ការសិក្សារបស់អ្នកស្រាវជ្រាវជនជាតិអាទ្បឺម៉ង់បានធ្វើការសន្និដានថា ម្តាយដែលមានភាពតានតឹងនៅក្នុងខ្លួនអាចមានឥទ្ធិពលមិនល្អដល់កូនដែលនៅក្នុងផ្ទៃ ហើយអាចប៉ះពាល់ដល់ក្មេងនោះអស់មួយជិវិតផងដែរនៅពេលដែលវាកើតចេញពីផ្ទៃរបស់គាត់។ ក្រុមអ្នកស្រាវជ្រាវឃើញថា សរសៃប្រាសាទមួយសំរាប់ទទួលភាពតានតឹងពីម្តាយរបស់វា មានការផ្លាស់ប្តូរលក្ខណៈនៃជីវវិទ្យា ប្រសិនបើម្តាយមានអារម្មណ៍តានតឹងខ្លាំង ឧទាហរណ៍ ដូចជាមានអំពើហឹង្សានៅក្នុងគ្រួសារ។
យើងមិនដឹងថាវាផ្លាស់ប្តូរយ៉ាងម៉េចឲ្យបា្រកដនោះទេ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្រសិនបើម្តាយទទួលនូវភាពតានតឹង(Stress)ច្រើន កូនដែលកើតមកអាចមិនមានសមត្តភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយនូវភាពតានតឹងដែលវាប្រឈមមុខនោះទេ។ ត្រង់ចំណុចនេះគេចង់និយាយថា កូននោះអាចជួបនឹងបញ្ហា ទាក់ទងនឹងខួរក្បាល(សរសៃប្រសាទ) និង អាកប្បកិរិយាមិនប្រក្រតី។
សូមបញ្ជាក់ដែរថា ការសិក្សានេះគឺគេធ្វើទ្បើងចំពោះម្តាយតែ ២៥នាក់ប៉ុណ្ណោះ ហើយនឹងកូនរបស់ពួកគាត់ដែលមានអាយុចន្លោះពី ១០ទៅ ១៩ឆ្នាំ។
ការសិក្សានេះបានរកឃើញថា កូនដែលកើតពីម្តាយដែលរងនូវសំពាធខាងអារម្មណ៍ខ្លាំង កូននោះគឺងាយនឹងទទួលនូវភាពតានតឹងពីមជ្ឃដ្ឋានខាងក្រៅភ្លាមៗ ព្រោះវាធ្លាប់ជួបនឹងហេតុការណ៍នេះ ជាច្រើនដងមកហើយនៅពេលដែលវានៅក្នុងពោះម្តាយរបស់វា។
ការសិក្សាលើកក្រោយគេចង់សិក្សាលើចំនួនម្តាយច្រើនជាងនេះដើម្បីបញ្ជាក់ពី ការសន្នដ្ឋាននៃការស្រាវជ្រាវលើកនេះឲ្យបានច្បាស់ជាងមុន។
ទោះជាការសន្និដ្ឋាននេះមិនអាចធានាថាត្រូវ ១០០% ក៏យើងមិនគួរធ្វើឲ្យម្តាយដែលមានកូនពិបាកចិត្តនោះដែរ ព្រោះថាការមានគក៌ មិនមែនជារឿងងាយស្រួលទេ។ ប្រសិនបើម្តាយសប្បាយចិត្ត កូនក៏ត្រូវតែសប្បាយចិត្តដែរ ព្រោះថាកូននៅក្នុងពោះម្តាយ មិនមែននៅក្នុងកែវឯណា។