីបណ្ឌិតរូបនេះ ក៏បានចង្អុលបង្ហាញថា ការស្រាវជ្រាវនេះបានបង្ហាញថាការញ៉ាំទឹកនៅពេលអ្នកមិនស្រេកទឹក គឺអាចប៉ះពាល់ដល់ការផ្ដោតអារម្មណ៍របស់ខួរក្បាល (ផ្ទុយពីការរកឃើញមុនៗដែលថា ទឹកអាចជួយបង្កើនការផ្ដោតអារម្មណ៍របស់ខួរក្បាល) ហើយអ្វីដែលគ្រោះថ្នាក់ទៀតនោះ គឺសារធាតុគីមីដែលរកឃើញនៅក្នុងដបទឹកបរិសុទ្ធ ក៏ប៉ះពាល់សុខភាពផងដែរ។
ការស្រាវជ្រាវនេះក៏បានបង្ហាញឲ្យឃើញដែរថា ការញ៉ាំទឹកច្រើនពេក អាចនាំទៅដល់ការគេងមិនលក់ ដោយសារតែមនុស្សត្រូវក្រោកពីដំណេកដើម្បីទៅបន្ទប់ទឹក ហើយវាក៏នឹងបំផ្លាញក្រលៀនផងដែរ (ផ្ទុយពីការស្រាវជ្រាវមុនៗ ដែលរកឃើញថា ទឹកជំនួយក្រលៀន)។
សូមបញ្ជាក់ផងដែរថា ការទទួលទានទឹករបស់មនុស្សមានការកើនឡើងយ៉ាងច្រើននៅទូទាំងពិភពលោកនៅរយៈពេលចុងក្រោយនេះ ជាឧទាហរណ៍ នៅអង់គ្លេសក្នុងឆ្នាំ២០១០ ទឹកប្រមាណ ២,០៦ពាន់លានលីត្រត្រូវបានផឹក ប្រៀបធៀបជាមួយឆ្នាំ២០០០ មានតែ១,៤២ពាន់លានលីត្រប៉ុណ្ណោះ។ ទោះបីជាការផឹកទឹកមានការកើនឡើងក៏ដោយ ប៉ុន្ដែការផឹកតែ ក៏កើនឡើងបីដងដែរ ខណៈដែលការផឹកស្រាបៀក៏មានការកើនឡើងដល់ទៅ ៥ដងឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងពីការផឹកទឹកច្រើនមិនល្អចំពោះសុខភាពនេះ គឺគ្រាន់តែជាការស្រាវជ្រាវប៉ុណ្ណោះ ដូច្នេះប្រិយមិត្តអាចធ្វើការវិភាគបាន ថាទឹកល្អ ឬអាក្រក់។ ប្រិយមិត្តអាចបញ្ចេញជាមតិ យោបល់របស់ប្រិយមិត្តនៅក្នុងប្រអប់បញ្ចេញ យោបល់ ខាងក្រោមបានទាក់ទងនឹងការស្រាវជ្រាវនេះ!