"កូនក្មេងតូចអាយុក្រោម៥ឆ្នាំ ឬសូម្បីតែកូនង៉ាដែលមិនទាន់ចេះដើរ ក៏ត្រូវការការហាត់ប្រាណជាប្រចាំរៀងរាល់ថ្ងៃដែរ" នេះគឺជាការណែនាំថ្មីមួយរបស់នាយកដ្ឋានសុខាភិបាលរបស់អង់គ្លេស។ ក្រុមអ្នកជំនាញរបស់នាយកដ្ឋាននេះ បាននិយាយថា កូនក្មេងអាយុក្រោម៥ឆ្នាំ ដែលអាចដើរដោយខ្លួនឯងបាន គួរតែធ្វើសកម្មភាពហាត់ប្រាណឲ្យបានយ៉ាងតិចក៏ ៣ម៉ោងក្នុងមួយថ្ងៃដែរ។ មន្រ្ដីនៅនាយកដ្ឋានដដែលនេះ ក៏បានណែនាំឲ្យមាតាបិតាទាំងអស់ ត្រូវកាត់បន្ថយរយៈពេលនៃការអង្គុយនៅស្ងៀមរបស់កូនៗ ដូចជាអង្គុយមើលទូរទស្សន៍ជាដើម។
អត្រាកើនឡើងនៃក្មេងធាត់ កន្តឿ ក៏ជាក្ដីបារម្ភមួយផងដែររបស់សហរដ្ឋអាមេរិក ដែលជាកន្លែងដែលសម្បូរទៅដោយមនុស្សធាតុលើសទម្ងន់នោះ (មួយភាគបីនៃមនុស្សពេញវ័យ គឺធាត់លើសទម្ងន់)។ វិទ្យាស្ថានឱសថនៃសហរដ្ឋអាមេរិក បានណែនាំឲ្យក្មេងដែលមិនទាន់គ្រប់អាយុចូលរៀនទាំងអស់ ត្រូវចំណាយពេលយ៉ាងតិចក៏ ១៥នាទីដែរក្នុងមួយម៉ោង សម្រាប់ហាត់ប្រាណ។
ក្រុមអ្នកជំនាញទាំងអង់គ្លេស និងអាមេរិក បានថ្លែងថា មាតាបិតា គួរតែកំណត់ពេលឲ្យកូនរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយឲ្យពួកគេបញ្ចេញសកម្មភាពផ្សេងៗ ដូចជាដើរទៅសាលាជាដើម។ ការហាត់ប្រាណរបស់ពួកគេ មិនចាំបាច់ធ្វើឡើងជាប់គ្នារាប់ម៉ោងក៏បានដែរ ពោលគឺអាចពង្រីកពេលវេលាហាត់ប្រាណបានពេញមួយថ្ងៃ។
ចំពោះកូ នក្មេងដែលមិនទាន់ចេះដើរវិញ ឪពុកម្ដាយ គឺជាអ្នកដើរតួនាទីក្នុងការនាំពួកគេឲ្យហាត់ប្រាណ។ ការយកដៃរបស់ពួកគេលេងពោះខ្លួនឯង ឬលេងអ្វីផ្សេងទៀត ក៏ជាផ្នែកនៃការហាត់ប្រាណផងដែរ។ ប្រសិនបើឪពុកម្ដាយទាំងឡាយធ្វើតាមការណែនាំនេះមែន នោះកូនរបស់ពួកគេ នឹងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។
Maura Gillespie ដែលជាប្រធានមជ្ឈមណ្ឌលមូលនិធិបេះដូងនៃចក្រភពអង់គ្លេស បាននិយាយថា ឪពុកម្ដាយ ត្រូវណែនាំកូនៗឲ្យចេះលេងអ្វីដែលបញ្ចេញសកម្មភាពរាងកាយ ដើម្បីការពារពួកគេពីការធាត់ជ្រុលនៅពេលធំដឹងក្ដី ដែលអាចបណ្ដាលឲ្យកើតជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺមហារីកមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា ជិតមួយភាគបួននៃមនុស្សពេញវ័យនៅអង់គ្លេស គឺជាមនុស្សដែលធាត់ជ្រុល ដែលអ្នកជំនាញបានទស្សន៍ទាយថា នៅឆ្នាំ២០៥០ មនុស្សពេញវ័យដល់ទៅ ៩០ភាគរយ នឹងធាត់លើសទម្ងន់។
ចំពោះកុមារអាយុចាប់ពី ៥ឆ្នាំ ទៅ១៨ឆ្នាំវិញ អ្នកជំនាញបានណែនាំឲ្យហាត់ប្រាណយ៉ាងតិច ១ម៉ោង ក្នុងមួយថ្ងៃ ដើម្បីពង្រឹងសាច់ដុំ និងឆ្អឹង។
សរុបមកវិញ ការហាត់ប្រាណ ពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ តាំងពីកើត រហូតដល់ចាស់ជរា។ គួរឆ្លៀតពេលខ្លះដើម្បីហាត់ប្រាណ បើទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ដើម្បីសុខភាពល្អ!