ដូចដែលធ្លាប់បានដឹងហើយថា ជំងឺមហារីកសុដន់គឺជាជំងឺមហារីកមួយប្រភេទដែលមានគ្រោះថ្នាក់សម្រាប់ស្រ្ដីជាខ្លាំង ដោយសារតែវាបានឆក់យកជីវិតស្រ្ដីអស់ជាច្រើននាក់នៅទូទាំងពិភពលោក។
ទោះបីជា កត្តាចម្លងតាមរយៈប្រវត្តិគ្រួសារដែលធ្លាប់មានអ្នកកើតជំងឺនេះ មិនអាចទប់ស្កាត់បាន ប៉ុន្ដែនៅតែមានយុទ្ធសាស្រ្ដដ៏មានប្រសិទ្ធភាពដទៃទៀត ដែលអាចជួយកាត់បន្ថយហានីភ័យនៃមហារីកសុដន់នេះបាន។
ការពារប្រសើរជាងព្យាបាល ដូច្នេះខាងក្រោមនេះគឺជាវិធីសាមញ្ញមួយចំនួន ដែលអាចជួយអ្នក ឲ្យគេចផុតពីជំងឺនេះបាន៖
១- កុំជក់បារី និងកុំផឹកស្រា
ចូរព្យាយាមកាត់បន្ថយ ឬបញ្ឈប់តែម្ដងកាន់តែល្អ ប្រសិនបើអ្នកកំពុងតែជក់បារី និងផឹកគ្រឿងស្រវឹង។ ប្រសិនបើអ្នកមិនចង់ក្លាយជាមុខព្រួញនៃជំងឺនេះទេ ចូរកាត់បន្ថយ ឬបញ្ឈប់វាឲ្យបានទាំងពីរតែម្ដង។ ពិសេសជាងនេះទៀត វានឹងកាន់តែសំខាន់ ប្រសិនបើអ្នកមានសមាជិកគ្រួសារ ឬសាច់ញាតិដែលមានជំងឺនេះ។
ប្រសិនបើអ្នកចេះជក់ទាំងបារី ចេះផឹកទាំងស្រា នោះគ្រោះថ្នាក់មានកាន់តែច្រើន។
២- ហាត់ប្រាណ
ការសិក្សាបានបង្ហាញថា ការហាត់ប្រាណរយៈពេល ៣០នាទី ឬច្រើនជាងនេះ (ការដើរ ការឡើងជណ្ដើរធម្មតា ជំនួសជណ្ដើរយន្ត ឬការលេងកីឡាផ្សេងៗ) ឲ្យបាន៥ថ្ងៃ ឬលើសពីនេះក្នុងមួយសប្ដាហ៍។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកអាចមានការការពារយ៉ាងប្រសើរប្រឆាំងនឹងជំងឺមហារីកដោះ។
យោងតាមអ្នកជំនាញបានឲ្យដឹងថា សកម្មភាពបញ្ចេញញើស (ហាត់ប្រាណ) អាចធ្វើឲ្រប្រព័ន្ធភាពស៊ាំក្នុងរាងកាយអ្នកកាន់តែរឹងមាំ និងកាត់បន្ថយកម្រិតអ័រម៉ូន អេស្រ្ដូហ្សែនបានទៀតផង។
៣- លេបថ្នាំការពារ
ស្រ្ដីដែលមានអាយុក្រោម ៣៥ឆ្នាំ គួរតែទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញអំពីថ្នាំលេប ការពារជំងឺមហារីកដោះនេះ ព្រោះវាអាចជួយអ្នកកាត់បន្ថយការប្រឈមនៃជំងឺនេះបាន។
៤- បំបៅកូន
ការបំបៅកូនអ្នក ដោយដោះផ្ទាល់របស់អ្នក កាន់តែយូរ អត្រាគ្រោះថ្នាក់ក៏កាន់តែតិច។ ស្រ្ដីដែលបំបៅកូន យ៉ាងតិចមួយឆ្នាំ (សរុបកូនទាំងអស់) អាចកាត់បន្ថយហានីភ័យនៃការវិវឌ្ឍទៅរកជំងឺនេះបានប្រសើរជាងអ្នកដែលមិនបំបៅកូន។
៥- ត្រួតពិនិត្យសុដន់
ស្រ្ដីដែលមានអាយុចាប់ពី ២០ឆ្នាំ ទៅ៣៩ឆ្នាំ គួរតែទៅត្រួតពិនិត្យដោះរបស់ខ្លួន ឲ្យបានយ៉ាងតិចបំផុត មួយដងជារៀងរាល់រយៈពេលបីឆ្នាំម្ដង។ សម្រាប់ស្រ្ដីដែលមានអាយុ ៤០ឆ្នាំឡើងទៅ អាចទៅពិនិត្យឲ្យបានជារៀងរាល់ឆ្នាំ។
បន្ថែមលើនេះទៀត ចំពោះមនុស្សស្រីដែលមានអាយុ១៨ឆ្នាំឡើង គួរតែធ្វើការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ រយៈពេល ២ទៅ៣ថ្ងៃក្រោយវដ្ដរដូវ។