បញ្ហាលុយ​កាក់​ ធ្វើ​ឲ្យ​ស្រ្ដី​គេង​អត់​លក់​ពេល​យប់​


ហេតុ​អ្វី​ស្រ្ដី​ភាគ​ច្រើន​គេង​បាន​តិច​នៅ​ពេល​យប់​ ដោយ​សារ​តែ​ការ​គេង​មិន​លក់​? ចម្លើយនៃ​សំណួរ​នេះ​ ​ត្រូវ​បាន​បង្ហាញ​​ តាម​រយៈការ​ធ្វើ​ការ​ស្ទង់​មតិ​ថ្មី​មួយ​ ដោយ​រក​ឃើញ​ថា បញ្ហា​ហិរញ្ញ​វត្ថុ​គឺ​ជា​មូល​ហេតុ​ចម្បង​។ ការ​ស្ទង់​មតិ​​នេះ​បាន​បញ្ជាក់​ថា ​ភាគ​ច្រើននៃ​មនុស្ស​ស្រី​​ បាន​ខ្វល់​ខ្វាយ​ពី​បញ្ហាលុយ​កាក់​ ជា​ជាង​ការ​គិត​ពី​បញ្ហា​ស្នេហា​អូន​បង​ ឬ​បញ្ហា​អ្វី​ផ្សេង​ទៀត​។ ចំណែក​ឯ​បុរស​វិញ មិន​សូវ​យក​ពេល​គេង​ទៅ​គិត​រឿង​លុយ​នោះ​ទេ​។

ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ Catalyst Group បាន​បង្ហាញ​ថា លុយ​ គឺ​ជា​កត្តា​ព្រួយ​បារម្ភ​ទី​មួយ​ ដែល​បង្ក​ឲ្យ​មនុស្ស​ស្រី​ចំណាយ​ពេល​ជា​ច្រើន​នៃ​ដំណេក​របស់​ពួក​គេ​នា​ពេលយប់ ដើម្បី​គិត​ តាម​ពី​ក្រោយ​ដោយ​កត្តា​ស្រ្ដេស​នៅ​កន្លែង​ការងារ​។
សម្រាប់​ការ​សិក្សា​នេះ ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ស្ទង់មតិ​ទៅ​លើ​មនុស្ស​ច្រើន​ជាង ១០០០នាក់ ដែល​អាច​រក​ប្រាក់​ចំណូល​បានមធ្យម និង​មាន​អាយុ​ចន្លោះ​ពី ២៥ ទៅ​ ៤៩ឆ្នាំ​។
សំណួរ​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​សួរ​ទៅ​កាន់​អ្នកចូល​រួម​ជាង​១០០០នាក់​នេះ គឺ​ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​គេង​មិន​លក់​នា​ពេល​យប់​? ក្រោយ​ពី​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​ដែល​បាន​មក​ពី​ការ​ឆ្លើយ​សំណួរ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បញ្ហា​ហិរញ្ញវត្ថុ គឺ​ជាហេតុ​ផលធំ​ជាង​គេ​ទីមួយ​ ដែល​បាន​ធ្វើ​ឲ្យ​ស្រ្ដី​នៅ​បញ្ឈរ​ភ្នែក​នា​ពេល​យប់​ (ស្ដ្រី​៣០%​បាន​ឆ្លើយ​ដូច្នេះ​)។
ក្រៅ​ពី​​​ស្រ្ដី​ចំនួន​ ៣០ភាគ​រយ​ដែល​បាន​ឆ្លើយ​បែប​នេះ ស្រ្ដីប្រមាណ ១៨ភាគ​រយ​ក៏​បាន​ឆ្លើយ​ថា បញ្ហា​​អារម្មណ៍​ស្រ្ដេស​នៅ​កន្លែង​ធ្វើ​ការ​ងារ​គឺ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​គេង​មិន​សូវ​លក់​។
បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​ហ៊ុន​ Woman & Co ក៏​បាន​រក​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​បាន​បង្ហាញ​ថា ស្រ្ដី​ប្រមាណ ៦៦​ភាគ​រយ​ គឺ​ជា CFO (ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ)​ ប្រចាំ​ផ្ទះ ដូច្នេះ​វា​ជៀស​មិន​ផុត​នោះ​ទេ ដែល​ស្រ្ដី​ត្រូវ​ប្រើ​ខួរ​ក្បាល​ដើម្បីគិត​ពី​វា​ស្ទើ​តែ​គ្រប់​ពេលនោះ​។
ងាក​មក​និយាយ​ពី​បុរស​វិញ ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​ដែល​អ្នក​ស្ទង់​មតិ​សួរ​នោះ​ទេ ដោ​យ​ភាគ​ច្រើន​បាន​ឆ្លើយ​ថា​ " Nothing" ។
ដូច​ដែល​អ្នក​បាន​ជ្រាប​រួ​ច​ហើយ​ថា បញ្ហា​លុយ​កាក់​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ស្ទើតែ​លើ​មនុស្ស​គ្រប់​រូប ហើយ​ពេល​ខ្លះ​ការ​គិត​ខ្វល់​ខ្វាយ​នេះ បាន​បង្ករ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ និង​សុភ​មង្គល​ក្នុង​គ្រួ​សារ​ទៀត​ផង​។




Related posts





Share/Bookmark