អង្គការសម្រាប់មនុស្សចាស់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានរកឃើញថា មនុស្សចាស់ដែលអានសៀវភៅច្រើន អាចជួយឲ្យពួកគាត់បង្កើននូវការចងចាំបានល្អ។
ក្រុមអ្នកជំនាញបានលើកទឹកចិត្តឲ្យមនុស្សចាស់ទាំងឡាយ កុំបញ្ឈប់ការអានសៀវភៅឲ្យសោះ បើទោះបីជាឈានចូលវ័យជ្រេ ដែលជួបប្រទះនឹងបញ្ហាភ្នែកក៏ដោយ។
ក្រុមអ្នកជំនាញខាងសុខភាពទាំងនោះ បានរកឃើញផលប្រយោជន៍ជាច្រើន ក្នុងការអានសៀវភៅ ឬកាសែត ចំពោះមនុស្សដែលមានវ័យចំណាស់។
លោក Simone Helck មកពីអង្គការអាល្លឺម៉ង់មួយមានឈ្មោះថា Kuratorium Deutsche Altershilfe ដែលជាអង្គការជួយថែរក្សាចាស់ជរា បានប្រាប់ថា អានសៀវភៅបានធ្វើឲ្យមនុស្សចាស់
មានសមត្ថភាពបង្វែរពាក្យឲ្យទៅជារូបភាពនៅក្នុងខួរក្បាល ដែលនេះល្អចំពោះសកម្មភាពរបស់ខួរក្បាល។ ម្យ៉ាងវិញទៀត ការអានសៀវភៅអាចជួយឲ្យពួកគាត់បង្កើននូវការប្រើប្រាស់ភាសា និងសមត្ថភាពក្នុងការគិតថ្លឹងថ្លែង ដែលជាបញ្ហាដែលមនុស្សចាស់ភាគច្រើនកំពុងជួបប្រទះ។តើប្រិយមិត្តដឹងទេថា តើមានអ្វីកើតឡើងនៅក្នុងខួរក្បាលរបស់យើង នៅពេលដែលយើងអានសៀវភៅ?
យោងតាមលោក Manfred Gogol ដែលជាអ្នកជំនាញខាងខួរក្បាលនៅក្នុងប្រទេសអាល្លឺម៉ង់ បានថ្លែងថា ខួរក្បាលបានបង្កើតនូវបណ្តុំជួបគ្នាថ្មីនៃកោសិកាសរសៃប្រសាទ នៅពេលដែលខួរក្បាលមានសកម្មភាពដូចជាកំឡុងពេលអានជាដើម។
យោងតាមលោក Manfred Gogol ដែលជាអ្នកជំនាញខាងខួរក្បាលនៅក្នុងប្រទេសអាល្លឺម៉ង់ បានថ្លែងថា ខួរក្បាលបានបង្កើតនូវបណ្តុំជួបគ្នាថ្មីនៃកោសិកាសរសៃប្រសាទ នៅពេលដែលខួរក្បាលមានសកម្មភាពដូចជាកំឡុងពេលអានជាដើម។
លោក Gogol បានផ្តល់អនុសាស្រ្តឲ្យមនុស្សចាស់អានសៀវភៅ ដែលពួកគាត់ចូលចិត្ត ប៉ុន្ដែកុំព្យាយាមអានសៀវភៅដែលវែងៗពេក ដូចជាប្រលោមលោកជាដើម។
ប៉ុន្ដែការអានសៀវភៅក៏អាចប៉ះពាល់ដល់ភ្នែករបស់មនុស្សវ័យចាស់ផងដែរ ដូច្នេះដើម្បីជួយសម្រួលដល់ភ្នែករបស់ពួកគាត់ ចាំបាច់ត្រូវមានការបោះពុម្ភសៀវភៅដែលមានអក្សរធំៗ គម្លាតជួរទូលាយជាងមុន។ គូរបញ្ជាក់ថា នៅពេលនេះ ខាងអ្នកសកម្មជនមនុស្សចាស់ កំពុងស្នើរឲ្យមានការបោះពុម្ភសៀវភៅដែលមានអក្សរធំៗជាងមុន នៅទូទាំងពិភពលោក។
ទោះបីជាអ្នកស្រាវជ្រាវបានរកឃើញថា ការអានសៀវភៅជួយឲ្យខួរក្បាលរបស់មនុស្សចាស់ចងចាំបានល្អ ប៉ុន្ដែសៀវភៅគឺល្អ ចំពោះមនុស្សគ្រប់វ័យទាំងអស់ ដូចសុភាសិតរបស់ខ្មែរយើងមួយឃ្លា បានលើកឡើងថា “អានច្រើន ចម្រើនប្រាជ្ញា”។